ភាគច្រើនជាសិស្សស្រី មានបញ្ហាសុខភាពរហូតឈានដល់ការសង្គ្រោះបឋម ក្នុងកំលុងពេលប្រឡងបាក់ឌុប
- 2018-08-20 07:17:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគច្រើនជាសិស្សស្រី មានបញ្ហាសុខភាពរហូតឈានដល់ការសង្គ្រោះបឋម ក្នុងកំលុងពេលប្រឡងបាក់ឌុប
បេក្ខជនប្រឡងជាច្រើនរូប កំពុងតែមានបញ្ហាសុខភាពក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២០ សីហា ២០១៨ នៅតាមមណ្ឌលនិងខេត្តមួយចំនួន។
យោងទៅតាម ការផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសបុក របស់ក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា " ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាលក្រោយទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ។ ”
ក្នុងនោះដែរ យើងឃើញថា ភាគច្រើនជាសិស្សស្រី ដែលមានបញ្ហាសុខភាពរហូតឈានដល់ការសង្គ្រោះបឋម តាមបណ្តាខេត្តផ្សេងៗគ្នាដូចជា៖
ខេត្តកោះកុង៖ បេក្ខនារី១រូប នៅមណ្ឌលវិទ្យាល័យកោះកុង មានអាការក្អួត វិលមុខឥឡូវ ក្រុមគ្រូពេទ្យប្រចាំការកំពុងសង្គ្រោះបឋម។
ខេត្តកណ្តាល៖ បេក្ខជនមានបញ្ហាសុខភាព ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបឋម។
ខេត្តកំពង់ចាម៖ បេក្ខនារី១រូប នៅមណ្ឌលសាកលវិទ្យាល័យវេស្ទើន មានជំងឺត្រូវព្យួរសេរ៉ូម ដើម្បីប្រឡង។
ខេត្តកំពង់ស្ពឺ៖ បេក្ខនារី១រូប សន្លប់ កំពុងទទួលការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការ។
ខេត្តក្រចេះ៖ បេក្ខជនប្រឡងនៃមណ្ឌលវិទ្យាល័យក្រុងក្រចេះខាងកើត មានអាការៈស្លេកស្លាំងខ្លាំង ត្រូវបានជួយសង្គ្រោះដោយបញ្ចូនទៅមន្ទីរពេទ្យខេត្តក្រចេះ។ ខេត្តតាកែវ៖ បេក្ខជនម្នាក់វិលមុខតែនៅបន្តការប្រឡងបាន ក្រោយការសង្គ្រោះបឋម ដោយក្រុមគ្រូពេទ្យប្រចាំការ។
រាជធានីភ្នំពេញ៖ បេក្ខជនមានអការៈចុកពោះខ្លាំង ក្រុមគ្រូពេទ្យបានឲ្យថ្នាំ ហើយលោកគ្រូក៏បានឲ្យបាយ និង ចេកដើម្បីបរិភោគ។ ដោយអការៈមិនបានធូរស្បើយ លោកប្រធានមណ្ឌលបានអនុញ្ញាតឲ្យបេក្ខជនប្រលងនៅក្រៅបន្ទប់ ដោយមានអនុរក្សឈ្មោះត្រួតពិនិត្យ៕