១១យ៉ាងត្រូវដឹងកុំភ្លេច ពេលធ្វើដំណើរតាមយន្តហោះ ជៀសវាងខកជើង ឬខ្មាសគេ
- 2018-10-17 03:02:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១១យ៉ាងត្រូវដឹងកុំភ្លេច ពេលធ្វើដំណើរតាមយន្តហោះ ជៀសវាងខកជើង ឬខ្មាសគេ
ឈានជើងចូលព្រលានយន្តហោះ ដើម្បីធ្វើដំណើរជាលើកដំបូងតាមរយៈបក្សីស្លាបដែក មិនថាមនុស្សវៃឆ្លាតប៉ុណ្ណា ក៏មិនអាចដឹងច្បាស់គ្រប់រឿងឡើយ។ មានចំណុចជាច្រើនដែលយើងគួរដឹងឲ្យច្បាស់ ដើម្បីបង្ការកុំឲ្យប្រព្រឹត្តខុសនូវបម្រាមណាមួយ និងជៀសវាងមានបញ្ហាផ្សេងៗអំឡុងពេលរង់ចាំការហោះហើរ។ ខាងក្រោមនេះ ជាការចែករំលែកចំណុចសំខាន់មួយចំនួន ពីលោក សេង វិសិដ្ឋ ជាបុគ្គលិកកំពុងធ្វើការផ្នែក Hostess Agent (CAMS, PPIA) នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖
**១. ហាមឲ្យបងប្អូនសាច់ញាតិជូនដំណើរទៅចូលក្នុងTerminal៖** បងប្អូន និងជនដែលមិនមែនជាអ្នកដំណើរមិនអនុញ្ញាតឲ្យចូលក្នុង Terminal (បរិវេណក្នុងអគារ) ឡើយ អាចជូនដំណើរបានត្រឹមមាត់ទ្វារ departure ប៉ុណ្ណោះ។ ប្រសិនបើនាំបងប្អូនចូលទៅ នោះប្រាកដជាអ្នករក្សាសណ្ដាប់ធ្នាប់នៅទីនោះ ស្នើឲ្យចេញក្រៅវិញមិនខាន។
២. ក្នុងបម្រាមរបស់ Cambodia Airport មិនអនុញ្ញាតឲ្យជក់បារី ក្នុង Terminal ទេ។
៣. ប្រយ័ត្នទៅតម្រង់ជួរខុសជើងហោះហើរ៖ មើលលេខ Counter និងម៉ោង ហោះហើរ លើ Information Screen ឲ្យបានច្បាស់ មុនទៅឈរតម្រង់ជួរ ចៀសវាងខកម៉ោង និងខាតពេល។ ករណីនេះអាចមានអ្នកយល់ច្រឡំថា ទៅតម្រង់នៅជួរខាងណាក៏បាន តែមិនដូច្នោះឡើយ គឺមានទៅតាមជើងហោះហើរតាមក្រុមហ៊ុននីមួយៗ។
៤. តិចច្រឡំដាក់ទឹកផ្លែឈើ ទឹកដោះគោ ប្រយ័ត្នខ្មាសគេ៖ វត្ថុរាវ និងជាតិទឹកផ្សេងៗមិនអនុញ្ញតឲ្យយកតាមខ្លួនលើសពី ១០០ ml ឡើយ ចៀសវាងបុគ្គលិក XRay ឃាត់ដកទុក។
៥. បន្ទាប់ពី Check In ហើយ៖ អ្នកដំណើរត្រូវរួសរាន់ឡើងទៅរង់ចាំឡើងយន្តហោះ ទៅតាមម៉ោងកំណត់ ចៀសវាងខកដំណើរ ដោយសារតែត្រូវឆ្លងកាត់ដំណាក់កាលច្រើន។
៦. បំពេញឯកសារឲ្យបានត្រឹមត្រូវ៖ មុននឹងតម្រង់ជួរដើម្បីឲ្យប៉ូលិសអន្តោប្រវេសន៍វ៉ៃត្រាចេញដំណើរ ត្រូវប្រាកដថាខ្លួនបំពេញឯកសារសព្វបែបយ៉ាងរួចរាល់។
៧៖ ពេលឆ្លង Xray៖ ត្រូវដោះកាបូប ខ្សែក្រវ៉ាត់ ស្បែកជើង ទូរសព្ទ អាវក្រៅ កាបូបលុយ មួក ដាក់ស្កេនទាំងអស់។
៨. ត្រូវប្រាកដថាខ្លួនទៅអង្គុយរង់ចាំចំទ្វារឡើងយន្ដហោះដែលខ្លួនធ្វើដំណើរ៖ ត្រូវប្រយ័ត្នព្រោះ ការឡើងយន្តហោះនឹងត្រូវធ្វើឡើងមុនម៉ោងហោះយ៉ាងតិច៣០នាទី ហើយទ្វារនឹងត្រូវបិទយ៉ាងតិច១៥នាទីមុន ចៀសវាងយន្តហោះបិទទ្វារចោល។
៩. ព្យាយាមផ្ទៀងស្ដាប់ការប្រកាសផ្សេងៗឲ្យច្បាស់៖ សុទ្ធតែជាព័ត៌មានសំខាន់ៗ ដូចជា បម្រាម ការប្ដូរច្រកទ្វារចេញដំណើរ ការប្ដូរម៉ោងហោះហើរ ព័ត៌មានអ្នកដំណើរជាដើម។
១០. មិនត្រូវឃ្លាតឆ្ងាយពីសម្ភារៈផ្ទាល់ខ្លួន
១១. ត្រូវថែរក្សា លិខិតឆ្លងដែន និងសំបុត្រយន្តហោះឲ្យបានល្អបំផុត៕
ចុចអាន៖ បើ Passport បាត់ ឬចោរលួចពេលធ្វើដំណើរនៅក្រៅប្រទេស ត្រូវអនុវត្ត ៣ ជំហាននេះ