តិចនិក​ជ្រើសរើស​និង​ពាក់​ស្បែក​ជើង​កែង​​មិន​ឱ្យឈឺ​ជើង​ ទោះ​ដើរ​ឬ​ឈរ​យូរ​ប៉ុណ្ណា​ក៏​ដោយ

  • 2018-02-22 03:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ពេល​ទៅ​ផ្សារ​ទិញ​ស្បែក​ជើង​ម្ដង​ៗ​ ក្រៅ​ពី​រើស​ម៉ូដ​ស្បែក​ជើង​ឲ្យ​បាន​ស្អាត​ ​នៅ​គិត​ថា​ស្រូល​ពាក់​ឬ​ក៏​អត់​ ហើយ​ពាក់​ទៅ​ឈឺ​ជើង​ឬ​ក៏​អត់។​ ដើម្បី​រើស​ស្បែក​ជើង​ដែល​ស្អាត​​ ហើយ​ពាក់​ទៅ​មិន​ឈឺ​ជើង​នោះ​​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​ ជា​ពិសេស​ស្បែក​ជើង​កែង​តែ​ម្ដង​ មិន​ថា​ស្បែក​ជើង​នោះ​មាន​ម៉ាក​ថ្លៃ​បែប​ណា​​ក៏​ដោយ។​ ដូច​ច្នេះ​ កញ្ញា​សូម​លើក​យក​តិចនិក​ជ្រើស​រើស​ទិញ​ស្បែក​ជើង​កែង​ចោទ​ ដែល​ពាក់​ទៅ​ស្រួល​ដើរ​ ហើយ​មិន​ឈឺ​ជើសម្រាប់​មិត្ត​ៗ​នារី​ទុក​ជា​ចំណេះ​ដឹង​។​

១.​ ជ្រើស​រើស​ស្បែក​ជើង​កែង​ដែល​ត្រូវ​ទំហំ​ជើង

ជាក់​ស្ដែង​ មាន​មនុស្ស​មួយ​ចំនួន​សុខ​ចិត្ត​ចំណាយ​លុយ​ទិញ​ស្បែក​ជើង​ធំ​ជាង​ជើង​ឬ​ចង្អៀត​ខ្លាំង​ ដោយ​សារ​តែ​មូល​ហេតុ​មួយ​គត់​គឺ​ស្រលាញ់​ម៉ូដ។​ ស្បែក​ជើង​រលុង​ពេក​នឹង​រអិល​ជ្រុះ​ រាល់​ពេល​ដែល​អ្នក​ដើរ​ ហើយ​ស្បែក​ជើង​តូច​ពេក​នឹង​កកិត​​ស្បែក​ខ្លាំង​​ ធ្វើ​ឲ្យ​រលាក​​និង​ឈឺ​ខ្លាំង​។

២.​ រើស​ស្បែក​ជើង​កែង​ដែល​មាន​ផ្នែក​ខាង​មុខ​ក្រាស់

ស្បែក​ជើង​កែង​ចោទ​​ដែល​មាន​ផ្នែក​ខាង​មុខ​ក្រាស់​ សមាមាត្រ​និង​កែង​ខាង​ក្រោយ​ខ្ពស់​នោះ​ ទើប​ធ្វើ​ឲ្យ​ការ​ដើរ​មាន​លំនឹង​ និង​មិន​ចុក​ជើង​​ ទោះ​ដើរ​យូរ​ក៏​ដោយ។​ ម៉្យាង​ទៀត​វា​​ធ្វើ​ឱ្យអ្ន​ក​មាន​អារម្មណ៍​ថា ដូច​​កំពុងពាក់​ស្បែក​ជើង​កែង​ទាប​ដូច្នេះ​ដែរ។​ អ៊ីចឹងហើយ​ ពេល​ទិញ​ស្បែក​ជើង​កែង​គួរ​ជ្រើស​រើស​ប្រភេទ​នេះ​ដើម្បី​ឲ្យ​បាន​កម្ពស់​ខ្ពស់​ ឃើញ​រាង​ស្អាត​ ​ថែម​ទាំង​មិន​ឈឺ​ជើង​ទៀត។​

៣.​ ជ្រើស​រើស​ស្បែក​ជើង​កែង​មាន​ម៉ូដ​ជិត​ជើង​ខ្លាំង

ស្បែក​ជើង​កែង​ចោទ​ដែល​មាន​ម៉ូដ​រុំ​ជិត​ជើង​ (ដូចរូបខាង​ឆ្វេងដៃ) មាន​លំនឹង​ជើង​ជាង​ម៉ូដ​ខ្សែ​ស្ដើង​ៗ​ (ខាង​ស្តាំដៃ) ដែល​រឹត​ជើង​អ្នក​ធ្វើ​ឲ្យ​ឈឺ​ ពេល​មាន​ចលនា។​ ដូច្នេះ​គួរ​ជ្រើស​រើស​ម៉ូដ​ដែល​រុំ​ជិត​ជើង​បែប​នេះ​ ដើម្បី​ពាក់​ទៅ​មិន​ធ្វើ​ឲ្យ​រលាក​ស្បែក​និង​ឈឺ​​។​

៤.​ រើស​ស្បែក​ជើង​ដែល​មាន​កែង​ក្រាស់

ស្បែក​ជើង​កែង​ដែល​ក្រាស់​មាន​លំនឹង​ជាង​ស្បែក​ជើង​កែង​ស្រួច។​ ដូច្នេះ​ចំពោះ​អ្នក​មិន​សូវ​ប្រសព្វ​ពាក់​កែង​ចោទ​ គួរ​ជ្រើស​រើស​ស្បែក​ជើង​ដែល​មាន​កែង​រាង​ធំ។​

៥.​ ស្បែក​ជើង​កែង​មាន​ចង​ខ្សែ

ស្បែក​ជើង​កែង​ដែល​មាន​ចង​ខ្សែ​ចង​អាច​ធានា​មិន​របូត​ពី​ជើង​ ដែល​ធ្វើ​ឲ្យ​មាន​លំនឹង​កាន់​តែ​ខ្លាំង​ ហើយ​ធ្វើ​ឲ្យ​មិន​កកិត​។

៦.​ ប្រើ​សំឡី​ទន់​ឬ​ប៉ុង​ការពារ​ម្រាម​ជើង

ពេល​ពាក់​ស្បែក​ជើង​កែង​ចោទ​ឈរ​យូរ​ អ្នក​នឹង​ទទួល​អារម្មណ៍​ថា​ ឈឺ​ផ្នែក​ខាង​ចុង​ម្រាម​ជើង​ ឬ​ខាង​លើ​កែង​។​ ប្រើ​សំឡី​ទន់​ឬ​ប៉ុង​​ញាត់​ក្នុង​ស្បែក​ជើង​ និង​ប្រើ​បង់​បិទ​ដំបៅ​បិទ​ត្រង់​ស្បែក​លើ​កែង​ជើង​នោះ​ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់។​

ចុចអាន៖ដឹង​តិច​និក​ទាំង​នេះ​រួច​ អ្នក​លែង​បារម្ភ​រឿង​ពាក់​ស្បែក​ជើង​កែង​ចោត​ទៀត​ហើយ!

អត្ថបទ៖ Pencharm