មុនពេលសម្ពោធលើកដំបូង ស្រីៗត្រូវចាក់វ៉ាក់សាំងមួយប្រភេទ បើមិនចង់កើតមហារីក
- 2018-02-06 05:09:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនពេលសម្ពោធលើកដំបូង ស្រីៗត្រូវចាក់វ៉ាក់សាំងមួយប្រភេទ បើមិនចង់កើតមហារីក
ក្មេងៗជំទង់ឆាប់ប្រឡូករឿងរួមភេទដោយគ្មានសុវត្ថិភាព អ្នកមានដៃគូរួមភេទច្រើន និងអ្នកជក់បារី ងាយឆ្លងវីរុស HPV។ ធ្លាប់តែឮ HIV ហើយអត់ដែលដឹង HPV មែន?
HPV ជាវីរុសបណ្ដាលឲ្យកើតជំងឺមហារីកមាត់ស្បូន និងសម្លាប់ស្ត្រីជាច្រើនជុំវិញពិភពលោក។ វីរុសនេះកើតលើមនុស្សដែលសកម្មរឿងរួមភេទ។ មានន័យថា មនុស្សភាគច្រើន ឆ្លងវីរុសនេះភ្លាមៗ បន្ទាប់ពីរួមភេទរួច ហើយជាទូទៅ ឆ្លងលើបុរស និងស្ត្រីចាប់ពីអាយុ ១៥ ឆ្នាំឡើង។
វីរុស HPV មានច្រើនជាង ២០០ ប្រភេទ តែមានតែវីរុស HPV ប្រភេទ ១៦ និង ១៨ ប៉ុណ្ណោះដែល៧០% អាចកើតជំងឺមហារីកមាត់ស្បូន ដំបៅមាត់ស្បូន មហារីកទ្វារលាមក មហារីកទ្វារមាស និងលិង្គ។
ឯវីរុស HPV ប្រភេទ ៦ និង ១១ វិញ មាន ៩០% អាចកើតជំងឺឫសនៅប្រដាប់បន្តពូជ និងដុះសាច់នៅផ្លូវដង្ហើម (RRP) ជាជំងឺមួយមានដុំសាច់ (ដុំស្លូត) ដុះក្នុងផ្លូវដង្ហើម ចាប់តាំងពីច្រមុះ និងមាត់ទៅដល់ក្នុងសួត។
ធ្វើម៉េចទើបដឹងថាអ្នកមានជំងឺមហារីកមាត់ស្បូន?
ជាទូទៅ អ្នកកើតជំងឺមហារីកមាត់ស្បូន រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ ទើបចេញរោគសញ្ញា៖
ដោយជំងឺមហារីកមាត់ស្បូន គ្មានរោគសញ្ញានៅដំណាក់កាលដំបូង ស្ត្រីអាយុពី ២១ ទៅ ២៩ ឆ្នាំ ត្រូវទៅធ្វើតេស្តកោសិកាមាត់ស្បូនរាល់ ៣ ឆ្នាំម្ដង។ ឯស្ត្រីអាយុចាប់ពី ៣០ ឆ្នាំឡើង ត្រូវទៅពិនិត្យកោសិកាមាត់ស្បូន និងធ្វើតេស្តរកវីរុស HPV រាល់ ៥ ឆ្នាំម្ដង។ ការធ្វើតេស្តរួមគ្នានេះ ត្រូវបន្តរហូតដល់អាយុ ៦៥ ឆ្នាំ។
សំណាងមានវ៉ាក់សាំង HPV!
មានវ៉ាក់សាំង ២ ប្រភេទ ត្រូវរដ្ឋបាលស្បៀងអាហារ និងថ្នាំ (FDA) របស់អាមេរិក ទទួលស្គាល់ថាការពារមិនឲ្យកើតវីរុស HPV ទាំងប្រភេទ ១៦ និង ១៨ បាន។
អង្គការសុខភាពពិភពលោក ណែនាំឲ្យក្មេងស្រីអាយុចាប់ពី ៩-១៣ ឆ្នាំ ចាក់វ៉ាក់សាំងបង្ការវីរុសនេះ។ មានន័យថា វ៉ាក់សាំងបង្ការជំងឺនេះ ត្រូវចាក់មុនពេលរួមភេទជាលើកដំបូង។
វ៉ាក់សាំង HPV នេះ ត្រូវចាក់នៅសាច់ដុំដើមដៃ ហើយត្រូវចាក់ពី ២ ទៅ ៣ ដូស។ ស្រីៗអាយុ ១៥-២៦ ឆ្នាំ ត្រូវចាក់ ៣ ដូស។ ដូសទី២ ត្រូវចាក់ ២ ខែបន្ទាប់ពីចាក់លើកទី១។ ដូសទី៣ ត្រូវចាក់ ៦ ខែបន្ទាប់ពីចាក់លើកទី១។
ដោយឡែក ប្រទេសមួយចំនួន ក៏ចាប់ផ្ដើមចាក់វ៉ាក់សាំងនេះលើក្មេងប្រុស ដើម្បីការពារជំងឺមហារីកប្រដាប់បន្តពូជផងដែរ។
អ្នកអាចទាក់ទងពេទ្យ ដើម្បីទទួលបានការណែនាំចាក់វ៉ាក់សាំងបង្ការជំងឺនេះ។ ទោះបីចាក់វ៉ាក់សាំងបង្ការជំងឺនេះក៏ដោយ ដើម្បីសុវត្ថិភាព អ្នកជំនាញណែនាំឲ្យប្រើស្រោមអនាម័យ ពេលរួមភេទ និងកាត់បន្ថយដៃគូរួមភេទ។
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
ចំណាំ៖ រាល់ថ្ងៃសុក្រ កញ្ញា នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្ដី Healthwise Digest ពី DKSH ៕