ស្ទីលផាត់​មុខ​អាក្រក់​ៗ​ ដែល​នឹង​ត្រូវ​រលាយ​ក្នុង​ឆ្នាំ​ ២០១៨

  • 2017-12-20 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ទីល​ផាត់​មុខ​ហាយឡាយ​ឡើង​រលើប​ដូច​លាប​ខ្លាញ់ ចិញ្ចើម​ក្រាស់​ដូច​ដង្កូវ ម្សៅ​កាត់​ថ្គាម​ឡើង​ខ្មៅ​ដូច​ធ្យូង​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​ថ្មី​នេះ។

សិល្បៈ​នៃ​ការ​ផាត់​មុខ​គឺ​ជួយ​ញ៉ាំង​ឲ្យ​សម្រស់​យើង​កាន់​តែ​ស្រស់​ស្អាត​ជាង​មុន។ យ៉ាងណាក៏ដោយ មាន​ស្ទីល​ផាត់​មុខ​ជា​ច្រើន​ដែល​មិន​ត្រឹម​តែ​មិន​លើក​សម្រស់​នោះ​ទេ ថែម​ទាំង​ជួយ​ជាន់​ពន្លិច​មួយ​ថែម​ទៀត ព្រោះ​មិន​ស៊ី​នឹង​ទម្រង់​មុខ​របស់​អ្នក​ផាត់ ជា​ពិសេស​គឺ​ស្ដាយ​ផាត់​មុខ​មក​ពី​លោក​ខាង​លិច​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ម៉ូដ​ផាត់​មុខ​មួយ​ចំនួន​ដែល​គេ​រំពឹង​ថា​នឹង​បាត់​មុខ​នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។

១. ហាយឡាយ​មុខ​ឡើង​រលើប​ដូច​ខ្លាញ់

ខណៈ​លាប​ហាយឡាយ​សម​ល្មម ធ្វើ​ឲ្យ​មុខ​យើង​ប្រៀប​ដូច​មាន​សំណើម​នោះ ពេល​ប្រើ​ម្សៅ​ហាយ​ឡាយ​ខ្លាំង​ពេក ធ្វើ​ឲ្យ​មុខ​យើង​ចាំង​ដូច​បាល់​ក្នុង​បារ​ឌីស្កូ ហើយ​ឡើង​រលើប​ដូច​លាប​ខ្លាញ់​ជ្រូក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សម្រាប់​អ្នក​មុខ​មូល ពេល​ប្រើ​ហាយឡាយ​ជ្រុល អាច​ធ្វើ​ឲ្យ​មុខ​ធំ​ជាង​មុន​ទៀត​ផង។

២. កាត់​ថ្គាម កាត់​ថ្ពាល់​ខ្មៅ​ដូច​ធ្យូង

សម្រាប់​អ្នក​ថ្គាម​ខ្លា ម្សៅ​កាត់​ថ្គាម​គឺ​ជា​ជំនួយ​ដែល​មិន​អាច​ខ្វះ​បាន។ តែ​បើ​ប្រើ​មិន​ចេះ​ថ្នម​ដៃ​នោះ​ទេ មុខ​របស់​អ្នក​នឹង​ក្រម៉ៅ​ដូច​ត្រូវ​ខ្លោច។ មនុស្ស​ជា​ច្រើន​ដោយ​សារ​តែ​ចង់​បាន​មុខ​ចេញ​ទម្រង់​វី សុខ​ចិត្ត​ប្រើ​ម្សៅ​នេះ​យ៉ាង​មិន​ប្រណី​ដៃ។

៣. ចិញ្ចើម​ក្រាស់​ឃ្មឹក​ដូច​ដង្កូវ

គេ​មិន​ដឹង​ថា​តាំង​ពី​ពេល​ណា ម៉ូដ​ចិញ្ចើម​ស្លុយ​នេះ​ប្រែ​ជា​ពេញ​និយម​នោះ​ឡើយ តែ​គេ​ជឿជាក់​ថា​វា​នឹង​លែង​មាន​នៅ​ឆ្នាំ​ខាង​មុខ។ ការ​គូស​ចិញ្ចើម​ក្រាស់​មិន​ត្រឹម​តែ​មើល​ទៅ​មិន​ធម្មជាតិ​នោះ​ទេ ថែម​ទាំង​ឲ្យ​អ្នក​គូរ​មើល​ទៅ​ចាស់​ជាង​មុន​ទៀត​ផង។

៤. គូស​ត្រេ​មាត់​ចេញ​ក្រៅ​ឲ្យ​ឃើញ​ធំ

ដោយ​សារ​តែ​ឥទ្ធិពល​របស់​តារា​បរទេស​ដែល​ចង់​បាន​មាត់​ធំ​នោះ ក៏​មានមនុស្ស​មិន​តិច​ទេ​ដែល​តាម​គន្លង​នេះ។ ដោយ​សារ​តែ​ចង់​បាន​ទម្រង់​មាត់​ធំ អ្នក​ខ្លះ​សុខ​ចិត្ត​គូស​ត្រេ​មាត់​ឲ្យ​ហៀរ​​ចេញ​ក្រៅ​ដើម្បី​ឲ្យ​មាត់​រីក​ជាង​មុន។ បើ​ត្រេ​មិន​ស្រួល​ទេ មាត់​អាច​មើល​ទៅ​ស្ពេស ឬ​ស្ទីក៕

ចុចអាន៖ស្បែក​មុខ​ស ទន់ ម៉ត់​រលោងដោយ​គ្រាន់​តែ​អ្នក​​ប្រើក្រូច​ឆ្មា​តាម​វិធី​នេះ

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel