ស្ត្រីខ្មែរ១៥រូបចូលរួមប្រកួតសម្រស់ ដើម្បីដណ្ដើមទឹកប្រាក់៦ម៉ឺនដុល្លារ
- 2018-02-27 05:04:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីខ្មែរ១៥រូបចូលរួមប្រកួតសម្រស់ ដើម្បីដណ្ដើមទឹកប្រាក់៦ម៉ឺនដុល្លារ
បេក្ខនារីកម្ពុជា១៥រូបនឹងត្រូវបានជ្រើសរើសបញ្ជូនទៅប្រទេសកូរ៉េដើម្បីចូលរួមការប្រកួតអន្តរជាតិមួយមានឈ្មោះថា Queen Of The Spa ។ បើយោងតាមលោកជំទាវបណ្ឌិត ហង្ស បូរី គណៈកម្មការមួយរូបក្នុងចំណោមគណៈកម្មការជាច្រើនរូបទៀតនៃការប្រកួតនេះ បានឲ្យដឹងថា កម្មវិធីគ្រោងនឹងធ្វើការប្រកួតនៅប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០១៨។
ប្រទេសដែលនឹងត្រូវចូលរួមការប្រកួតនេះមាន ចិន តៃវ៉ាន់ កម្ពុជា និងកូរ៉េខាងត្បូង។ ចំណែកការជ្រើសរើស បេក្ខនារី មិនត្រឹមតែត្រូវមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានកិរិយាមារយាទល្អផងដែរ។ ម៉្យាងទៀតលក្ខណ្ឌនៃការចូលរួមគឺមិនកំណត់ថារៀបការហើយឬនៅលីវនោះឡើយ គឺចូលរួមបាន ហើយអាយុចាប់ពី១៨ឆ្នាំ រហូតដល់៣៥ឆ្នាំ។
ជាមួយគ្នានោះដែរ បេក្ខនារីអាចមានឱកាសបានឈ្នះរង្វាន់ពីកម្មវិធីជាទឹកប្រាក់រហូតដល់ ៦ម៉ឺនដុល្លារ ដោយពានរង្វាន់ជើងឯកទទួលបានទឹកប្រាក់៦ម៉ឺនដុល្លារ និងមកុដពេជ្រមានតម្លៃជាង៣ម៉ឺនដុល្លារ។ លេខទី២ ទទួលបានទឹកប្រាក់៣ម៉ឺនដុល្លារ។ លេខ៣ទទួលបាន ១ម៉ឹន៥ពាន់ដុល្លារ និង លេខ៤ ទទួលបាន ៥ពាន់ដុល្លារ។ បេក្ខនារីនឹងបានយល់ដឹងពីបទពិសោធ គន្លឹះនៃបច្ចេកវិទ្យាទំនើបពាក់ព័ន្ធនឹងស្ត្រី ការផ្ដល់សេវាកម្មផ្នែកកែសម្ផស្សលើពិភពលោកផងដែរ។
ក្នុងនោះផងដែរ កញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាសកម្មជននយោបាយនោះ ក៏បានចូលរួមក្នុងការប្រកួតនេះផងដែរ ហើយកញ្ញាត្រូវបានគណៈកម្មការសម្រេចជ្រើសរើសយកទៅប្រកួតនៅប្រទេសកូរ៉េ ដោយស្វ័យប្រវត្តិតែម្ដង។ សូមរង់ចាំមើលទាំងអស់គ្នាថា បេក្ខនារីយើងអាចជាម្ជាស់ជយលាភីពានរង្វាន់ណាមួយឬអត់។