ស្រឡាញ់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ​តែ​កុំ​លះបង់​របស់​ផ្ទាល់​ខ្លួន​ទាំង​នេះ​ទៅ​គេ​ឲ្យសោះ

  • 2018-04-10 09:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​​ស្រឡាញ់​ស្មោះ​ មនុស្ស​ស្រី​ពិត​ជា​មិន​ខ្លាច​ក្នុង​ការ​លះបង់​ក្តី​សុខ​ដើម្បី​ដៃ​គូ​ឡើយ។ ប៉ុន្តែ​តាម​ពិត​ការ​លះបង់​មិន​អាច​ធានា​បាន​ ១០០​ភាគរយ​ថា​ដៃ​គូ​យើង​ស្កប់ស្កល់​ទេ ​ហេតុ​នេះ​ហើយ​ទើប​បាន​ជា​យើង​ត្រូវ​ចេះ​ឃុំ​គ្រង​របស់​ផ្ទាល់​ខ្លួន​ខ្លះ ​ជា​ជាង​ដោះដូរ​ដើម្បី​ក្តី​សុខ​គេ​ទាំង​ស្រុង។

១. ភាព​ឯករាជ្យ៖ ក្តី​ស្រឡាញ់​ដែល​ងប់ងល់​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ភាព​ជា​ម្ចាស់​ការ​ដោយ​មិន​ដឹង​ខ្លួន ​ពេល​ខ្លះ​សូម្បី​តែ​ទម្លាប់​ដែល​អាច​ធ្វើ​ខ្លួន​ឯង​បាន​ ក៏​ត្រូវ​ចាំ​ពឹង​អ្នក​ដទៃ​ឲ្យ​ជួយ​ដែរ។ ទាំង​មនុស្ស​ស្រី​ដែល​កំពុង​មាន​សង្សារ​ ឬ​រៀបការ​រួច​ហើយ​ក្តី ​គួរ​កុំ​លះបង់​ឯករាជ្យ​របស់​ខ្លួន​ចោល​អី ​ព្រោះ​អ្នក​មិន​ដឹង​ថា​ថ្ងៃ​ណា​ ត្រូវ​រស់នៅ​ដោយ​គ្មាន​គេ​ទេ។ អ្នក​អាច​មាន​អារម្មណ៍​អន់​ចិត្ត​ម្តងម្កាល ​ពេល​ត្រូវ​ធ្វើ​អ្វី​ម្នាក់​ឯង ​តែ​ទម្លាប់​បែប​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​រឹងមាំ។

រូបតំណាង

**២. រឿង​ផ្ទាល់​ខ្លួន៖** នេះ​សំដៅ​លើ​ពេលវេលា​ និង​រឿង​មួយ​ចំនួន​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ ​មាន​រឿង​ខ្លះ​អ្នក​មិន​ចាំបាច់​ត្រូវ​រាយការណ៍​ឲ្យ​ដៃ​គូ​ដឹង​គ្រប់​ពេល​ទេ។ បើ​សិន​ជា​អ្នក​នឹក​ឃ្លាន​ចង់​ញ៉ាំ​អ្វី​ប្លែក​មាត់ ​ក៏​ចេញ​ទៅ​ញ៉ាំ​ខ្លួនឯង​ទៅ ​ព្រោះ​ជួនកាល​ដៃ​គូ​យើង​គ្មាន​ពេល​ទំនេរ​កំដរ​ទេ ​អ៊ីចឹង​កុំ​​ចាំ​គេ​អី​ ឃ្លាន​ឥឡូវ​ចេញ​ទៅ​ញ៉ាំ​ឥឡូវ​ទៅ។

៣. ការ​រង់ចាំ៖ យើង​អាច​ផ្តល់​ឱកាស​ឲ្យ​គេ ​តែ​មិន​ប្រាកដ​ថា​គេ​នឹង​ផ្តល់​ឱកាស​ឲ្យ​ខ្លួនឯង​ឡើយ។ អ្នក​ខ្លះ​មាន​ឱកាស​កែ​តែ​នៅ​មិន​ព្រម​កែ ​សួរ​ថា​បើ​ដូច្នេះ​ត​ទៅ​ទៀត ​អ្នក​មិន​គិត​ថា​ចំណាយ​ពេល​អត់​ប្រយោជន៍​ទេ​ឬ​យ៉ាង​ណា? ពេលវេលា​ក្នុង​ជីវិត​យើង​មាន​តម្លៃ​ណាស់​ មិន​អាច​ខាតបង់​ព្រោះ​តែ​ការ​រង់ចាំ​អ្វី​មួយ​ដែល​មិន​អាច​ទៅ​រួច​ឡើយ។

រូបតំណាង

៤. ចរិត​ពិត៖ មែន​ហើយ ​ពេល​នៅ​ជាមួយ​ដៃ​គូ​យើង​ត្រូវ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​កាលៈទេសៈ​ដើម្បី​គេ​ខ្លះ ​ទោះបី​វា​មិន​មែន​ជា​ចរិត​ពិត​របស់​យើង​ក៏​ដោយ។ ប៉ុន្តែ​អ្នក​មិន​អាច​បិទបាំង​ធាតុ​ពិត​របស់​ខ្លួន​បាន​រហូត​ទេ ​ពេល​គេ​ស្រឡាញ់​យើង ​គេ​ត្រូវ​តែ​ស្រឡាញ់​អ្វី​ដែល​ជា​របស់​យើង ​អ្វី​ដែល​ជា​កំណើត​ដែល​ផ្តល់​មក​ឲ្យ​យើង ​បើ​សិន​ទទួល​យក​មិន​បាន​ទេ​កុំ​ស្រឡាញ់​គ្នា​អី។

៥. ក្តី​សុបិន៖ បើ​ជា​រឿង​ភាគ​ដែល​គេ​និពន្ធ​មក ​គឺ​វា​អាច​ទៅ​រួច ​តែ​បើ​ជីវិត​ពិត​វិញ​កុំ​ព្យាយាម​សាកល្បង​អី។ លះបង់​ក្តី​សុបិន​របស់​ខ្លួន​ដើម្បី​គេ​អាច​ឲ្យ​អ្នក​រីករាយ​តែ​មួយ​ពេល​ប៉ុណ្ណោះ ​តែ​អ្នក​នឹង​មាន​វិប្បសារី​ទៅ​ថ្ងៃ​ក្រោយ ​ព្រោះ​មិន​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។

រូបតំណាង

៦. លុយកាក់៖ បើ​និយាយ​ចំពោះ​ឋានៈ​ជា​សង្សារ ​អាច​ជួយ​ចេញ​គ្នា​ម្តងម្កាល​ក៏​ជា​ហេតុផល​មួយ​ដែល​សម​ស្រប​ដែរ ​ប៉ុន្តែ​ដៃ​គូ​ម្ខាង​គិត​តែ​ពី​ជះ​លុយ​លើ​ដៃ​គូ​ម្ខាង​ទៀត​គ្រប់​ពេល ​វា​មិន​មែន​ជា​អ្វី​ដែល​ល្អ​ភ្នែក​ឡើយ។ សម័យ​នេះ​ហើយ ​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​មាន​លំនឹង​លើ​រឿង​ហិរញ្ញវត្ថុ ​គួរ​ណាស់​តែ​ចេះ​រៀបចំ​ឲ្យ​ត្រូវ​ទៅ​តាម​តម្រូវ​ការ​របស់​ខ្លួន៕

ចុចអាន៖៨​ សញ្ញា​បង្ហាញ​ថា ចំណង​មនោសញ្ចេតនា​របស់​អ្នក​ដល់​ពេល​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ហើយ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម