វិធីសាស្ត្រ​សាមញ្ញៗ​១១​យ៉ាង​ធ្វើ​ឲ្យ​​​ថ្នាក់​ដឹក​នាំ​​​របស់​អ្នក​ស្រឡាញ់​ និង​ទុក​ចិត្ត​អ្នក​ខ្លាំង

  • 2017-12-17 03:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត្តចរិត របៀប​ធ្វើការ របស់​​អ្នក​គ្រប់គ្រង​ម្នាក់ៗ ខុស​គ្នា​ពី​កន្លែង​ធ្វើ​ការ​មួយ​ទៅ​​កន្លែង​មួយ​។ ការ​ខិតខំ​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព​គឺ​ជា​​​​រឿង​ចាំបាច់​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ ក៏​ដូច​ជា​ក្លាយ​ជា​បុគ្គលិក​ឆ្នើម ​ជា​ទី​ពេញចិត្ត​របស់​​​មិត្ត​រួម​ការងារ​ ព្រម​ទាំង​​ថ្នាក់​គ្រប់គ្រង​​​របស់​អ្នក​​។ ដើម្បី​ជា​គន្លឹះ​បន្ថែម​ទៀត ខាង​​ក្រោម​នេះ​ជា​វិធីសាស្រ្ត​សាមញ្ញៗ​១១​ចំនុច ប្រសិន​បើ​អ្នក​អាច​​អនុវត្ត​បាន​ជា​ប្រចាំ ធានា​អ្នក​ប្រាកដ​ជា​ក្លាយ​ជា​បុគ្គល​ជំនិត ជា​ទី​ស្រឡាញ់​ និង​ទុក​ចិត្ត​​របស់​មេ​របស់​អ្នក​ជា​មិន​ខាន​៖​

១.​ ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​

ពេល​ជួប​បញ្ហា​អ្នក​ត្រូវ​ព្យាយាម​ដោះស្រាយ​​ដោយ​ខ្លួន​ឯង​ឲ្យ​អ្នក​ពី​សមត្ថភាព តាម​តែ​​អាច​ទៅ​រួច​។ បង្ហាញ​មេ​របស់​អ្នក​ពី​ភាព​ខ្លាំង ឆ្លាតវៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​អ្នក​។ ក្នុង​អង្គប្រជុំ​លើក​​យក​តែ​បញ្ហា​ធំៗ ដែល​​ពិបាក​ខ្លាំង​មក​និយាយ​បាន​ហើយ​។​

រូបតំណាង

**២. ផ្តល់​គុណតម្លៃ​របស់​អ្នក​ចំពោះ​​ក្រុមហ៊ុន​**

សួរ​ខ្លួន​ឯង​ថា​ តើ​សព្វថ្ងៃ​អ្នក​បាន​ផ្តល់​អ្វី​ខ្លះ​ដល់​ក្រុមហ៊ុន​? តំណែង​ធំ ប្រាក់ខែ​ច្រើន ក្រុមហ៊ុន​មិន​ខ្លាច​នឹង​ផ្ដល់​ឲ្យ​អ្នក​ទេ ប្រសិន​អ្នក​ពិត​ជា​មាន​សមត្ថភាព​ខ្លាំង អាច​ផ្តល់​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ច្រើន​។​​ ដូច្នេះ​បង្ហាញ​ពី​ភាព​​សំខាន់ និង​សក្ដានុពល​របស់​អ្នក​លើ​ការងារ​ឲ្យ​រឹត​តែ​​ខ្លាំង​។​

៣. កែប្រែ​​របៀប​ទំនាក់ទំនង​ឲ្យ​ត្រូវ​ជាមួយ​​​មេ​របស់​អ្នក​

ការងារ​មួយ​ផ្នែក​របស់​អ្នក​គឺ​ជួយ​សម្រួល​ការងារ​​ថ្នាក់​លើ​របស់​អ្នក​ ដូច្នេះ​អ្នក​ក៏​ត្រូវ​ដឹង​ថា​តើ​មេ​កើយ​របស់​អ្នក​ចូលចិត្ត​​វិធី​ទំនាក់ទំនង​បែប​ណា តាម​រយៈ​អ៊ីមែល ឬ​ក៏​ជួប​និយាយ​ផ្ទាល់​?​ ប្រសិន​បើ​មធ្យោបាយ​អ្នក​ខុស​ពី​គាត់ អ្នក​ត្រូវ​​កែប្រែ ឬ​សម្របសម្រួល​តាម​តែ​​អាច​ធ្វើ​ទៅ​បាន​។​

៤. សុំ​ដំបូន្មាន​

កុំ​ខ្លាច​ក្នុង​ការ​សុំ​ដំបូន្មាន​ល្អៗ​ពី​មេ​របស់​អ្នក​។ វា​ជួយ​ឲ្យ​អ្នក​ដឹង​ថា​អ្នក​ខ្វះខាត​ចំនុច​ណា​ខ្លះ ហើយ​តើ​អ្នក​ត្រូវ​​ការ​ចំនុច​​បន្ថែម​​អ្វី​​ខ្លះ ដើម្បី​ទៅ​ដល់​ការ​រំពឹង​​របស់​គាត់​។ វា​ក៏​ជួយ​ឲ្យ​ទំនាក់​ទំនង​អ្នក និង​គាត់​មាន​ភាព​ស្និទ្ធស្នាល ក្នុង​ភាព​ជា​ដៃ​គូ​ផង​ដែរ​។​

