ក្មេង​ស្រី​បើ​​មាន​​ប៉ុន្មាន​ចំនុច​នេះ​លេច​ឡើង​ ​អ្នក​​លែង​ជា​​កូន​ក្មេង​​ទៀត​​ហើយ​!

  • 2017-11-28 07:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ភាព “​ពេញ​ក្រ​មុំ​” សម្រាប់​ស្ត្រី គឺជា​ដំណាក់កាល​រំ​ជើ​ប​រំ​ជួល តែ​ក៏​គួរ​ឲ្យ​ខ្លាច​បំផុត​ក្នុង​ជីវិត​ដែរ ។​ស្ត្រី​ភាគច្រើន​មិន​ទាំង​ដឹងថា​ខ្លួន​បាន​ពេញ​ក្រ​មុំ​ផង​ រហូត​ដល់ពេល​ចាប់​មក​រដូវ​លើក​ដំបូង ។ តាមពិត​ស្ត្រី​ចាប់​ពេញ​រូបរាង​មុន​ពេល​មក​រដូវ​ទៀត ដោយ​ការ​ប្រែប្រួល​អ័រម៉ូន​ក្នុង​ខ្លួន​ធ្វើ​ឲ្យ​ខ្លួនប្រាណ អារម្មណ៍ ស្មារតី និង​របៀប​គិត ​ក៏​ប្រែ​ខុសប្លែក​ពីមុនឆ្ងាយ​​​ដែរ អាច​ចំណាំបា​នងាយៗ ដូចខាងក្រោម ៖

​១. ពេញ​ទូទាំង​រាងកាយ​ហាក់​ប្រែប្រួល​លូតលាស់រ​ហ័ស​ខ្លាំង ៖ តើ​អ្នកមាន​ចាប់អារម្មណ៍​ថា​ស្រាប់តែ ភ្លាមៗ​អ្នក​ពាក់​ខោអាវ​ដែល​ធ្លាប់តែ​ពាក់​រាល់ដង​លែង​ចុះទេ ? ព្រោះ​ស្ត្រី​ចាប់ផ្តើម​ពេញ​វ័យ​អាចនឹង​ឡើង​គី​ឡូ ហើយ​លូត​កម្ពស់​ប្លែក​ភ្នែក​ខ្លាំង​។

​២. ចាប់អារម្មណ៍​អ្នក​ចាប់ផ្តើម​មាន​ក្លិន​ខ្លួន ៖ ក្នុង​ដំណា​ក់​កាល​ទើបតែ​ចាប់ផ្តើម​ពេញ​វ័​យភ្លាមៗ អ័រម៉ូន​ក្នុង​ខ្លួន​ស្រ្តី​មាន​ស​ន្ទុះ​ខ្លាំង ធ្វើ​ឲ្យ​ក្រពេ​ញញើស​​កាន់តែ​សកម្ម​។ ស្ត្រី​នឹង​ចេញ​ញើស​ច្រើន​ហើយ​ប៉ះ​លាយឡំ​នឹង​បា​តេ​រី​នៅលើ​ស្បែក បង្កើត​ទៅ​ជា​ក្លិន​​ខ្លួន​ម្យ៉ាង មិនសូវ​ជា​គាប់​ច្រមុះ​ប៉ុន្មាន​ទេ​។ តែ​បញ្ហា​ក្លិន​ខ្លួន​ធម្មជាតិ​បែប​នេះ មិន​ពិបាក​ដោះស្រាយ​ឡើយ ដោយ​អ្នក​អាច​ងូតទឹក​សម្អាតខ្លួន​ជាមួយ​​សាប៊ូ​រាល់ថ្ងៃ និង​ពាក់​ខោ​ក្នុង​ដែល​ធ្វើជា​អំបោះ​កាតុង ជា​ការ​ស្រេច​។

**​៣. ចាប់ផ្តើម​ឡើង​ដោះ ៖** ជាទូទៅ​ស្ត្រី​ចាប់ផ្តើម​ឡើង​ដំនៅ​ដើមទ្រូង (​ដោះ​) ក្នុង​វ័យ ៩ ឬ ១០​ឆ្នាំ​។ នេះ​គឺជា​ការវិ​វ​ឌ្ឍ​ប​ន្តិ​ច​ម្តងៗ ហើយ​ដោះ​ម្ខាង​អាច​ឡើង​ធំ​ជាង​ម្ខាងទៀត​ នេះ​ជា​រឿង​ធម្មតា ។

