សម្រាប់​សិស្ស​ទើប​ចប់​បាក់​ឌុប! បើ​ចង់​រៀន​ជំនាញ​មួយៗ គួរ​ពិចារណា​សាលា​ណា​ខ្លះ

  • 2018-09-13 04:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​សិស្ស​ដែល​បាន​ប្រឡង​ចប់​បាក់ឌុប ហើយ​ត្រៀម​ខ្លួន​សម្រាប់​ចូល​ជីវិត​សកលវិទ្យាល័យ​នោះ​គឺ​ត្រូវ​គិត​គូរ​ឲ្យ​មែន​ទែន​សម្រាប់​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ ហើយ​សាលា​ដែល​ល្អ​សម្រាប់​ជំនាញ​ទាំង​នោះ។ យ៉ាង​ណា​មិញ​ការ​ជ្រើសរើស​សាលា​ពិត​ជា​រឿង​សំខាន់​មួយ​ដូច​គ្នា​ជាមួយ​ជំនាញ​ដែល​អ្នក​ជ្រើស ដូច្នេះ​អ្នក​អាច​ពិចារណា​ទៅ​តាម​ជំនាញ និង​សាលា​ដូច​ខាង​ក្រោម​នេះ៖

១. សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផ្នែកភាសា​បរទេស​នោះ​​គឺ​អាច​ប្រលងចូលរៀននៅ IFL បាន​ព្រោះ​នៅ​ទីនោះ​គឺ​ល្បី​ខាង​ភាសា មិន​ថា​ភាសា​អង់គ្លេស ភាសាចិន ជប៉ុន កូរ៉េ​ជា​ដើម។

មួយ​វិញ​ទៀត​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រកម្ពុជា (PUC) ក៏​ល្បីខាង​ផ្នែក​ភាសា​អង់គ្លេស​ដែរ ព្រោះ​នៅ​សាលា​នោះ​រៀន​ជា​ភាសា​អង់គ្លេស​តែ​ម្ដង។

២. ចំពោះ​អ្នក​ដែល​ចង់រៀន​ផ្នែក​ព័តមាន​វិទ្យា (IT) រឺចង់ក្លាយជាគ្រូផ្នែក អក្សរសាស្ត្រ គណិតវិទ្យា -ល-។ អ្នក​អាច​ជ្រើស​យក​សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ​បាន​។

៣. អ្នក​ដែល​ចង់រៀនផ្នែកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (Media) នោះកុំភ្លេចត្រៀមខ្លួនប្រលងនៅ DMC ដែល​មាន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។

សម្រាប់​សាលា​ឯកជន អ្នក​អាច​ជ្រើស​រើស​រៀន​នៅ​សាលា បញ្ញាសាស្ត្រ​ ឬ​សាកលវិទ្យាល័យ​កម្ពុជា ព្រោះ​នៅ​ទី​នោះ​ក៏​មាន​ជំនាញ​ផ្នែក​សារព័តមាន Business Communication និង ប្រព័ន្ទផ្សព្វផ្សាយទូលំទូលាយ( Mass​ Media)​ ផង​ដែរ។ លើស​ពី​នេះ​ដោយ​សាលា​​នេះយក​ភាសា​អង់គ្លេស​ជាគ្រឹះ ដូច្នេះ​អ្នក​នឹង​ពូកែ​ភាសា​អង់គ្លេស​ក្នុង​ពេល​តែ​មួយ។

៤. អ្នក​ដែល​ចង់រៀនផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល អាច​ជ្រើស​យក​សាលាតិចណូ ភូមិន្ទវិចិត្រសិល្បៈ និង​ ន័រតុន​បាន ព្រោះ​សាលា​ទាំង​នេះ​សុទ្ធ​តែ​ច្បាស់លាស់​ខាង​ផ្នែក​នេះ។

៥. សម្រាប់​អ្នក​ដែល​ចង់រៀនពេទ្យ Doctor ធ្វើជាទន្តបណ្ឌិត រឺឱសថការី​នោះ​គឺ​អាច​ប្រឡង​ចូល​រៀន​នៅ​សាលាវិទ្យាសាស្ត្រសុខាភិបាល ព្រោះ​ទៅ​នោះ​ជា​សាលា​ដែល​ល្បី​ជាង​គេ​ផ្នែក​ខាង​វិស័យសុខាភិបាល​ហើយ។