៥. ទៅ​ធ្វើ​ការ​លឿន​

ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា​​បុគ្គលិក​ដែល​ទៅ​ធ្វើ​ការ​លឿន មុន​គេ តែងតែ​ទទួល​បាន​ការ​វាយ​តម្លៃ​ល្អ​ពី​ថ្នាក់​លើ​​។ ទោះ​បី​ជា​​​អ្នក​ចេញ​ពី​ធ្វើ​ការ​រហ័ស​ជាង​​បុគ្គលិក​​ផ្សេង​​​ទៀត​ក៏​ដោយ ក៏​អ្នក​​ក្លាយ​ជា​មនុស្ស​ដែល​ទាញ​បាន​ចំណាប់អារម្មណ៍​ល្អ​ក្នុង​ពេល​ព្រឹក​ពី​មេ​របស់​អ្នក​​​រាល់​ថ្ងៃ​ដែរ​។​

រូបតំណាង

៦. ទៅ​ដល់​អ្វី​ដែល​ថ្នាក់​លើ ចង់​បាន​

អ្នក​ត្រូវ​រៀន​ដឹង​​​​ពី​​​អ្វី​ដែល​ថ្នាក់​លើ​របស់​អ្នក​​ចង់​បាន ហើយ​ត្រូវ​ប្ដេជ្ញា​​​ធ្វើ​ឲ្យ​បាន​សម្រេច ដើម្បី​ផ្គាប់​ចិត្ត​របស់​គាត់​។​ ថ្នាក់​​លើ​ផ្សេង​គ្នា​យក​ចិត្ត​ទុក​ដាក់​រឿង​ផ្សេង​គ្នា ដូច្នេះ​អ្នក​ត្រូវ​ឆ្លាត​ក្នុង​ការ​សង្កេត​។ បើ​មេ​របស់​អ្នក​មិន​ខ្វល់​ពី​ការ​យឺតយ៉ាវ តែ​សង្កត់​​ធ្ងន់​លើ​លទ្ធផល អ្នក​ក៏​ត្រូវ​តម្រូវ​តាម​​​នោះ​ដែរ​។​

៧. កំណត់​គោលដៅ​ដែល​ពិបាក​

អ្នក​ខ្លះ​គិត​ថា​គោលដៅ​ធំ​ពេល​ មិន​អាច​ទៅ​រួច​ គឺ​ជា​រឿង​ឥត​ប្រយោជន៍ ប៉ុន្តែ​បើ​អ្នក​មាន​ចិត្ត​តស៊ូ ជំនះ ធ្វើ​វា​ឲ្យ​បាន​សម្រេច​ អ្នក​ប្រាកដ​ជា​ក្លាយ​ជា​​បុគ្គលិក​លេច​ធ្លោ ក្នុង​ភ្នែក​មេ​របស់​អ្នក​ជា​មិន​ខាន​។​ ៨. យក​ចិត្ត​ទុក​ដាក់​លើ​រឿង​តូចៗ យ៉ាង​លំអិត​

មិនមែន​តំណែង​ធំ ត្រូវ​មើល​តែ​រឿង​ធំៗ​ទេ​ ព្រោះ​ពេល​ខ្លះ​រឿង​តូចតាច​ក៏​អាច​​បង្ក​ឲ្យ​មាន​បញ្ហា​ធំ​បាន​ដែរ​។ ដូច្នេះ​បើ​អ្នក​ជា​បុគ្គលិក​ដែល​អាច​សង្កេត និង​ចាប់​អារម្មណ៍​កិច្ចការ​ជុំវិញ​យ៉ាង​លំអិត​ មេ​ណា​ដែល​ថា​មិន​ស្រឡាញ់​នោះ​។​

រូបតំណាង

៩. និយាយ​ពាក្យ “អគុណ”

ផ្ដល់​ភាព​​ដឹង​គុណ ចំពោះ​រាល់​ការ​ណែនាំ បង្រៀន របស់​​ថ្នាក់​លើ​​អ្នក ដោយ​​​ឧស្សាហ៍​និយាយ​ពាក្យ​ “អគុណ” ទៅ​កាន់​គាត់​។ ថ្វីត្បិត​តែ​ពាក្យ​នេះ​ជា​ពាក្យ​គួរសម​​ធម្មតា តែ​វា​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​​កតញ្ញូ និង​សុភាព​រាបសា​​ក្នុង​ភ្នែក​របស់​គាត់​។​

១០. ឈប់​សម្រាក​លំហែ​​អារម្មណ៍​

ការ​វក់​​ធ្វើ​ការ​ខ្លាំង ដោយ​លែង​ខ្វល់ខ្វាយ​ពី​សុខភាព​ ឬ​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​មិន​​បាន​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​នោះ​ទេ​។​ ការ​លំហែ​អារម្មណ៍​គ្រប់គ្រាន់ ជួយ​ឲ្យ​អ្នក​ស្រស់​ថ្លា មាន​គំនិត​​ច្នៃ​ប្រឌិត​ថ្មីៗ​ល្អៗ សម្រាប់​​យក​មក​ដោះស្រាយ​បញ្ហា​នៅ​ពេល​ត្រឡប់​មក​វិញ​។​

១១. ហ៊ាន​និយាយ​

ក្លាហាន​ក្នុង​ការ​និយាយ​ ឬ​បញ្ចេញ​យោបល់​ជាមួយ​មិត្ត​រួម​ការងារ ឬ​ក្នុង​អង្គ​ប្រជុំ​។​ ទោះ​បី​​គំនិត​អ្នក​ល្អ ឬ​មិន​ល្អ​ក៏​ដោយ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​មាន​ឆន្ទៈ​​ក្នុង​​ការ​ធ្វើការ​ជា​ក្រុម ព្រម​ទាំង​​បង្ហាញ​ឲ្យ​​មេ​របស់​អ្នក​ស្គាល់​អ្នក​រឹត​តែ​ច្បាស់​។​

រូបតំណាង

ប្រភព៖ Businessinsider ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម