ងាយ​ៗ! ចេក​ឆាប​ប្រឡាក់​ប័រ សាក​ធ្វើ​​ញ៉ាំ​ម្ដង​បាន​ដឹង​ឆ្ងាញ់​ជាប់​ចិត្ត​ប៉ុណ្ណា

  • 2018-10-15 03:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចេក​ឆាប​ក៏​ជា​អាហារ​ញ៉ាំ​លេង​ដែល​ពេញ​និយម​មួយ​ដែរ ប៉ុន្តែ​វិធី​ធ្វើ​របស់​វា​ គឺ​ងាយ​មិន​មាន​អី​ស្មុគ​ស្មាញ​ឡើយ។ ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​ញ៉ាំ​​ចេក​ឆាប​ដែល​គេ​ក្រឡុក​ជាមួយ​ស្ករ​ស​ធម្មតា ប៉ុន្តែ​ថ្ងៃ​នេះ​កញ្ញា​សូម​បង្ហាញ​ពី​ចេក​ឆាប​ដែល​​បន្ថែម​ប័រ​មួយ​មុខ​ទៀត​ដើម្បី​ឲ្យ​កាន់​តែ​មាន​ក្លិន​ឈ្ងុយ​គួរ​ឲ្យ​ចង់​ញ៉ាំ។ ចង់​ដឹង​ថា​វិធី​ធ្វើ​មាន​ដំណាក់កាល​បែប​ណា​ខ្លះ សូម​តាមដាន​ខាង​ក្រោម​នេះ​ដូច​តទៅ៖

គ្រឿង​ផ្សំ

  • ចេក​ណាំវ៉ា​ខ្ចី ១ស្និត

  • ទឹក​កំបោរ (សម្រាប់​ត្រាំ​ចេក)

  • ទឹក​សាប ៣ស្លាបព្រាបាយ

  • ស្ករស ១កូនចាន​

  • អំបិល​ម៉ដ្ឋ ១ស្លាបព្រាកាហ្វេ

  • ប័រ​ ២ស្លាបព្រាបាយ

  • ប្រេង​សណ្ដែក​សម្រាប់​បំពង

វិធី​ធ្វើ

១. យក​ចេក​ណាំវ៉ា​ខ្ចី​មក​បក​សម្បក ហើយ​ហាន់​ជា​ចំណិត​ស្ដើង​​ៗ ដាក់​ត្រាំ​ទឹក​កំបោរ​ថ្លា ប្រមាណ ២ទៅ​៣​ម៉ោង ទើប​ស្រង់​ទុក​ឲ្យ​ស្រស់​ទឹក។

២. យក​ខ្ទះ​ដាក់​ខ្លាញ់​បើក​ភ្លើង​ឲ្យ​ក្ដៅ​ ដាក់​ចេក​បំពង​រហូត​ដល់​ឆ្អិន​ មាន​ពណ៌​លឿង​ស្រួយ​ល្អ​ រួច​ដួស​ទុក​ឲ្យ​ស្រស់​ខ្លាញ់។

៣. យក​ខ្ទះ​បើក​ភ្លើង​ឲ្យ​ក្ដៅ​ល្មម​ រួច​ដាក់​ទឹក​សាប ស្ករ​ស និង​អំបិល​ម៉ដ្ឋ​កូរ​ឲ្យ​រលាយ​ចូល​គ្នា។ កូរ​ស្ករស​រហូត​រលាយ​ចេញ​ពពុះៗ រួច​ដាក់​ចេក​ដែល​បំពង​ហើយ​ចូល​កូរ​ក្រឡុក​ឲ្យ​សព្វ ហើយ​សឹម​ដាក់​ប័រ​កូរ​ឲ្យ​សព្វ​ម្ដង​ទៀត។

៤. ដួស​ដាក់​ចាន​ជា​ការ​ស្រេច​ អាច​ពិសា​បាន​កាន់​តែ​ឆ្ងាញ់​ជាមួយ​ភេសជ្ជៈ​ក្ដៅ​ៗ។ ដើម្បី​កាន់​តែ​ងាយ​ស្រួល សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

  ចុចអានបន្ត៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម