វ៉ាក់សាំងសំខាន់ៗបំផុតក្នុងជីវិតក្មេង ដែលឪពុកម្ដាយសម័យថ្មី អត់ដឹងច្បាស់ អាងតែពេទ្យ ប្រយ័ត្នស៊យធំ

  • 2017-12-01 08:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុកម្ដាយ​សម័យ​ថ្មី មិន​មាន​ភាគ​ច្រើន​ទេ ដែល​ដឹង​ថា​កូន​កើត​មក​ត្រូវ​ចាក់​វ៉ាក់សាំង​សំខាន់ៗ​ដើម្បី​ការពារ​ទារក ឬ​ក្មេង​ពី​ជំងឺ​កាច​សាហាវ​ដែល​យាយី​ដល់​អនាគត និង​ជីវិត​របស់​ក្មេង។ ឯ​បើ​អ្នក​ដែល​ត្រៀម​ធ្វើ​ជា​ឪពុក​ម្ដាយ​គេ​ទៀត រឹត​តែ​ត្រូវ​ដឹង​ច្បាស់​ពី​បញ្ហា​នេះ។ កុំ​អាង​តែ​គ្រូ​ពេទ្យ​មួយ​មុខ បើ​ទោះ​ជា​បច្ចុប្បន្ន​ពេទ្យ​នឹង​រៀបចំ​ម៉ា​កំផ្លេ​រឿង​ចាក់​ថ្នាំ​បង្ការ ពេល​កូន​កើត​មក​ក៏​ដោយ។

ខាង​ក្រោម ជា​វ៉ាក់សាំង​សំខាន់ៗ​ណែនាំ​ដោយ​មជ្ឈមណ្ឌល​ការពារ និង​គ្រប់គ្រង​ជំងឺ (CDC) ដើម្បី​បង្ការ​គ្រប់​កុមារ​ទាំង​អស់​ចាប់​ពី​កើត​ដល់​អាយុ ៦ ឆ្នាំ។ ថ្នាំ​បង្ការ​ទាំង​នេះ ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ជាតិ​របស់​កម្ពុជា​ដែរ។

១. ជំងឺ​រលាក​ថ្លើម​ប្រភេទ B

ថ្វី​បើ​ទារក​ភាគ​ច្រើន គ្មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​រលាក​ថ្លើម​ប្រភេទ B ក៏​ដោយ ការ​ចាក់​ថ្នាំ​បង្ការ​តាំង​ពី​តូច គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ធានា​បាន​ការ​ការពារ​ពេញ​មួយ​ជីវិត។ ថ្នាំ​បង្ការ​វីរុស​រលាក​ថ្លើម​ប្រភេទ B ត្រូវ​ចាក់ ៣ ដង។ ដូស​ដំបូង គួរ​ចាក់​ក្នុង​រយៈ​ពេល ២៤ ម៉ោង​បន្ទាប់​ពី​កើត។ ដូស​ទី២ ត្រូវ​ចាក់​ពី ១ ទៅ ២ ខែ​បន្ទាប់ ហើយ​ដូស​ទី៣ ត្រូវ​ចាក់ ពេល​ទារក​មាន​អាយុ ៦ ទៅ ១៨ ខែ។

២. ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង

កុមារ​ទាំង​អស់ ត្រូវ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ដើម្បី​ជៀស​វាង​ការ​ផ្ទុះ​ជំងឺ​នេះ​សាជាថ្មី។ ដូស​ទី ១ និង​ទី​២ ត្រូវ​ផ្ដល់​ឱ្យ​ទារក​នៅ​អាយុ ២ និង ៤ ខែ។ ការ​ចាក់​លើក​ទី​៣ ជា​ទូទៅ​ត្រូវ​ផ្ដល់​ឲ្យ​ទារក​នៅ​អាយុ ៦ ទៅ ១៨ ខែ ហើយ​ការ​ចាក់​លើក​ទី​៤ ជា​ធម្មតា គឺ​ពេល​កុមារ​មាន​អាយុ​ចាប់​ពី ៤ ទៅ ៦ ឆ្នាំ​មុន​ពេល​ចូល​រៀន។

៣. ជំងឺ​រាករូស

Rotavirus ជា​មូលហេតុ​សំខាន់​បំផុត​នៃ​ជំងឺ​រាករូស និង​ការ​បាត់បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ​ចំពោះ​ទារក និង​កុមារ​តូចៗ។ វ៉ាក់សាំង​ប្រឆាំង​នឹង Rotavirus មាន​ពីរ​ប្រភេទ គឺ RV5 និង RV1។ វ៉ាក់សាំង​នេះ​ស្ថិត​ក្នុង​ទម្រង់​ជា​ទឹក និង​ត្រូវ​ផ្ដល់​ឱ្យ​ទារក​ដោយ​បន្តក់​តាម​មាត់។ ដូស​ដំបូង​នៃ​វ៉ាក់សាំង​នេះ ត្រូវ​បាន​ផ្តល់​ឱ្យ​ទារក​ចន្លោះ​ពី ៦ ទៅ ១៥ សប្ដាហ៍។

  • RV5 ត្រូវបាន​ផ្តល់ឱ្យ​ទារក ៣ ដូស​គឺ​នៅ​អាយុ ២ ខែ ៤ ខែ​និង ៦ ខែ
  • RV1 ត្រូវបាន​ផ្តល់ឱ្យ​ទារក ២ ដូស​គឺ​នៅ​អាយុ ២ ខែ ៤ ខែ​

៤. ជំងឺ​កញ្ជ្រឹល - ស្រឡទែន- ស្អូច (MMR)

ជំងឺ​កញ្ជ្រឹល ស្រឡទែន (ក្រឡទែន) និង​ស្អូច ជា​ជំងឺ​ដែល​អាច​ឆ្លង​តាម​ទឹកមាត់ ឬ​ស្លេស្ម​ដែល​អ្នក​ជំងឺ​ក្អក ឬ​កណ្ដាស់។ ដូស​ដំបូង​នៃ MMR ត្រូវ​ផ្តល់​ឱ្យ​ទារក​នៅ​អាយុ ១២ ទៅ ១៥ ខែ។ ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល ស្រឡទែន និង​ស្អូច​លើក​ទី​២ ជា​ធម្មតា គឺ​ពេល​កុមារ​មាន​អាយុ​ចាប់​ពី ៤ ទៅ ៦ ឆ្នាំ​មុន​ពេល​ចូល​រៀន។

៥. Haemophilus Influenzae ប្រភេទ B (Hib)

Hib ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​ដោយ​បាក់តេរី​ចំពោះ​កុមារ។ វ៉ាក់សាំង​នេះ​ត្រូវ​ផ្ដល់​ឱ្យ​ទារក ៣ ដង​នៅ​អាយុ ២ ខែ ៤ ខែ និង ៦ ខែ ហើយ​ចាក់​រំឭក​ឡើង​វិញ​នៅ​អាយុ ១២ ទៅ ១៥ ខែ។

៦. ជំងឺ​រលាក​សួត​ដោយ​ភ្នឺម៉ូកូក

Streptococcus pneumoniae (pneumococcus) អាច​បណ្ដាល​ឱ្យ​មាន​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ ដូចជា ជំងឺ​រលាក​ស្រោម​ខួរ និង​ជំងឺ​រលាក​សួត ដែល​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កុមារ។ គ្រប់​ដូស​ទាំង​អស់ ត្រូវ​ផ្ដល់​ឱ្យ​កុមារ​នៅ​អាយុ ២ ខែ ៤ ខែ និង ៦ ខែ និង​នៅ​អាយុ ១២ ទៅ ១៥ ខែ។ ដូស​ដំបូង​អាច​ផ្ដល់​ឱ្យ​កុមារ​រហូត​ដល់​អាយុ ៦ សប្ដាហ៍។

៧. ជំងឺ​រលាក​ខួរក្បាល (JE)

ជំងឺ​រលាក​ខួរក្បាល JE ជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មក​ពី​វីរុស JE។ វា​ឆ្លង​តាម​មូស​ដែល​មាន​មេរោគ​ខាំ។ វ៉ាក់សាំង​នេះ មាន​ទម្រង់​ជា​ថ្នាំ​ចាក់ ហើយ​ត្រូវ​ចាក់ ២ ដូស​សម្រាប់​ការ​ការពារ​ពេញ​លេញ។

ជា​រឿង​សំខាន់​ណាស់​សម្រាប់​កុមារ​ដែល​ត្រូវ​តែ​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​ពេញ​លេញ។ ជំងឺ​ដែល​អាច​បង្ការ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​អាច​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត ជា​ពិសេស​ចំពោះ​ទារក​និង​កុមារ​តូចៗ។ ឪពុក​ម្ដាយ​គួរ​តែ​ដឹង​ពី​បញ្ហា​នេះ ដើម្បី​ការពារ​កូនៗ​របស់​ពួកគេ​ពី​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទ៖ DKSH

អត្ថបទពេញនិយម