លក្ខណៈសម្បត្តិរបស់ស្រីគ្រប់លក្ខណ៍ និងប្រុសគ្រប់លក្ខណ៍
- 2018-06-26 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈសម្បត្តិរបស់ស្រីគ្រប់លក្ខណ៍ និងប្រុសគ្រប់លក្ខណ៍
យោងទៅតាមសៀវភៅ សុជីវធម៌ប្រចាំគ្រួសារ ដែលនិពន្ធដោយលោក សុងស៊ីវ ដោយដកស្រង់គោលៗពីច្បាប់បុរាណ ដែលបានរៀបរៀងមក ទាំងស្រ្តីទាំងបុរសសុទ្ធតែមានលក្ខណៈសម្បត្តិរៀងៗខ្លួន ដើម្បីសម្គាល់ថាជាមនុស្សគ្រប់លក្ខណ៍។ ត្បិតតែសម័យទំនើប សឹងគ្មាននរណាម្នាក់ធ្វើបានក៏ដោយ យ៉ាងហោចណាស់អ្នកអាចដឹងថា មានប៉ុន្មានចំណុចដែលអ្នកបាន ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃនេះ។
*ស្រីគ្រប់លក្ខណ៍ ត្រូវប្រកបដោយលក្ខណៈ៣១យ៉ាង គឺ៖
១. មិនចេះអេចអូចនិយាយដើមគេ
២. ចេះគួរសមក្រោកទទួលមាតាបិតា និងស្វាមី
៣. ដឹងគុណតបគុណមាតាបិតាញាតិសន្តានទាំងសងខាង
៤. មិនចេះដេកថ្ងៃ
៥. មិនភ្លេចមុខភ្លេចក្រោយ
៦. ចេះថែទាំរបស់ទ្រព្យ
៧. មិនផិតក្បត់ស្វាមី
៨. មិនចេះប្រច័ណ្ឌស្វាមី
៩. គ្មានកលមាយា
១០. មិនរំសាយសក់ឲ្យគេឃើញ
១១. មានចិត្តអន់ធន់ធ្ងន់ធ្ងរ
១២. មានជើងស្រាលមិនដើរកន្ត្រំក្តុងក្តាំង
១៣. មិនឈរ ឬអង្គុយសំញែងកាយឲ្យគេឃើញ
១៤. មិនដើរញ៉ិកញ៉ក់កាច់រាង
១៥. ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម
១៦. មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ
១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ
១៨. មានសំឡេងតិចច្បាស់មិននិយាយឡូឡា
១៩. មិនចេះឡេះឡោះលេងសើច
២០. មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី
២១. មិនទំរន់ ធ្វើការណាធ្វើទាល់តែហើយការនោះ
២២.ទៅទីណាឆាប់ត្រឡប់មកវិញមិនញៀនអង្គុយផ្ទះគេ
២៣.ចេះទុកដាក់ឥវ៉ាន់ក្នុងពេលគួរទុកដាក់
២៤.ចេះរៀបចំផ្ទះសំបែង
២៥.ចេះតុបតែងគ្រឿងឧបភោគបរិភោគ
២៦.ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាមឱវាទ
២៧. បរិភោគចំណីអាហារក្រោយស្វាមីនិងមាតាបិតា
២៨. ឈប់បរិភោគមុនស្វាមី និងមាតាបិតា
២៩. ដេកលក់ក្រោយស្វាមី
៣០. ភ្ញាក់មុនស្វាមី
៣១. មានមេត្តាករុណាចេះធ្វើបុណ្យទាន។
ស្រ្តីដែលប្រកបដោយលក្ខណៈគ្រប់ពេញទាំង ៣១នេះហៅថាស្រីគ្រប់លក្ខណ៍ បើមានតែត្រង់នេះខ្លះត្រង់នោះខ្លះរដាច់រដោច ហៅថាស្រីដាច់លក្ខណ៍។
*ប្រុសគ្រប់លក្ខណ៍ ត្រូវប្រកបដោយលក្ខណៈ៣១យ៉ាង គឺ៖
១. ឧស្សាហ៍ខ្នះខ្នែងិធ្វើការងាររៀនសូត្រមិនប្រកាន់ខ្លួន
២. មិនចេះលួចប្លន់កេងកិបឆបោក
៣. មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
៤. មិនរំភើបញាប់ញ័រ ភ័យអរផ្តេសផ្តាស
៥. មិននិយាយកុហកភរភូត ឲ្យលើសពីការពិត
៦. មិននិយាយត្រាប់ឲ្យគេអៀនខ្មាស
៧. បានឮដំណឹងហើយវិនិច្ឆ័យសិន ទើបជឿជាក្រោយ
៨. ធ្វើការងារមិនរួសរាន់ពេក មិនយឺតយូរពេក
៩. មិនចេះនិយាយបំផ្លើសលេងសើច
១០. ចេះទទួលភ្ញៀវមិនលាក់មុខ
១១. មានថ្នាំកែរោគបម្រុងទុកមិនឲ្យខ្វះ ក្នុងពេលត្រូវការ
១២. មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ
១៣. មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ
១៤. មានចិត្តអត់ធន់តស៊ូមិនញ៉ាក
១៥. មានស្វាមីភក្តីចំពោះចៅហ្វាយនាយ
១៦. មិនចេះឡិកឡក់ចំពោះស្រីក្រមុំ
១៧. ស្គាល់ចំណេញស្គាល់ខាត
១៨. រកប្រដាប់តុបតែងខ្លួនឲ្យភរិយាបុត្រធីតា និងខ្លួនឯង
១៩. មិនទិញជំពាក់នូវរបស់ប្រើប្រាស់គ្រប់យ៉ាង
២០. ដឹងគុណ តបគុណ សរសើរគុណនៃអ្នកមានគុណ
២១. គោរពតាមឱវាទមាតាបិតា ញាតិមិត្រ និងអ្នកប្រាជ្ញ
២២. ចេះអត់ទ្រាំស្តាប់នូវពាក្យដែលគេស្តីបន្ទោសប្រដៅ
២៣. មានកាយវាចាសមរម្យមិនឆ្គង
២៤. ឲ្យដំណឹងមនុស្សនៅក្នុងផ្ទះហើយទើបចេញទៅ
២៥. ចេះវាយប្រដៅកូនដោយរំពាត់យ៉ាងតូច
២៦. ខឹងឆាប់បាត់មិនចងកំហឹងទុក។
បុរសដែលប្រកបដោយលក្ខណៈគ្រប់ពេញទាំង ២៦នេះហៅថាប្រុសគ្រប់លក្ខណ៍ បើមិនពេញលេញទេ មានខ្វះមានខាតហៅថាប្រុសខាតលក្ខណ៍។
ចុះអ្នកទាំងអស់គ្នា មានប៉ុន្មានចំណុចដែរហើយ? ចុចអានបន្ត៖
កុំនិយមដាក់ឈ្មោះកូនជាភាសាបរទេសពេក មកមើលឈ្មោះខ្មែរ ពិរោះៗ ហើយមានអត្ថន័យល្អៗទៀត
ឈ្មោះផ្កាខ្មែរដែលពីរោះៗ ហើយមិនសូវមានអ្នកស្គាល់ច្រើនប៉ុន្មានទេ