មិន​នឹក​ស្មាន​អ្នក​ផាត់​មុខ​ល្បី​​​កំពូល​​​សម្រាប់​តារា​ថៃ ជា​កូន​កាត់​ខ្មែរ និង​មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា

  • 2018-08-23 08:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវជន​វ័យ​ក្មេង​ម្នាក់​ផ្តើម​អាជីព​ជា​អ្នក​ផាត់​មុខ​តាំង​ពី​វ័យ ១៣ឆ្នាំ និង​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ជា​ច្រើន បាន​ក្លាយ​ខ្លួន​ជា​សិល្បករ​ផាត់​មុខ​ដ៏​ល្បី ខ្នាត​អន្តរជាតិ ព្រម​ទាំង​បាន​បង្កើត​ស្នាដៃ​របស់​ខ្លួន​នៅ​លើ​ផ្ទៃ​មុខ​តារា​ថៃ​ល្បីៗ ដូចជា Aum Patcharapa, Ying Ratha, Nune Wooranuch និង Nat Myria ជាដើម ក្នុង​វិស័យ​សិល្បៈ​ដ៏​ធំ​ក្នុង​ប្រទេស​ថៃ។ យុវជន​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា ណងឆ័ត្រ ឆ័ត្រឆ័យ ផៀងអៈភិឆាត ជា​កូន​កាត់​ខ្មែរ ថៃ មាន​ប្រវត្តិ​តស៊ូ​ដោយ​សមត្ថភាព​ពិត មុន​ក្លាយ​ជា​អ្នក​ជំនាញ​ផាត់​មុខ​បែប​សិល្បៈ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេសថៃ។

កាល​កុមារភាព ណងឆ័ត្រ មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ផាត់​មុខ​១រូប ទើប​ខិតខំ​ព្យាយាម​សុំ​ចូល​ធ្វើការ​នៅ​តាម​បណ្តា​ហាង​កែសម្ផស្ស​នារី​ជាច្រើន ប៉ុន្តែ​ជានិច្ចកាល​ត្រូវ​ខក​បំណង​ទទួលការ​បដិសេធ​ពី​ម្ចាស់​ហាង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី អ្នក​គ្រប់គ្រង​របស់​លោក ផ្ញើ​សារ​ថា​មក​កាន់ Sabay។

ក្នុង​សារ​នោះ​បន្ត​ថា យ៉ាងណាមិញ​ភាព​ខ្នះខ្នែង​ព្យាយាម និង​ទេពកោសល្យ​របស់ ណងឆ័ត្រ បាន​ធ្វើ​ឱ្យ​អ្នក​ម៉ាក់ ដែល​ជា​ជន​ជាតិ​ថៃ យល់​ចិត្ត និង​កោតសរសើរ​ចំពោះ​ភាពឧស្សាហ៍​ព្យាយាម​របស់​កូន គាត់​ក៏​បាន​យក​ផ្ទះ​របស់​ខ្លួន​ជាន់​ផ្ទាល់​ដី​បង្កើត​ហាង​កែ​សម្ផស្សនារី​ទទួល​ផាត់​មុខ​ខ្នាត​តូច​ ព្រម​ទាំង​ឱ្យ​លោក ណងឆ័ត្រ រៀន​សូត្រ​នៅ​សាលា​ជំនាញ​ផាត់​មុខ​បន្ថែម​ទៀត។

