តោះសាក​ល្បង​ធ្វើអ្វី​ថ្មី​ក្នុង​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​

  • 2018-10-05 09:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុណ្យ​ភ្ជុំ​បិណ្ឌ​ក្រៅ​ពី​ធ្វើដំណើរ​ទៅ​ជួប​ជុំ​គ្រួសារ​ និង​យក​ចង្ហាន់​ទៅ​វត្ត​ហើយ​ ដើម្បី​ឲ្យ​ការ​ឈប់​សម្រាក​នេះ​រឹត​តែ​មាន​ន័យ​ អាច​សាក​ល្បង​គម្រោង​សម្រាប់​ទៅ​វត្ត​ពិសេសៗ​ដែល​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ចំនួន​ខាង​ក្រោម​នេះ៖​​​

១. ទៅ​វត្ត​ដែល​នៅ​ដាច់​ស្រយាល​៖​

ទៅ​វត្ត​ធ្វើ​បុណ្យ​ ហើយ​បើ​ទៅ​ធ្វើ​បុណ្យ​ជាមួយ​វត្ត​ដែល​កំពុង​ជួប​ភាព​ខ្វះ​ខាត​ផង​ នឹង​បាន​បុណ្យ​កាន់​តែ​ច្រើន​។​ មាន​វត្ត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​យើង​ដែល​ពុំ​សូវ​មាន​ឈ្មោះ​ល្បី​ល្បាញ​ ឬ​ក៏​មិន​សូ​វ​មាន​អ្នក​ចាច់​អារម្មណ៍​ទៅ​​ ដូចនេះ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ​អាច​យក​ចង្ហាន់​ឬ​បច្ច័យ​ទៅ​ធ្វើ​បុណ្យ​សន្សំ​កុសល​ជាមួយ​វត្ត​ទាំង​នោះ​ក៏​ជា​ការ​ល្អ​ដែរ ព្រោះ​​បាន​ផ្លាស់​ប្ដូរ​បរិយាកាស និង​​​បាន​ធ្វើ​បុណ្យ​ចំ​កន្លែង​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ខ្លាំង​។​

២. ទៅ​វត្ត​ដោយ​ជិះ​ឡាន​ក្រុង​៖​

នៅ​ក្នុង​ក្រុង​ភ្នំពេញ​មាន​ខ្សែ​រថយន្ត​ក្រុង​រហូត​ទៅ​ដល់​១៣​ខ្សែ​ដែល​អាច​ជូន​ទៅ​ដល់​ស្ទើរ​គ្រប់​ទី កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​​ ។​សម្រាប់​អ្នក​ដែល​ចង់​ទៅ​វត្ត​ក្នុង​ក្រុង​ភ្នំពេញ​ឆ្នាំនេះ​ អាច​សាក​ល្បង​ជ្រើស​រើស​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក្រុង​បាន​ព្រោះ​ ចំណាយ​តិច​ ត្រជាក់​ស្រួល ការពារ​ភ្លៀង​​ ហើយ​ណាមួយ​បាន​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ផង​។​​

៣. ទៅ​វត្ត​ជាមួយ​មិត្ត​ចាស់​ៗ៖​

នឹក​មិត្ត​​ធ្លាប់​រៀន​ជាមួយ​គ្នា​តាំង​ពី​ជំនាន់​វិទ្យាល័យ ដែល​បែក​គ្នា​យូរ​ទេ?​ បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​ជា​ឱកាស​ល្អ​ដែល​អាច​ហៅ​មិត្ត​ចាស់ៗ​ជួបជុំ​ទៅ​វត្ត​ធ្វើ​បុណ្យ​ជាមួយ​គ្នា រំលឹក​អនុស្សាវរីយ៍​ចាស់ៗ​ហើយ​បង្កើត​ការ​ចងចាំ​ល្អ​ៗ​ជា​ថ្មី​ទៀត​។​

៤. កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​ក្នុង​វត្ត៖​ ឆ្នាំ​២០១៨​នេះ មាន​សកម្មភាព​ជា​ច្រើន​ដែល​គាំទ្រ​នូវ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ ដើម្បី​សម្អាត​បរិស្ថាន​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​។​ ការ​ទៅ​វត្ត​ដោយ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​តិច​ ឬ​មិន​ប្រើប្រាស់​វា​តែ​ម្ដង​ ជា​គំរូ​ល្អ​មួយ​ដែល​គាំទ្រ​ដល់​ការ​គិត​ឡើង​វិញ​ពី​ការ​ប្រើប្រាស់​​ថង់​ប្លាស្ទិក​ដ៏​ច្រើន​លើស​លុប​ក្នុង​ប្រទេស​របស់​យើង​ និង​ជួយ​ថែ​រក្សា​បរិស្ថាន​ក្នុង​កំឡុង​រដូវ​កាល​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ផង​ដែរ​។​​​​​​​​

ចុះ​អ្នក​មាន​គម្រោង​អ្វី​ពិសេស​សម្រាប់​ធ្វើ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ដែរ​ឬ​ទេ?

អត្ថបទ៖ Khuon Sovanvatey