ទាំងនេះជាកំហុស៦យ៉ាង ពេលស្លៀកសំពត់ដែលធ្វើឲ្យរាងអាក្រក់មើលខ្លាំង
- 2018-11-12 22:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាកំហុស៦យ៉ាង ពេលស្លៀកសំពត់ដែលធ្វើឲ្យរាងអាក្រក់មើលខ្លាំង
ស្លៀកសំពត់បង្ហាញពីភាពជាស្រីភេទ ទន់ភ្លន់មើលទៅទាក់ទាញគួរឲ្យស្រលាញ់។ ប៉ុន្តែការជ្រើសរើសម៉ូដសំពត់ដែលសក្ដិសមស៊ីនឹងរាងរៅកម្ពស់ ជាអ្វីដែលស្រីៗយើងមួយចំនួនមិនបានគិតដល់។ ទាំងនេះជាកំហុស ៦យ៉ាងដែលស្រីៗធ្វើពេលស្លៀកសំពត់ ដែលមិនត្រឹមតែមិនជួយលើកសម្រស់នោះទេ តែធ្វើឲ្យឃើញរូបរាងអាក្រក់មើលថែមទៀតផង។
១. រើសស្បែកជើងមិនស៊ីគ្នាជាមួយម៉ូដសំពត់
កំហុសឆ្គងដែលស្រីៗយើងចំណាំធ្វើពេលស្លៀកសំពត់ គឺពាក់ស្បែកជើងមានពណ៌ផ្ទុយគ្នាជាមួយសំពត់។ មិនត្រឹមតែបែបនេះទេ អ្នកខ្លះជ្រើសរើសប្រភេទស្បែកជើងមិនសមស្របទៀតផង។ អ្វីដែលត្រឹមត្រូវគឺសំពត់វែងត្រូវជាមួយស្បែកជើងកែង ចំណែកសំពត់ខ្លីគួរពាក់ស្បែកជើងរាបស្មើ។ ពណ៌ស្បែកក៏ត្រូវឲ្យស៊ីនឹងសំពត់ផងដែរ តែអ្នកអាចប្រើពណ៌សាច់ស្ដើងខ្ចី (Nude) ដែលជាពណ៌មិនរើសម៉ូដសំពត់។
២. ស្លៀកសំពត់ឬរ៉ូបរឹបស្ដើងកុំប្រើខោទ្រនាប់ពណ៌ដិតនិងមានគែម
អ្នកខ្លះមិនប្រយ័ត្នស្លៀកសំពត់ឬរ៉ូបរឹបខ្លាំង តែស្លៀកខោទ្រនាប់ពីក្នុងពណ៌ដិត ហើយមានគែមជើង ដែលធ្វើឲ្យចេញស្នាមខោក្នុងនោះនៅលើសំពត់។ ដូច្នេះអ្នកគួរតែជ្រើសរើសខោទ្រនាប់ពណ៌សាច់ដែលគ្មានគែមជើង។
៣. ជ្រើសរើសសំពត់តាមរូបរាង
មនុស្សស្រីរាងទាប គួរស្លៀកសំពត់លើក្បាលជង្គង់ ដើម្បីឲ្យឃើញជើងវែង និងចៀសវាង សំពត់វែងប៉ោងដែលធ្វើឲ្យមើលទៅឃើញធាត់។ ចំពោះមនុស្សស្រីកម្ពស់ខ្ពស់គួរជ្រើសរើសសំពត់វែង ហើយពាក់ស្បែកជើងកែង។ ម៉្យាងទៀតចៀសវាងសំពត់សាច់រឹង ព្រោះវានិងធ្វើឲ្យមើលទៅមិនស្អាត។
៤. យល់ដឹងពីសាច់ក្រណាត់សំពត់
គូរជ្រើសរើសសំពត់មានសាច់ក្រណាត់ទន់ និងរលាស់ ហើយជៀសវាងក្រណាត់ស្ដើងរឹង ព្រោះវាងាយជ្រួញហើយពិបាកអ៊ុតណាស់។ម៉្យាងទៀត សំពត់សាច់ជ្រូញធ្វើឲ្យមើលទៅដូចអ្នកគ្មានសណ្តាប់ធ្នាប់ ហើយមើលទៅតម្លៃថោក ទោះអ្នកចំណាយលុយច្រើនដើម្បីទិញក៏ដោយ។
៥. កុំចេះតែដើរតាមម៉ូដ
ចង់ស្លៀកសំពត់ឲ្យបានស្អាត ត្រូវស្គាល់រាងរៅខ្លួនឯងឲ្យបានច្បាស់ និងដឹងថាស្លៀកអ្វីសម ហើយអ្វីមិនសម។ ចៀសវាងការនិយមចូលចិត្តលេងម៉ូដសំពត់តាមសម័យកាលពេក ដែលពេលខ្លះស្លៀកមិនសមនឹងរាងឡើយ។
៦. ស្លៀកសំពត់រ៉ូបឲ្យសមតាមកាលៈទេសៈ
ជ្រើសរើសម៉ូដសំពត់ស្លៀកឲ្យត្រូវតាមកម្មវិធី ដូចជាបើធ្វើការគួរស្លៀកសំពត់ស្វារ៉េ មានឆែកបន្តិច។ តែបើដើរលេងឬជួបលៀងគួរស្លៀកសំពត់ម៉ូដវ៉ាល់ មានម៉ូដរំលេចស្រស់ស្អាតផងដែរ។
ចុចអាន៖តិចនិកជ្រើសរើសនិងពាក់ស្បែកជើងកែងមិនឱ្យឈឺជើង ទោះដើរឬឈរយូរប៉ុណ្ណាក៏ដោយ