ដឹង​ពី​ការ​អ៊ុត​សក់​មុន និងក្រោយលាប​ពណ៌សិន ទើប​​សម្រេចចិត្ត​​ទៅ​មិន​ស្ដាយ​ក្រោយ​

  • 2018-05-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​មើល​ទៅ​ស្អាត​ប្លែក​ក្នុង​រយៈ​ពេល​ខ្លី​គឺ​អាច​ធ្វើ​ទៅ​បាន​ ដោយ​ការ​ប្ដូរ​ស្ទីល​តែង​ខ្លួន​ដូច​ជា​កាត់​សក់​ អ៊ុត​សក់​និង​លាប​ពណ៌​សក់​ជា​ដើម។​ ការ​លាប​ពណ៌​សក់​គឺ​ពេញ​និយម​ណាស់​សម្រាប់​នារី​ៗ​ភាគ​ច្រើន​។​ ខ្លះ​ទៀត​ក្រៅ​ពី​លាប​ពណ៌​ហើយ​គឺ​ចង់​អ៊ុត​ត្រង់​ឬ​រួញ​ជា​ដើម។​ ប៉ុន្តែ​យោង​តាម​ការ​ពន្យល់​ពី​អ្នក​ជំនាញ​ផ្នែក​សក់​ លោក​ស្រី​ប៉ែន​ ពេជ្រ​ចិន្ដា​ ម្ចាស់​សាឡន​យី​ហោ​ Pen Studio បាន​ឲ្យ​ដឹង​ថា​អ៊ុត​សក់​ក្រោយ​លាប​ពណ៌​សក់​អាច​មាន​បញ្ហា​ខ្លាំង​ ចំពោះ​ប្រភេទ​សក់​៣​យ៉ាង​នេះ។​

១.​ ប្រភេទ​ទី​មួយ​គឺ​សក់​លេង​ពណ៌​Highlight

សក់​លាប​ពណ៌​ហាយឡាយ​ជា​ទូទៅ​ធ្វើ​ឲ្យ​ខូច​សរសៃ​សក់​ដោយ​សារ​ប៉ះ​ថ្នាំ​លាង​សក់​ Bleach​។ អ្នក​ជំនាញ​ដដែល​បាន​ឲ្យ​ដឹង​ថា​៖ សម្រាប់​សក់​ដែល​ហាយឡាយ​ពី​20% ទៅ30%​នៃ​សក់​ក្បាល​​ប្រឈម​និង​ការ​ខូច​សក់​ខ្លាំង​ក្រោយ​ពេល​អ៊ុត​។​ ដោយ​សារ​មុន​ Highlight​ គេ​ត្រូវ​លាង​សក់​​Bleach​ ឲ្យ​បាត់​ពណ៌​ខ្មៅ​ជា​មុន​សិន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សរសៃ​សក់​យឺត​ ផុយ។​ លុះ​ពេល​ដាក់​ថ្នាំ​អ៊ុត​សក់​​ទៀត​នោះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​សក់​ខូច​ ផុយ​ស្រួយ​ ទៅ​ជា​ឆេះ​។​

២.​ ប្រភេទ​ទី​២​គឺ​សក់​លាប​ពណ៌​

សម្រាប់​សក់​លាប​ពណ៌​រួច​ចង់​អ៊ុត​សក់​ គឺ​ប្រឈម​ខ្លាំង​ពី​ការ​ឆេះ​សំពោង​ និង​សក់​ខូច​បែក​ចុង​ធ្ងន់ធ្ងរ។​ អ្នក​ជំនាញ​ដដែល​បាន​ណែ​នាំ​ថា​ សក់​លាប​ពណ៌​អាច​អ៊ុត​បាន​ ក្រោយ​ពី​ ២ ទៅ​ ៣​ អាទិត្យ​​លាប​ពណ៌​រួច​ ហើយ​​ចំពោះ​សរសៃ​សក់​វិញ​គឺ​បាន​តែ​ចំពោះ​សរសៃ​សក់​ដែល​មិន​ខូច​ ឬ​ស្ងួត​។​ ម៉្យាងទៀត​អ៊ុត​បាន​ចំពោះ​សក់​លាប​ដែល​មិន​លាង​ Bleach​ ។​ បើ​មិន​ដូច្នេះ​ទេ​ ពេល​អ៊ុត​រួច​សក់​និង​​មាន​សភាព​ស្អិត​ជំពាក់​ខ្លាំង​និង​ផុយ​ជ្រុះ​ដាច។​

៣.​ ប្រភេទ​ទី​៣​គឺ​សក់ស្ងួត​

លោក​ស្រី​ម្ចាស់​ហាង​សាឡន​ដដែល​បាន​ឲ្យ​ដឹង​ថា​ កាល​ណា​សរសៃ​សក់​ស្ងួត​ គឺ​វា​មាន​បញ្ហា​ស្រាប់​ទៅ​ហើយ​។​ សក់​ស្ងួត​ធម្មតា​តែង​មាន​ភាព​សំពោង​បែក​ចុង​ស្រាប់​ ដូច្នេះ​នៅ​ពេល​អ៊ុត​រួច​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ខូច​ស្ងួត​ជាង​នេះ។​

បន្ថែម​ពី​នេះ​លោក​ស្រី​អ្នក​ជំនាញ​ផ្នែក​សក់​បាន​ប្រាប់​ពី​របៀប​ខ្លះ​ៗ​ពី​ការ​ថែរក្សា​សក់​អ៊ុត​ដូចជា៖​ មិន​ត្រូវ​ប្រើ​ឧបករណ៍​ក្ដៅ​ធ្វើ​ម៉ូដ​ញឹកញាប់​ និង​គូរ​តែ​អប់​សក់​ឲ្យ​បាន​ញឹកញាប់​ក្រោយ​ពេល​កក់​សក់​ ហើយ​ប្រើ​ក្រែម​ការពារ​កម្ដៅ​លាប​សក់​ពេល​ធ្វើ​ម៉ូដ​ ឬ​ចេញ​ក្រៅ​ពាក់​មួក​ជា​ដើម​ដើម្បី​ការពារ​សក់​ខូច​ពី​កម្ដៅ​ថ្ងៃ។ ម៉្យាង​ទៀត​ក្រោយ​ពេល​លាប​សក់​រូច​គួរ​ទុក​ចន្លោះ​ពី​​ ១ ទៅ​ ២ ខែ​ដើម្បី​ឲ្យ​សក់​មាន​សុខភាព​រឹងមាំសិន​ សឹមធ្វើ​ការ​អ៊ុត៕

ចុចអាន៖ដល់​ឃើញ​តារា​ស្រី​ទាំង​នេះ​ស្អាតប្លែក​អីចឹង បាន​ដឹង​ថា​កាត់​សក់ខ្លី​លើក​សម្រស់ខ្លាំងប៉ុណ្ណា

អត្ថបទ៖ Pencharm