មាន​ជម្រើស​ផ្សេង​ទៀត​អ្នក​អាច​រៀន​នៅ​សកលវិទ្យាល័យអន្តរជាតិ(IU) ​ក៏​បាន​ព្រោះ​នៅ​ទៅ​នោះ​ក៏​ច្បាស់​លើ​ជំនាញ​ទាំង​នេះ​ដែរ។

៦. បើ​អ្នក​ចង់រៀន​ខាងច្បាប់ និងសេដ្ឋកិច្ច ជម្រើស​ដ៏​ល្អ​​គឺ​​នៅ​សាលា ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) ព្រោះ​សាលា​នេះ​ត្រូវ​បាន​គេស្គាល់ទូលំទូលាយ​លើ​ជំនាញ​នេះ​តែ​ម្ដង។

លើស​ពី​នេះ​ ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ ក៏អាចរៀននៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចបានដែរ។

៧. ចំពោះ​អ្នក​ដែល​ចង់រៀនផ្នែកការទូត ទំនាក់ទំនងអន្តរជាតិ អាចរៀននៅ IFL ឬ សាលាបញ្ញាសាស្ត្រ (PUC) និងសកលវិទ្យាល័យកម្ពុជាបាន។ សាលា​ទាំង​នេះ​សុទ្ធ​តែ​ល្បី​ឈ្មោះ​លើ​ជំនាញ​នេះ ដូច្នេះ​អ្នក​អាច​ទុកចិត្ត​បាន ដោយ​មិន​បាច់​ស្ទាក់ស្ទើរ។

៨. បើចង់រៀន​ខាង Account អ្នក​អាច​រើស​យក​សាលា CamEd​ បាន​តែ​តម្រូវ​ឲ្យ​អ្នក​ពូកែ​ភាសាអង់គ្លេស ហើយ​ការ​បង់​ថ្លៃ​សិក្សា​ក៏​ខ្ពស់​ផង​ដែរ។ ករណី​ដែល​អ្នក​បើមិនសូវពូកែ​ អង់គ្លេសទេ អ្នក​អាច​ជ្រើស​យកសាលា វ៉ាន់ដាគណនេយ្យ និង​សាលា​ផ្សេងៗ​ទៀត​ ព្រោះ​ជំនាញ​នេះ​គឺ​មាន​សឹង​តែ​គ្រប់​សាលា​ទៅ​ហើយ។

៩. សម្រាប់​អ្នក​ដែល​ចង់​រៀន​ជំនាញគ្រប់គ្រង ឬ​សណ្ឋាគារបដិសណ្ឋារកិច្ច​​ អ្នក​អាច​រៀន​នៅ សកលវិទ្យាល័យជាតិគ្រប់គ្រង​បាន។

១០. ចំពោះ​អ្នក​ដែល​ចង់រៀន ដេគ័រ និងឌីហ្សាញ អាចសាកនៅ ស៊ីតិច Limkokwing និង Raffle ជាដើម។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​រៀន​ជំនាញ​នេះ​នៅ​សាលាភូមិន្ទវិចិត្រសិល្បៈ​បាន​ដូចគ្នា។

១១. សម្រាប់​អ្នក​ចង់​រៀន Business អ្នក​អាច​​ជ្រើស​រៀន​នៅ​សាលា​បញ្ញាសាស្ត្រ ជាតិគ្រប់គ្រង ឬ​សាលា​ផ្សេង​ទៀត​បាន​ដូច​គ្នា។

១២. សម្រាប់​អ្នក​ស្រឡាញ់​ផ្នែក​ កសិកម្ម ដីធ្លាអី ជា​ដើម អាច​រៀន​នៅ​សាលា​ភូមិន្ទ​កសិកម្ម​បាន។

ក្រៅ​ពី​នេះ​នៅ​មាន​សាលា​ជា​ច្រើន​ទៀត​អ្នក​អាច​អាច​ពិចារណា​បាន ដូច្នេះ​ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ​ព្រោះ​នេះ​ជា​អនាគត​របស់​អ្នក៕

ចុចអាន៖មក​​ស្គាល់​​​​មុខ​​សិស្ស​ស្រី​​​ជើង​​ខ្លាំង​​​និទ្ទេស​A មក​​ពី​ខេត្ត​​ឆ្ងាយៗ

អត្ថបទ៖ ផេង ផលធិតា