លា​ហើយ​សក់​បែក​ចុង​បើ​អនុវត្ត​វិធី​ ៨​យ៉ាង​នេះ​បាន​

  • 2018-07-19 10:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​បែក​ចុង​ជា​បញ្ហា​ទូទៅ​ដែល​នារី​គ្រប់​រូប​តែង​ជួប​ប្រទះ​។ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​សក់​បែក​ចុង​ មិន​មាន​សំណើម។ ប៉ុន្តែ​មាន​នារី​ខ្លះ​អាច​ទប់​ទល់​នឹង​បញ្ហា​នេះ​បាន​ដោយ​ប្រើ​វិធី​ផ្សេងៗ​។ ពេល​នេះ​កញ្ញា​នឹង​បញ្ហា​អ្នក​ពី​តិចនិក​ងាយ​ៗ​ខ្លះ​ ដែល​ធ្វើ​ឱ្យ​អ្នក​អស់​កង្វល់​រឿង​សក់​បែក​ចុង៖

១.​ បន្ថែម​ប្រេង​ធម្មជាតិ

សារធាតុ​គីមី​ធ្វើ​ឱ្យ​សក់​អ្នក​ស្ងួត​គ្មាន​សំណើម​ មិន​រលោង​ស្អាត​ហើយ​ត្រូវ​ចំណាយ​ច្រើន​ទៀត​ផង។ ប្រើ​ប្រេង​បន្លែ​តែ​២​ឬ៣​តំណក់​ដើម្បី​ជំនួយ​ដល់​សុខភាព​សក់​ អ្នក​ក៏​អាច​សាក​ល្បង​ប្រេង​ដូង​ ប្រេង​Argan​ យក​មក​ម៉ាស្សា​និង​អប់​ទុក​៣០​នាទី​។ អ្នក​នឹង​ទទួល​បាន​សក់​ដ៏​ស្រស់​ស្អាត​ភ្លឺ​រលោង​ពី​ធម្មជាតិ។

២.​ គួរ​តែ​កាត់​សក់​បែក​ចុង​ចោល​៣​ខែ​ម្តង

បើ​អ្នក​ស្ទាយ​សក់​មិន​ដាច់​ចិត្ត​កាត់​ហើយ​ទុក​ឱ្យ​វា​បែក​ចុង​នោះ​ វា​កាន់​តែ​ធ្វើ​ឱ្យ​សក់​អ្នក​បែក​ចុង​ថែម​ទៀត​។ អ្នក​គួរ​តែ​តម្រឹម​សក់​បែក​ចុង​ចោល​រៀង​រាល់​៣ខែ​ម្តង​ ដើម្បី​កុំ​ឱ្យ​វា​ប៉ះ​ពាល់​ដល់​សុខភាព​សក់។

៣.​ ប្រើ​សាប៊ូ​ពី​ធម្មជាតិ​

ដើម្បី​ការពារ​សក់​អ្នក​ សាប៊ូ​គឺ​មាន​តួនាទី​យ៉ាង​សំខាន់​។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ប្រយ័ត្ន​បំផុត​នៅ​ពេល​ជ្រើស​រើស​សាប៊ូ​។ សាប៊ូ​ខ្លះ​ធ្វើ​ឱ្យ​សក់​អ្នក​កាន់​តែ​បែក​ចុង​ អ្នក​គួរ​តែ​ជ្រើស​រើស​សាប៊ូ​ណា​ដែល​ផ្សំ​ឡើង​ពី​ធម្មជាតិ​ហើយ​មាន​មុខ​ងារ​សម្រាប់​សក់​បែក​ចុង​តែ​ម្តង​។

៤.​ ប្រើ​ក្រាស់​ដែល​សាក​សម

ស្រីៗ​ភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍​រឿង​ក្រាស់​សិត​សក់​ប៉ុន្មាន​ទេ​ ដោយ​គិត​ថា​សិត​ក្រាស់​អី​ក៏​បាន។​ មិន​ចាំ​បាច់​ទិញ​ក្រាស់​ថ្លៃៗ​នោះ​ទេ​ អ្នក​គួរ​តែ​ជ្រើស​រើស​ក្រាស់​ណា​ដែល​ស្រួល​សិត​សម្រាប់​អ្នក​។ បើ​សក់​អ្នក​បែក​ចុង​ឬ​ជ្រុះ​ច្រើន​គួរ​តែ​ជ្រើស​រើស​ក្រាស់​ដែល​មាន​ធ្មេញ​ធំ​បន្តិច។​ នៅ​ពេល​យប់​មុន​ពេល​ចូល​គេង​ អ្នក​គួរ​តែ​សិត​សក់​ដោយ​ប្រើ​ប្រេង​ធម្មជាតិ​ជំនួយ។

៥.​ ប្រដាប់​កៀប​និង​ផ្លុំ​សក់

ដល់​ពេល​ដែល​គួរ​តែ​កាត់​បន្ថយ​វា​ហើយ។ របស់​ទាំង​ពីរ​យ៉ាង​នេះ​បំផ្លាញ​សក់​អ្នក​បាន​យ៉ាង​ឆាប់​រហ័ស។ បើ​មិន​ចាំ​បាច់​ទេ​នោះ​ នៅ​ពេល​កក់​សក់​ហើយ​គួរ​តែ​ជូត​ឱ្យ​ស្ងួត​តាម​ដំណើរ។

៦.​ កង្វះ​សារធាតុ​ចិញ្ចឹម​

សក់​បែក​ចុង​ក៏​អាច​បណ្តាល​មក​ពី​កង្វះ​វីតាមីន​ សារធាតុ​រ៉ែ​ ប្រូតេអ៊ីន​ និង​អាស៊ីត​ខ្លាញ់​ផ្សេងៗ។ ហើយ​កង្វះ​សារធាតុ​អស់​ទាំង​នេះ​ក៏​ដោយ​សារ​តែ​អ្នក​ញ៉ាំ​មិន​បាន​គ្រប់​គ្រាន់​ ឬ​មក​ពី​អ្នក​តម​អាហារ​ដែល​មាន​ជីវជាតិ​អស់​ទាំង​នេះ​។ ផ្លែ​ឈើ​ស្រស់​ បន្លែ​ គ្រាប់​ធញ្ញជាតិ​ ត្រី​ ផ្លែ​បឺរ​ គឺ​សុទ្ធ​សឹង​តែ​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​សក់។

៧.​ ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​

ទឹក​មាន​តូនាទី​ផ្តល់​សំណើម​ដល់​សក់​និង​រាង​កាយ​។ ការ​ដែល​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​៦​កែវ​ក្នុង​មួយ​ថ្ងៃ​ ជួយ​ឱ្យ​សក់​អ្នក​មាន​សំណើម​មិន​បែក​ចុង​។

៨.​ ម៉ាស្សា​ស្បែក​ក្បាល

ការ​ម៉ាស្សា​ក្បាល​ជា​ប្រចាំ​ក៏​ជួយ​កាត់​បន្ថយ​សក់​បែក​ចុង​បាន​ដែរ។ វា​ធ្វើ​ឱ្យ​សរសៃ​ឈាម​រត់​ស្រួល​ ជួយ​ឱ្យ​សក់​លួត​លាស់​បាន​ល្អ​មិន​បែក​ចុង​។ គួរ​តែ​ម៉ាស្សា​ជា​ប្រចាំ​មួយ​ថ្ងៃ​ម្តង៕

ប្រភព៖ giaoducthoidai ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា