មិត្តភ័ក្ដិ​៥​ប្រភេទ​ដែល​អ្នក​នឹង​ទៅ​វត្ត​ជាមួយរដូវ​ភ្ជុំ​នេះ

  • 2018-10-04 23:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ឆ្នាំ​បុណ្យ​ភ្ជុំបិណ្ឌ​​ម្ដង​ នាំ​គ្នា​ទៅ​វត្ត​ជាមួយ​មិត្ត​ភក្ដិ​ ឬ​ក្រុម​គ្រួសារ​​ ដើម្បី​ធ្វើ​បុណ្យ​ផង​នឹង​បាន​សាង​​​អនុស្សាវរីយ៍​និង​ភាព​សប្បាយ​រីករាយ​ជា​មួយ​គ្នា​អោយ​បាន​ច្រើន​។ ​បរិយាកាស​ទៅ​វត្ត​កាន់​តែ​សប្បាយ​រីករាយ បើ​សិន​ជា​អ្នក​បាន​ទៅ​វត្ត​ជាមួយ​​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​៥​ប្រភេទ​នេះ ​៖​ ​​​​​​​​

១​.​ អ្នក​ទៅ​វត្ត​លើក​ដំបូង​

អ្នក​ណា​ក៏​ធ្លាប់​មាន​លើក​ដំបូង​ដែរ​ គ្នា​យើង​ដែល​មិន​ដែល​ទៅ​វត្ត​សោះ​នឹង​ជួប​ប្រ​ទះ​រឿង​ទាំង​អស់​នេះ​ពេល​ដែល​​ទៅ​វត្ត​លើក​ដំបូង​ ដូច​ជា​ ​មិន​សូវ​ដឹង​ពី​របៀប​របប​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ មិន​ដឹង​ថា​ចូល​វត្ត​គេ​ធ្វើ​ម៉េច​ខ្លះ​ ហើយ​​រណ្ដាប់​ប្រគេន​ព្រះ​សង្ឃ​គួរ​តែ​មាន​អ្វី​ខ្លះ​ទៀត​។​ បើ​អ្នក​ទៅ​វត្ត​ជាមួយ​មនុស្ស​ប្រភេទ​នេះ​ ប្រៀប​ដូច​ជា​យក​កូន​តូច​ទៅ​ជាមួយ​អញ្ចឹង​។​ ដូចនេះ​ហើយ​ជួយ​ណែនាំ​គាត់​ពី​ទំនៀម​ទម្លាប់​នៃ​ការ​ចូល​ក្នុង​វត្តអារាម​ផង​ណា​​។​

២. អ្នក​នាំ​ផ្លូវ​​

មគ្គុទ្ទេសក៍​​ប្រចាំ​វត្ត​​ គាត់​ណែនាំ​អោយ​​ស្គាល់​គ្រប់​កន្លុក​កន្លៀត​ក្នុង​វត្ត​ទាំង​អស់​ ហើយ​ថែម​ទាំង​ពន្យល់​ប្រាប់​តាំងពី​ប្រវត្តិ​ រឿង​រ៉ាវ លំនាំ​ដើម​ទង​តាំង​ពី​ចូល​ក្នុង​ក្លោង​ទ្វារ​វត្ត​ រហូត​ដល់​ចេញ​ទៅ​វិញ​ មិន​តែ​ប៉ុន​នឹង​ជូន​យើង​ដើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន​ក្បែរ​វត្ត​ទៀត​ ។​ អ្នក​បា​ន​ទៅ​វត្ត​ជាមួយ​មនុស្ស​ប្រភេទ​នេះ​ សប្បាយ​ម្យ៉ាង​ព្រោះ​បាន​ទៅ​វត្ត​ធ្វើ​បុណ្យ​ហើយ​បាន​ដើរ​លេង​ទៀត​។​

៣.​ ស្រី​ស្អាត​

ជានិច្ច​កាល​ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ ស្រីៗ​គ្នា​យើង​តែង​តែ​ស្លៀក​សំលៀកបំពាក់​អាវ​ប៉ាក់​ស​ សំពត់​បត់​ ​តែង​ខ្លួន​ស្អាតៗ​ទៅ​វត្ត​​។​ អ្នក​បាន​ទៅ​ជាមួយ​ស្រី​ស្អាត​ នឹង​ក្លាយ​ជា​ទី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន​ដែល​បាន​ចូល​រួម​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​។​ មួយ​ឆ្នាំ​ភ្ជុំ​បិណ្ឌ​ម្ដង​ចាំ​កាល​ លេង​ខ្លួន​អោយ​ស្អាត​​ម្ដង តែ​ក៏​មិន​គួរ​ភ្លេច​គោរព​ប្រតិបត្តិ​នូវ​ទំនៀម​ទម្លាប់​​ចូល​ទី​វត្ត​អារាម​ផង​ណា​។​

៤.​​ គូ​គេ​

រដូវ​កាល​​បុណ្យ​ភ្ជុំ​បិណ្ឌ​អ្នក​មាន​គូ​ គេ​បណ្ដើរ​គូ​គេ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ជាមួយ​គ្នា​ហើយ​។​ ពេល​នោះ​ក៏​ជា​​ឳ​កាស​ល្អ​ក្នុង​ការណែនាំ​គូ​ស្នេហ៍​គេ​ទៅ​កាន់​មិត្ត​ភក្ត្រ​ ក៏​ដូច​ជា​​ក្រុម​គ្រួសារ​គេ​ផង​ដែរ​។​ បើ​អ្នក​មិនទាន់​មាន​គូ​បណ្ដើរគ្នា​ទៅ​វត្ត​ទេ​ កុំ​ច្រណែន​គេ​អី​ ព្យាយាម​បន្ត​ទៀត​ក្នុង​ឆ្នាំ​ក្រោយ​ណា។​

​៥.​ ស្ដេច​ថត​រូប​

មនុស្ស​ម្នាក់​នេះ​ប្រៀប​ដូចជា​ ជើង​កាមេរ៉ា​ដែល​ចេះ​ដើរ​អញ្ចឹង​ ​ដើរ​ថត​ អង្គុយ​ថត​ ឈរ​ថត ថត​រូប​អោយ​ច្រើន​ទុក​ បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ ក្នុង​ក្រុម​មាន​តែ​គាត់​ទេ​ពូកែ​ចាប់​ប្លង់ Selfie​ សា​រ៉េ​ពន្លឺ​អី​ អោយ​រូប​ចេញ​មក​ម៉ា​អ៊ែម​។​ ពេល​ទៅ​វត្ត​ បាន​មនុស្ស​​ម្នាក់​នឹង​ហើយ​ជួយ​ថតរូប​ក្រុម​ទុក​ជា​អនុស្សាវរីយ៍​អោយ​ បើ​អ្នក​ទៅ​វត្ត​ហើយ​ឃើញ​មនុស្ស​ម្នាក់​កាន់​ទូរស័ព្ទ​ឬ កាមេរ៉ា​ហើយ​អោន​ងើប​ៗ​នោះ​ ម្នាក់​នឹង​ហើយ​ជា​ស្ដេច​ថតរូប​។

អត្ថបទ៖ Khuon Sovanvatey