​៤. ចាប់ផ្តើម​មាន​ដុះ​រោមនៅ​ជុំ​វិ​ញ​កន្លែង​ឯក​ជន (​ប្រដាប់ភេទ​) ៖ ពេល​ចាប់​ដុះរោម​នៅកន្លែង​​សម្ងាត់នេះ បញ្ជាក់ថា​ស្ត្រី​កាន់តែ​កៀក​ដល់ពេល​ពេញ​វ័​យ​មែនទែន​ហើយ ។

​៥. សាក​ឈ​រ​ពីមុខ​កញ្ចក់​ពិ​និត្យ​មើល​រូបរាង​ពេញ​វ័យ​របស់ខ្លួន ៖ បន្ថែម​ពីលើ​ការឡើង​ដោះ និង​ដុះ​រោម រូបរាងកាយ​អ្នក​ក៏​ប្រែប្រួល​ខ្លាំង​ដែរ ហាក់​ដូច​ជា​​ហំ​ណែន​ជាងមុន​​ ។ ភាគច្រើន​បើ​ពី​ក្មេង​អ្នក​ស្គម​ស្តើង ពេល​ពេញ​វ័យ​អ្នកអាច​រៀ​ង​ឡើង​សាច់ ទៅ​ជា​មូល​ប​ន្តិ​ចក៏​មាន នៅត្រង់ ត្រ​កៀក កំភួញជើង ដើមដៃ ជើង តួ​ដៃ និង​ប្រអប់ជើង​ជាដើម ។

​៦. លេចចេញ​រោមជើង និង​រោម​ក្លៀក​ ៖ អាច​លេចចេញ​ក្រោយ​អ្នក​បាន​ដុះ​រោមនៅ​កន្លែង​សម្ងាត់​បាន​១ ឆ្នាំ​ឬ ២​ឆ្នាំ​ហើយ ។

​៧. ប្រដាប់ភេទ​ចាប់ផ្តើម​បញ្ចេញ​ទឹក​រំអិល​ម្យ៉ាង​តែ​មិនមាន​ក្លិន​ខ្លាំង​​ទេ (vaginal discharge) ៖ អាច ១​ឆ្នាំទៅ ២ ក្រោយ​​អ្នក​ឡើង​ដោះ​សញ្ញានេះ​នឹង​ចាប់​លេចចេញ​មក ដោយ​ពេល​ខ្លះ វា​អាច​ខា​ប់ រ៉ាវ ពេល​ខ្លះ​ដូច​សម្បោរ ។

​៨. ធ្លាក់ឈាម​រដូវ ៖ ក្នុង​ច​ន្លោះ ៦ ខែ​បន្ទាប់ពី​អ្នក​មាន​ធ្លាក់ទឹក​រំ​អិល អ្នក​នឹង​អាច​មក​រដូវ​ដំបូងបង្អស់​ក្នុង​ជីវិត​ថ្ងៃ​ណាមួយ​។ ពេល​ជិត​ធ្លាក់ឈាម​រដូវ​មែនទែន ស្ត្រី​អាចមាន​អារម្មណ៍ ហើម​ពោះ ណែនៗ​ពោះ ទោះ​អ្នក​មិនបាន​ញុំា​​ច្រើន​ក៏ដោយ និងអាច​មានអាការៈ ឈឺ​ខ្នង ឈឺក្បាល ចុករោយដៃជើង ចុក​ពោះ តែ​ត្រូវ​ចាំ​ថា​នេះ​ជា​រឿង​ធម្មតា មិនមែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ខ្លាំងឡើង​។ ប៉ុន្តែ​​បើ​​អាការៈ​ទាំង​នេះ​​ខ្លាំងរហូត​​ទ្រាំ​មិន​បាន នោះ​អាច​​ខុស​ប្រក្រតី ដែល​អ្នក​គួរ​​រួសរាន់​ទៅ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ជំនាញ។​

ជាទូទៅ​សម្រាប់​ស្ត្រី​ដែល​ទើបតែ​មក​រដូវ​ដំបូង នេះ​ជា​ពេល​វេលាលំ​បាក​បំ​ផុត តែ​សំណាង​ដែល​ស​ម័​យ​នេះ​អ្នក​អាចរ​រក​ទិ​ញ​សំ​ឡី​អ​នា​ម័​យ​បាន​យ៉ាង​ងាយស្រួល ហើយ​មាន​ច្រើន​ជ​ម្រើ​សទៀត ។ ​ទោះជា​បែបនេះ​ក្តី​ស្ត្រី​គួរ​ជ្រើស​ប្រើ​សំ​ឡី​អ​នា​ម័​យ​ដែល​ល្អចំពោះ​សុខភាព ជួយ​ការពារពីភាពរម៉ាស់ និងក្លិនមិនល្អ​ ហើយ​ត្រូ​វ​ប្រើ​ឲ្យ​ត្រឹមត្រូវ​ និង​ផ្លាស់​​ប្តូរ​​ក្នុង​ចន្លោះ ៥ម៉ោង​ម្តង​។​ ​

​៩. ស្បែក​ឡើង​ខ្លាញ់ និង​ចេញ​មុន ៖ ស្បែក​មុខ​អ្នក​ចាប់ផ្តើម​ឡើង​ខ្លាញ់​ច្រើន​ជា​​កាលពីមុន និង​មាន​ឡើង​មុន ដោយសារ​ខ្លួន​ប្រាណ​របស់​អ្នក​បាន​ប្រែប្រួល អ៉ី​ចឹង​មុខ​របស់​អ្នក​ក៏​ដូចគ្នា​ដែរ​ ដូច្នេះហើយ​ទើបកន្លង​មក​គេ​​តែង​​និយាយ​​ថា​ "ឡើងមុន ឡើងខ្លួន​" ។​

​១០. កត់ត្រា​ពី​ការ​ប្រែប្រួល​អារម្មណ៍​ប្រចាំថ្ងៃ (​សរសេរ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ​) ៖ ពេល​ចាប់​ពេញ​ក្រ​មុំជា​​ដំណាក់​កាល​ស្មុគស្មាញ​មួយ ព្រោះ​ទាំង​ខ្លួន​ប្រាណ​ និង​ស្មារតី​ស្ត្រី​នឹង​ប្រែប្រួល​ឡើង​ចុះ មិន​ទៀង ហើយ​មិន​នឹង​ន​រ ចិត្ត​ច្រើន ដូចជា​ឆេវឆាវ ឆាប់​ខឹង ឆាប់​អន់ចិត្ត ប្រចណ្ឌ ច្រណែន​ពេល​គ្មាន​អ្នក​ខ្វាយខ្វល់​ពី​ខ្លួន​ គ្មាន​ជំនឿ​ចិត្តលើ​ខ្លួនឯង​ជាដើម ។

អ្នក​គួរ​សរសេរ Diary /​កំណត់ហេតុ​កត់ត្រា​ពី​អារម្មណ៍​ប្រចាំថ្ងៃ ហើយ​ពេល​ក្រោយ​អ្នក​អាច​យកមក​អាន​នឹង​ដឹងថា​តែមួយ​១​ថ្ងៃ​សោះអារម្មណ៍​ប្រែប្រួល​កម្រិតណា​។ អាកា​រៈ​ប្រែប្រួល​អារម្មណ៍នេះ​កើតឡើង​ដោយសារ​ការ​ប្រែប្រួល​អ័រម៉ូន​។

​១១. អ្នក​ចាប់ផ្តើម​ចេះ​លួច​ស្រលាញ់គេ​ ៖ នេះ​ជា​អារម្មណ៍រំភើប រំ​ជើ​ប​រំ​ជួល​ម្យ៉ាង​ដែលអ្នក​មិនធ្លាប់​មាន​ពេល​អ្នកនៅជាកូនក្មេង​ ។ នេះ​ជា​អារម្មណ៍នៃ​ក្តី​ស្រលាញ់ ស្នេហា​ឬ អារម្មណ៍​ផ្លូវភេទ​ជាដើម ដែល​ភាគច្រើន​វា​កើតមានឡើង​ដោយ​មិនដឹង​ខ្លួន​សម្រាប់​ស្ត្រី​ទើបតែ​ពេញ​វ័យ​ថ្មោងថ្មី ។

(រូបតំណាង)

**អត្ថបទទាក់ទង​** - [រឿង​​សាមញ្ញ​​ៗ តែ​ប៉ះពាល់ខ្លាំង​ពេលមក​រដូវ​ ស្ត្រី​ភាគ​ច្រើន​​អាច​​​មិន​ដឹង​](http://kanha.sabay.com.kh/article/988305#utm_campaign=onpage) - [ចេញ​​​ដើរ​​លេង​​​ បើ​ភ្លេច​ដាក់​របស់​នេះ​​តាម​ខ្លួន​​ស្ត្រី​យើង​អាច​​ជួប​​រឿង​​ធំ](http://kanha.sabay.com.kh/article/985205#utm_campaign=onpage) - [ដល់​ថ្ងៃ​ហ្នឹង​អត់​ខ្វល់​អា​លី​ង! ធ្វើ​បានតែ ១១ ចំនុច​នេះ​ដឹង​តែ​ស្រួលខ្លួន​ខ្លាំង​ហ្ម​ង​](http://kanha.sabay.com.kh/article/990756#utm_campaign=onpage)

ប្រភព៖ Wikihow ប្រែ​សម្រួល៖ លីដា

អត្ថបទពេញនិយម