ស្វែងយល់ពីរណ្ដាប់និងរបៀបទទួលទេវតាឆ្នាំថ្មី ឲ្យមានសិរីសួស្ដី ក្នុងឆ្នាំចនេះ
- 2018-04-02 03:06:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីរណ្ដាប់និងរបៀបទទួលទេវតាឆ្នាំថ្មី ឲ្យមានសិរីសួស្ដី ក្នុងឆ្នាំចនេះ
មហាសង្ក្រាន្តឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ នឹងចូលមកដល់នៅ ថ្ងៃសៅរ៍ ១៤រោច ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ៩ និង ១២ នាទីព្រឹក។ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះ គឺព្រះនាងមហោធរៈទេវី បុត្រីទី ៧ នៃកបិលមហាព្រហ្ម តំណាងឲ្យថ្ងៃសៅរ៍ ទ្រង់អម្ពរពណ៌ខៀវ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ សោយ សាច់ទ្រាយ (ជាសត្វព្រៃពពួកឈ្លូស តែតូចជាងឈ្លូស) ជាភក្សាហារ ព្រះហស្តស្តាំកាន់កងចក្រ ព្រះហស្តឆ្វេងកាន់ត្រីសូល៍ គង់លើមយូរ៉ា ឬស្ដេចក្ងោក ជាពាហនៈ។
ថ្ងៃចូលឆ្នាំថ្ងៃទី១ គឺថ្ងៃវារៈមហាសង្ក្រាន្ត ត្រូវនឹងថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ត្រូវនឹងថ្ងៃ ១៤ ខែមេសា គ.ស ២០១៨ វេលាម៉ោង ៩ និង ១២ នាទីព្រឹក ជាថ្ងៃចូលឆ្នាំច សំរឹទ្ធស័ក។
ថ្ងៃទី ២ គឺថ្ងៃ វារៈវ័នបត ត្រូវនឹងថ្ងៃអាទិត្យ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៨ ។
ថ្ងៃទី៣ គឺថ្ងៃវារៈឡើងស័ក ត្រូវនឹងថ្ងៃច័ន្ទ ២ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ.ស ២០១៨ វេលាម៉ោង ១២ និង ៥៩ នាទី និង២៤ វិនាទី គម្រប់ជាសង្ក្រាន្ត ៣ ថ្ងៃ។
ចំពោះរណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងមក គឺត្រូវរៀបរានទេវតាបក្រាលសំពត់ពណ៌ស នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ សម្រាប់ប្រជារាស្ត្រធម្មតាគួររៀបចំត្រឹម បាយសី ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូក៏សមល្មមដែរ។ ចំពោះផ្លែឈើគួររៀបឲ្យបានត្រឹម ៣ឬ៥មុខក៏ជាការប្រសើរ ឬរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀតហើយដុតបំភ្លឺ។
នៅវេលាម៉ោងទេវតាចុះមក ត្រូវជួបជុំគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមសិកាព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតវិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្ត ចិត្តរំពឹងទៅលើព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក លុះចប់ពិធីទទួលទេវតា។
នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ ប្រជាពលរដ្ឋប្រុសស្រីទាំងឡាយត្រូវខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្ទសាធុការ ឲ្យលោកអ្នកមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ៕