ទូតខ្មែរនៅជប៉ុន៖ លេខ៣ខ្សែទាក់ទងបានគ្រប់ពេល សម្រាប់ពលរដ្ឋខ្មែររស់នៅ និងសិក្សានៅជប៉ុន ពិសេសតំបន់កំពុងជួបគ្រោះមហន្តរាយ

  • 2018-07-10 05:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គិត​មក​ដល់​ថ្ងៃ​នេះ ស្ថានភាព​ទឹក​ជំនន់ និង​ការ​បាក់​ដី​​នៅ​ប្រទេស​ជប៉ុន​នៅ​តែ​មិន​ទាន់​ស្រាកស្រាន្ត​​នៅ​ឡើយ ហើយ​មនុស្ស​ច្រើន​ជាង​១១៤​នាក់​បាន​ស្លាប់។

​ស្រប​ពេល​នឹង​ហេតុ​ការណ៍​ដ៏​អាក្រក់​របស់​ប្រជាជន​ជប៉ុន​​​នៅ​ភាគ​ខាង​លិច និង​ភាគ​កណ្ដាល​ក្នុង​ពេល​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៨ ​កក្កដា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន ​បាន​សរសេរ​លើ​ទំព័រ​ផ្លូវការ​របស់​ខ្លួន​អំពី​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ទៅ​ស្នាក់នៅ និង​សិក្សា​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

​ស្ថានទូត​ក៏​​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ករណី​ដែល​ពល​រដ្ឋ​កម្ពុជា​រូប​ណា​ដែល​បាន​ទៅ​រស់នៅ និង​រៀន​សូត្រ​នៅ​ប្រទេស​ជប៉ុន​ជួប​បញ្ហា​អាសន្ន ឬ​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​ជួប​គ្រោះ​មហន្តរាយ​នេះ​អាច​ទាក់ទង​ទៅ​កាន់​ Page របស់​ស្ថានទូត​ផ្ទាល់ ឬ​លេខ​ទូរសព្ទ​ដូច​ខាង​ក្រោម៖

រូបភាពថតពី Status លើទំព័រផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន

១. ឯកឧត្តម​ តាំង ផេង​រិទ្ធី ទី​ប្រឹក្សា​ទទួល​បន្ទុក​ពលករ​ ០៨០ ៣៤៥៩ ៧៨៨៩

២. លោក​ ឆេង ចំរើន ០៨០ ៤៦៨៩ ៩៣៧៤

៣. លោក ឌឿក វណ្ណរិទ្ធិ ០៨០ ៤៤៣៩ ៥៧០៤។

គួរ​រំលឹក​ថា ដោយ​សារ​តែ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​ជាប់​ៗ​គ្នា​ច្រើន​ថ្ងៃ តាំង​ពី​ថ្ងៃ​ទី​២៨​ មិថុនា​​មក ជា​ហេតុ​បណ្ដាល​ឱ្យ​ទឹក​ទន្លេ​ Osaka ក្នុង​​ក្រុង Gifu កោះ Honshu ​ឡើង​ជន់​ខ្លាំង​ ហូរ​បាក់​ទំនប់ ដល់​ថ្នាក់​កាត់​ផ្ដាច់​ផ្លូវ​ថ្នល់​សំខាន់ៗ​របស់​ពលរដ្ឋ​ក្នុង​តំបន់​។ ក្រៅ​ពី​នេះ ព្យុះ​ទីហ្វុង និង​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​បន្ត​បន្ទាប់ ក៏​បាន​ធ្វើ​ឱ្យ​មាន​ការ​ជន់​លិច និង​បាក់​ដី ​ក្នុង​កោះ​ Honshu និង កោះ ​Kyushuរហូត​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ច្រើន និង​បាត់​បង់​ជម្រក​បែប​នេះ៕

​​ ​​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម