ក្រោយថត MV សិចស៊ី វណ្ណ វលក្ខណ៍ ត្រូវក្រសួងត្រៀមកោះហៅទៅអប់រំ
- 2018-06-22 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយថត MV សិចស៊ី វណ្ណ វលក្ខណ៍ ត្រូវក្រសួងត្រៀមកោះហៅទៅអប់រំ
តារាសិចស៊ី វណ្ណ វលក្ខណ៍ បានជួបរឿងស៊យមួយ ដោយត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រៀមកោះអញ្ជើញ ដើម្បីអប់រំណែនាំ បន្ទាប់ពីបទចម្រៀង ”ស្រីមុខលុយ” ទទួលរងការរិះគន់ខ្លាំងពីទស្សនិកជន។ អ្នកដែលបានទស្សនាមួយចំនួនប្រដូចបទចម្រៀងនេះថា ជាការថតរឿងអាសអាភាសជាដើម។
បទចម្រៀង”ស្រីមុខលុយ” សម្ដែងដោយតារាសិចស៊ី វណ្ណ វលក្ខណ៍ ច្រៀងដោយ ឈិន ធារ៉ាដេន ក្នុងផលិតកម្ម សាស្ដា បានឈុតឆាកឱបថើប ព្រមទាំងភាពស្រើបស្រាលជាច្រើន រហូតធ្វើឱ្យទស្សនិកជនផ្ទុះការរិះគន់ជាខ្លាំង។ ដោយសារផ្ទុះការរិះគន់បែបនេះហើយទើបក្រសួងវប្បធម៌ ត្រៀមកោះហៅតារាសម្ដែង និងអ្នកដឹកនាំក្នុងបទចម្រៀងនេះដើម្បីសួរនាំ និងអប់រំក្នុងន័យលុបបំបាត់ ដើម្បីកុំឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរ។ យោងតាមប្រភពពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ខ្លឹមសារ និងអត្ថន័យនៃបទចម្រៀងពិតជាមានចេតនាធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គមពិតមែន ហើយប្រការនេះនឹងត្រូវរដ្ឋមន្ត្រីក្រសួងលោកជំទាវ ភឿង សកុណា សម្រេចនាពេលឆាប់ៗ។
ប្រសិនបើមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងវប្បធម៌មែននោះ នោះទាំងសិល្បករ ទាំងផលិតករ នឹងត្រូវអញ្ជើញឲ្យមកទទួលការណែនាំពីមន្ត្រីក្រសួងដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលបន្ត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូរ និងវប្បធម៌ ប្រពៃណី ថែមទាំងប្រាសចាកអំពីការផលិតបែបសិល្បៈ៕
ទាក់ទងនឹងការត្រៀមកោះអញ្ជើញនេះ តារាសិចស៊ី វណ្ណ វលក្ខណ៍ មិនអាចសុំការបញ្ជាក់បានទេ ដោយទូរស័ព្ទនាងមិនអាចទាក់ទងបាន។ យ៉ាងណាក៏ដោយលោក អ៊ុក រតនា អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម សាស្ដា បានចេញមកសុំទោស និងសន្យាបញ្ឈប់ការធ្វើវីដេអូបែបស្រើបស្រាលនេះតទៅទៀត។
អ្នកគ្រប់គ្រងរូបនេះ បានបង្ហាញការសោកស្ដាយបន្ទាប់ពីវីដេអូចម្រៀងនេះ រងការរិះគន់ខ្លាំងពីទស្សនិកជននាពេលថ្មីៗ។ លោកបញ្ជាក់ថា ការផលិតវីដេអូចម្រៀងរបស់ផលិតកម្មលោក គឺគ្មានចេតនាចង់បន្តុះបង្អាប់ និងទម្លាក់តម្លៃវប្បធម៌ប្រពៃណីខ្មែរទេ គឺធ្វើទៅតាមបរិបទសង្គមតែប៉ុណ្ណោះ។ លោកសន្យានឹងទទួលទោសតាមច្បាប់ប្រសិនបើផលិតកម្ម សាស្ដា របស់ខ្លួននៅតែបន្តផលិតវីដេអូចម្រៀងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរសង្គមជាតិម្ដងទៀត៕
ចុចអាន៖ប្រើទឹកលុយទិញបេះដូង តើអាចទៅរួចទេ?