នៅ​ក្នុង​រយៈពេល​ដែល​ចេញ​ហ្វឹកហ្វឺន​ផ្ទាល់​​ចំពោះ​ការ​ផាត់​មុខ​ឱ្យ​នៅ​បញ្ជរ​លក់​គ្រឿង​សម្អាង​ល្បី​ឈ្មោះ អ្នក​ជំនាញ​ផាត់​មុខ​រៀមច្បង​ក៏​បាន​ឃើញ​ស្នាដៃ​របស់​ ណងឆ័ត្រ ហើយ​បាន​បបួល លោក ចូលរួម​ការងារ​ជាមួយ​ពួកគេ។ បន្ទាប់​ពី​នោះ ណងឆ័ត្រ បាន​ក្លាយ​ជា​អ្នក​ជំនាញ​ផាត់​មុខ​អាជីព​ប៉ុន្តែ​ក៏​មិន​ទាន់​មាន​អ្នក​ស្គាល់​ច្រើន​ណាស់​ដែរ ​ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​គឺ លោក​បាន​ទទួលការ​អញ្ជើញ​ទៅ​ផាត់​មុខ​ឱ្យ​តារា​សម្ដែង Ying Ratha ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​ទី​ក្រុង Canne ប្រទេស​បារាំង កាល​ពី​ឆ្នាំ ២០១៣ បន្ទាប់​ពី​លោក​បាន​ចូល Comment បង្ហាញ​មតិ​យោបល់​របស់​ខ្លួន​ក្នុង Instagram របស់​តារា​សម្ដែង​រូប​នោះ​។ បន្ទាប់​ពី​នោះ កេរ្តិ៍​ឈ្មោះ​របស់​លោក​ត្រូវ​បាន​គេ​ស្គាល់​​ត​ៗ​គ្នា និង​មាន​តារា​ជា​ច្រើន​ទាក់ទង​ឲ្យ​លោក​ផាត់​មុខ​ឲ្យ។ ស្នាដៃ​លេច​ៗ​ធ្លោ​របស់​លោក​បន្ទាប់​ពី​នោះ​មាន​ដូច​ជា ផាត់​មុខ​ឲ្យ​តារា​សម្ដែង Poy Treechada ចូល​រួម​កម្មវិធី​នៅ​ហុងកុង ផាត់​មុខ​ឲ្យ​កូន​ក្រមុំ​ជា​តារា​សម្ដែង​ដូច​ជា Pinky Savika , Nat Myria និង​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម​ខ្លាំង​នោះ​គឺ​ការ​ផាត់​មុខ​ឲ្យ Aum Patcharapa។

មក​ដល់​ពេល​នេះ ណង​ឆ័ត្រ​បាន​ពិសោធន៍​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​បើ​យើង​មាន​គោលដៅ និងបញ្ចេញ​សកម្មភាព​​ធ្វើ​ឲ្យ​ប្រាកដ យើង​នឹង​អាច​ទៅ​ដល់​ជោគជ័យ​ដោយ​មិន​លំបាក​។ ពី​​ជាង​ផាត់​មុខ​ឲ្យ​​​គេ​បាន​ម្ដង ១០​បាត (១២០០រៀល) កាល​នៅ​រៀន នៅ​ពេល​នេះ ឆ័ត្រ បាន​ក្លាយ​ជា​អ្នក​ផាត់​មុខ​​​ជាប់​ចំណាត់កំពូល​ម្នាក់​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ៥​ក្នុង​ប្រទេស​ថៃ​ ដែល​មាន​​​ថ្លៃ​ឈ្នួល​ផាត់​មុខ និង​ថ្លៃ​ថត​ពាណិជ្ជកម្ម ម្ដង​ៗ​រាប់​សែន​បាត ថែម​ទាំង​មាន​បំណង​ប្រាថ្នា​ក្លាយ​ជា​ម្ចាស់​មុខ​ជំនួញ និង​មាន​ប្រាក់ ១០០លាន​បាត​​មុន​អាយុ ៣០ឆ្នាំ។ បច្ចុប្បន្ន ណង ឆ័ត្រ មាន​មុខ​ជំនួញ​គ្រឿង​សម្អាង​ផ្ទាល់​ខ្លួន​រួច​ហើយ ដូច្នេះ​គោលដៅ​បន្ទាប់​របស់​លោក​ក៏​មិន​មាន​អ្វី​លំបាក​នោះដែរ។

នា​ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ខាង​មុខ​នេះ លោក ណងឆ័ត្រ និង​ក្រុម​របស់​ខ្លួន​នឹង​បង្ហាញ​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ជំនាញ​របស់​ខ្លួន​ដល់​អ្នក​ផាត់​មុខ​កម្ពុជា។

រូបភាពតារាស្រីថៃ ទទួលបានការផាត់មុខហើយពី លោក ណងឆ័ត្រ

វីដេអូបង្ហាញ​ពី​ផ្ទះ​របស់ ណង ឆ័ត្រ ដែល​កម្មវិធី​ទូរទស្សន៍​ចុះ​ទៅ​ថត

ប្រភព៖ sabaynews អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី