កំហុសជាប្រចាំស្រីៗតែងធ្វើ ដូចបំផ្លាញមុខខ្លួនឯងដោយមិនដឹងខ្លួន
- 2018-06-02 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសជាប្រចាំស្រីៗតែងធ្វើ ដូចបំផ្លាញមុខខ្លួនឯងដោយមិនដឹងខ្លួន
ពេលខ្លះមានឆ្ងល់ទេថា ហេតុអ្វីមុខអ្នកមិនសរលោងស្អាតដូចគេ ទោះបីជាអ្នកខំប្រើផលិតផលល្អ ចូលហាងថែសម្ផស្សថ្លៃៗយ៉ាងណាក៏ដោយ។ បើអ្នកមិនចង់បំផ្លាញមុខខ្លួនឯងដោយមិនដឹងខ្លួន គួរជៀសវាងទម្លាប់ប្រចាំថ្ងៃទាំងនេះ៖
១. ចេះតែយកដៃមិនស្អាតទៅប៉ះមុខ ឬអង្អែលមុខ
មួយថ្ងៃៗបាតដៃរបស់អ្នកបានប៉ះពាល់របស់ដែលមានមេរោគជាច្រើនរាប់មិនអស់ ដូចជាកាន់លុយ បង្កាន់ដៃជណ្តើរ ទ្វារ ឬចុចទូរសព្ទជាដើម។ បើមុខអ្នកកំពុងមានមុនស្រាប់ វានឹងធ្វើឲ្យមុនឡើងកាន់តែធំ បើអ្នកយកដៃមិនស្អាតនេះទៅប៉ះ ព្រោះអ្នកមិនអាចមើលឃើញមេរោគ ឬបាក់តេរីដែលទុំជាប់ដៃនេះដោយភ្នែកទទេឡើយ។
ចង់ឲ្យស្បែកស្អាតមានសុខភាពល្អ អ្នកមិនត្រូវយកដៃទៅប៉ះមុខផ្ដេសផ្ដាស ឬយកដៃច្រត់ចង្កាទេ។ ម្យ៉ាងវិញទៀត អ្នកត្រូវប្រាកដថា អ្នកបានលាងដៃដោយសាប៊ូ ហើយជូតឲ្យស្ងួត មុនពេលលាបមុខ ឬញិចមុន។
២. ភ្លេចផឹកទឹក
រាងកាយផ្ទុក ៧០% នៃជាតិទឹក ដូច្នេះបើអ្នកញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យស្បែកមានសំណើមស្អាតទេ ថែមទាំងជួយឲ្យមានសុខភាពល្អទៀតផង ព្រោះជាតិពុលទាំងអស់នឹងបញ្ចេញតាម ញើស និងទឹកនោម។
ទម្លាប់ល្អបំផុតនោះ អ្នកគួរផឹកទឹកមុនពេលចូលគេង ស្អែកព្រឹកភ្ញាក់ឡើងអ្នកនឹងមានអារម្មណ៍ថាស្បែកទន់ល្មើយ។ មួយវិញទៀតជាតិទឹក ក៏មាននៅក្នុងផ្លែឈើ ទឹកដោះគោ ស៊ុប ប៉ុន្តែសំខាន់អ្នកត្រូវញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។
៣. មិនលាងសម្អាតជក់ផាត់មុខ
ប្រើប្រាស់ជក់ផាត់មុខ ដោយមិនបានលាងសម្អាត ជាកំហុសដ៏ធំ ដែលស្ត្រីភាគច្រើនមិនបានចាប់អារម្មណ៍។ វាអាចធ្វើឲ្យ ស្ទះរន្ធញើស និងស្បែកស្រអាប់។ អ្នកគួរលាងសម្អាតវាដោយប្រើសាប៊ូស្រាល (សាប៊ូសម្រាប់កូនក្មេង) យ៉ាងហោចណាស់ ២ដងក្នុងមួយខែ ឬបន្ទាប់ពីតុបតែងមុខរួច ហើយត្រូវដាក់ក្នុងកាបូប ឬខ្ចប់នឹងក្រដាសស្អាត ទុកសម្រាប់ប្រើលើកក្រោយ។
៤. ពាក់ម៉ាស់ការពារមិនស្អាត
ពេលចេញក្រៅម្ដងៗ ចង់ការពារមុខពីផ្សែង និងធូលីដី អ្នកតែងតែពាក់ម៉ាស់។ យ៉ាងណាមិញ បើអ្នកមិនដឹងពីរបៀបនៃការប្រើប្រាស់ឲ្យបានត្រឹមត្រូវ មុខអ្នកនឹងអាចកើតមុនបានយ៉ាងងាយ។ នៅរដូវក្ដៅបែបនេះ អ្នកឆាប់បែកញើស និងមុខឆាប់ឡើងខ្លាញ់ បើអ្នកប្រើម៉ាស់ពេទ្យ គួរតែផ្លាស់ប្ដូរថ្មីរាល់ថ្ងៃ បើប្រើម៉ាស់ក្រណាត់គួរបោកសម្អាត ឲ្យបានញឹកញាប់ ហើយជៀសវាងប្រើម៉ាស់សាច់ក្រណាត់ណា ដែលធ្វើឲ្យរោលស្បែក។
ពាក់ម៉ាស់អាចការពារផ្លូវដង្ហើមបានមែន តែស្បែកមុខរបស់អ្នកនៅតែត្រូវការសម្អាតឲ្យល្អពេលត្រលប់ចូលផ្ទះវិញ ដោយអ្នកគួរប្រើហ្វូមលាងមុខ Pond’s Pure white ដែលផ្សំពី កាបូនឆាកខល អាចសម្អាតសំណល់កខ្វក់ ពីធូលីដី ផ្សែងពុល និងគ្រឿងសម្អាងបានយ៉ាងមានប្រសិទ្ធិភាព និងធ្វើឲ្យស្បែកមុខសភ្លឺ ម៉ដ្ឋរលោង រក្សាបាននូវសុខភាពល្អជាប្រចាំ។
៥. ចូលគេងយប់ជ្រៅពេក
ចូលគេងយប់ជ្រៅប៉ះពាល់ខ្លាំងណាស់ចំពោះសុខភាពស្បែក ជាពិសេសអ្នកដែលចូលចិត្តនៅចុចទូរស័ព្ទ។ ទម្លាប់បែបនេះនឹងធ្វើឲ្យអ្នក មើលទៅចាស់ជាងអាយុខ្លាំង បន្ទាប់ពីអ្នកចូលវ័យ ៣០ ឆ្នាំ។ អ្នកគួរចូលគេងលឿន និងឲ្យបានទៀងម៉ោង ព្រោះស្បែកអ្នកនឹងធ្វើការព្យាបាលឡើងវិញដោយខ្លួនឯង នៅចន្លោះម៉ោង ១០ ព្រឹក និងម៉ោង ៥ ទៀបភ្លឺ។
៦. ទម្លាប់ប្រើកន្សែងតែមួយជូតមុខ និងជូតខ្លួនចូលគ្នា
អ្នកគួរប្រើកន្សែងជូតមុខ និងជូតខ្លួនផ្សេងគ្នា ដាច់ខាតកុំប្រើចូលគ្នាឲ្យសោះ។ ការប្រើកន្សែងតែមួយជូតមុខហើយ ជូតខ្លួនទៀត អាចបណ្តាលឲ្យមុខអ្នកឡើងមុនរហូតដល់ព្យាបាលមិនចេះបាត់។ មួយវិញទៀតកន្សែងជូតមុខគួរជាក្រណាត់ទន់ និងត្រូវតែបោកសម្អាតឲ្យទៀងទាត់ យ៉ាងហោចណាស់ ១ដង ឬ ២ដងក្នុងមួយសប្ដាហ៍។ បើរវល់មិនបានបោក អ្នកគួរត្រៀមកន្សែងជូតមុនថ្មីសម្រាប់ប្រើក្នុងចន្លោះពេលនេះ។
៧. មិនបានបោកគក់ ភួយ ស្រោមខ្នើយ ឲ្យបានស្អាតល្អ
ភួយ ខ្នើយ ជាសត្រូវទីមួយសម្រាប់ស្បែក ពិសេសអ្នកកើតមុន ព្រោះវាផ្ទុកនូវបាក់តេរីជាច្រើន ដូច្នេះហើយបានជាអ្នកត្រូវឧស្សាហ៍បោកសម្អាតស្រោមខ្នើយ កម្រាលពូក ភួយ និងបោសជូតបន្ទប់គេងឲ្យបានស្អាតល្អ ពិសេសពេលដែលអ្នកមើលឃើញថាវាចាប់ផ្តើមឡើងចាស់ឡើងក្អែល ឬគគ្រិចហើយនោះ។ ល្អបំផុតគួរបោកសម្អាត ២ សប្តាហ៍ម្តង។
៨. មិនប្រើផលិតផលជំនួយស្បែកឲ្យស្អាត និងមានសុខភាពល្អ
កាលណាស្បែកមុខទៅជាស្ងួត ឬខ្វះសំណើម វានឹងធ្វើឲ្យនារីបាត់សម្រស់មួយផ្នែកធំ។ ដូច្នេះដើម្បីរក្សាភាពស្រស់ស្អាតបានយូរអង្វែង ស្ត្រីត្រូវតែប្រើផលិតផលជំនួយស្បែកមុខខ្លះ គួរជ្រើសរើសផលិតផលមានគុណភាពល្អទុកចិត្តបាន ដូចជា Pond's White Beauty ជាដើម។
៩. ងូតទឹកក្ដៅខ្លាំងជ្រុលសម្រាប់ស្បែក
ងូត ឬលុបមុខនឹងទឹកក្ដៅ ពិតជាមានអារម្មណ៍ថាស្រួលខ្លួន ប៉ុន្តែវាបណ្តាលឲ្យរន្ធញើសរីកកាន់តែធំ ហើយមិនអាចកម្ចាត់នូវភាពកខ្វក់ និងធូលីដីបានស្អាតល្អទេ។ មានតែទឹកក្ដៅឧណ្ហៗល្មម ទើបមិនប៉ះពាល់ដល់ស្បែក។ សម្រាប់ស្បែកមុខ ជម្រើសល្អបំផុតគួរប្រើទឹកមិនក្ដៅមកលាងសម្អាតវិញ៕