ស្វែងយល់ត្រួសៗពីទេពធីតាសង្ក្រាន្តដែលជាបុត្រីកបិលមហាព្រហ្មទាំង ៧អង្គ
- 2018-04-14 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ត្រួសៗពីទេពធីតាសង្ក្រាន្តដែលជាបុត្រីកបិលមហាព្រហ្មទាំង ៧អង្គ
ទំនៀមពិធីចូលឆ្នាំខ្មែរប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វន័បត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត។
ផ្អែកតាមនិទានពីប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ ខាងក្រោមនេះ កញ្ញា នឹងបង្ហាញត្រួសៗពី បុត្រីកបិលមហាព្រហ្មទាំង ៧អង្គដែលនឹងត្រូវផ្លាស់ប្ដូរវេនគ្នាដង្ហែក្បាលកបិល មហាព្រហ្មប្រទកិ្សណភ្នំព្រះសុមេរុ និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់។
បើសង្ក្រាន្តចូលចំថ្ងៃអាទិត្យ
គឺត្រូវវេនបុត្រីទី១ ទេពធីតា ទុង្សៈទេវី ទ្រង់អម្ពរពណ៌ក្រហម សៀតផ្កាទទឹម សោយ ផ្លែឧទុម្ពរ (ផ្លែល្វា) ជាភក្សាហារ, អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, គង់លើពាហនៈគ្រុឌ
បើសង្ក្រាន្តចូលចំថ្ងៃច័ន្ទ
គឺត្រូវវេនបុត្រីទី២ ទេពធីតា គោរាគៈទេវី ទ្រង់អម្ពរពណ៌លឿង សៀតផ្កាអង្គារបុស្ស សោយ ប្រេង ជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ គង់លើពាហនៈខ្លា
បើសង្ក្រាន្តចូលចំថ្ងៃអង្គារ
គឺត្រូវវេនបុត្រីទី៣ ទេពធីតា រាក្យសាទេវី ទ្រង់អម្ពរពណ៌ខ្មៅ សៀតផ្កាឈូក សោយលោហិត ជាភក្សាហារ អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ គង់លើពាហនៈអស្សតរ
បើសង្ក្រាន្តចូលចំថ្ងៃពុធ
គឺត្រូវវេនបុត្រីទី៤ ទេពធីតា មណ្ឌាទេវី ទ្រង់អម្ពរពណ៌អន សៀតផ្កាចម្ប៉ា សោយទឹកដោះសិប្បី ជាភក្សាហារ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ គង់លើពាហនៈ លា
បើសង្ក្រាន្តចូលចំថ្ងៃព្រហស្បតិ៍
គឺត្រូវវេនបុត្រីទី៥ ទេពធីតា កិរិណីទេវី ទ្រង់អម្ពរពណ៌បៃតង សៀតផ្កាមណ្ឌា សោយសណ្ដែក ល្ង ជាភក្សាហារ អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង គង់លើពាហនៈដំរី
បើសង្ក្រាន្តចូលចំថ្ងៃសុក្រ
គឺត្រូវវេនបុត្រីទី៦ ទេពធីតា កិមិរាទេវី ទ្រង់អម្ពរពណ៌ស សៀតផ្កា ចង្កុលណី សោយ ចេកណាំវ៉ា ជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងពិណ គង់លើពាហនៈក្របី
បើសង្ក្រាន្តចូលចំថ្ងៃសៅរ៏
គឺត្រូវវេនបុត្រីទី៧ ទេពធីតា មហោធរៈទេវី ទ្រង់អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត សោយ សាច់ទ្រាយ ជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ គង់លើពាហនៈក្ងោក