សិរី​សួស្ដី​៥​យ៉ាង​ដែល​គួរ​ធ្វើ​នៅ​ពេល​ព្រឹក​ដើម្បី​នាំ​លាភ​សំណាង

  • 2017-11-28 03:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេរី​សួស្ដី​នៅ​ពេល​ព្រឹក​គឺ​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​វា​ជា​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​សេរី​សួស្ដី​ពេញ​មួយ​ថ្ងៃ​ ទៅ​មួយ​ខែ​ហើយ​ដល់​មួយ​ឆ្នាំ។​ ការ​ចាប់​ផ្ដើម​ពេល​ព្រឹក​ដើម្បី​ឲ្យ​មាន​សេរី​សួស្ដី​គឺ​ មិន​ពិបាក​ឡើយ​ ដោយ​អនុវត្តន៍​ទង្វើ​ទាំង​ ៥​ យ៉ាង​នេះ​នឹង​ទទួល​បាន​សំណាង​ល្អ​ពេញ​មួយ​ថ្ងៃ​ជាក់​ជា​មិន​ខាន។​

១.​ ភ្ញាក់​ពី​ព្រលឹម​ងូត​ទឹក​សម្អាត​ខ្លួន​បាញ់​ទឹក​អប់​ឲ្យ​ក្រអូប

ដូច​ពាក្យ​ទូន្មាន​បាន​ពោល​ថា​ ចាប​ដែល​ហើរ​ចេញ​រក​ចំណី​មុន​គេ​ នឹង​តែង​តែ​ចាប់​ដង្កូវ​បាន​ច្រើន​ជាង​គេ។​ ការ​ភ្ញាក់​ពី​ព្រលឹម​ធ្វើ​ឲ្យ​អ្នក​ស្វាហាប់​និង​ពោរពេញ​ដោយ​ថាមពល​ ហើយ​ការ​ងូត​ទឹក​សម្អាត​ខ្លួន​ទៀត​សោត​ ជួយ​ជម្រះ​នូវ​ឧបទ្រព​ចង្រៃ​ទាំង​ឡាយ​ឲ្យ​ហូរ​ទៅ​តាម​ទឹក​ ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​។​ ពេល​អារម្មណ៍​ស្រស់​ស្រាយ​គំនិត​ស្រស់​ថ្លា​ ប្រកប​ការ​អ្វី​ក៏​សម​តាម​បំណង​ដែរ។​

២.​ បង្វែរ​គំនិត​ឲ្យ​ទៅ​ជា​វិជ្ជមាន

វា​មិន​ពិបាក​ធ្វើ​ទេ​ ព្រោះ​កាលណា​យើង​បាន​ងូត​ទឹក​ស្រស់ស្រាយ​ហើយ​គឺ​គំនិត​វិជ្ជមាន​នេះ​នឹង​ផុស​ចេញ​មក​ឯងៗ​។​ ការ​មាន​ផ្នត់​គំនិត​វិជ្ជមាន​ជួយ​ឲ្យ​ការ​ធ្វើ​ការ​បាន​ល្អ​ ដូច្នេះ​ហើយ​សំណាង​គឺ​វា​មក​តាម​ក្រោយ​ហើយ។​

៣.​ ស្លៀកពាក់​ខោអាវ​ត្រូវ​តាម​ថ្ងៃ

នេះ​ជា​ជំនឿ​របស់​ដូនតា​ខ្មែរ​យើង​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ ថា​​ការ​ស្លៀក​សំលៀកបំពាក់​ឲ្យ​សាក​សម​ទៅ​តាម​ថ្ងៃ​ គឺ​ជួយ​ឲ្យ​មាន​រាសី​ខ្ពស់​ ហើយ​លាភ​សំណាង​និង​ចូល​មក​តាម​នោះ​ដែរ។​ ជឿ​ឬ​មិន​ជឿ​វា​អាស្រ័យ​លើ​អ្នក​ ប៉ុន្តែ​បើ​ជឿ​ក៏​វា​មិន​ខាត​បង់​អ្វី​ដែរ​ ព្រោះ​យើង​គ្រាន់​តែ​ជ្រើស​ពណ៌​អាវ​ឲ្យ​សមស្រប​តាម​ថ្ងៃ​ប៉ុណ្ណោះ។​

៤.​ និយាយ​អរុណសួស្ដី​ទៅ​អ្នក​ផង​

ប្រជាជន​យើង​ភាគ​ច្រើន​មិន​សូវ​និយាយ​ពាក្យ​ហ្នឹង​ទៅ​កាន់​គ្នា​ទេ​។​ ដូចជា​ភាគ​ច្រើន​បើ​ទៅ​ធ្វើ​ការ​គឺ​ទៅ​ដល់​ធ្វើ​ការ​យក​តែ​ម្ដង​ដោយ​មិន​ខ្វល់​ខ្វាយ​ពី​អ្នក​ណា​ទេ​ ដោយ​គិត​ថា​ទោះ​និយាយ​ក៏​គេ​ធ្វើ​មិន​ដឹង​ដែរ​។​ តែ​សូម​កុំ​គិត​ដូច្នេះ​ ពេល​យើង​និយាយ​ពាក្យ​នេះ​ទៅ​កាន់​គេ​ គឺ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ ហើយ​គេ​នោះ​ប្រហែល​ជា​មិន​ឆ្លើយ​តប​ តែ​គេ​បាន​ចាំ​ក្នុង​ចិត្ត​ហើយ​ថា​អ្នក​ជា​មនុស្ស​រួសរាយ​ គួរ​ឲ្យ​ស្រលាញ់​។ ថ្ងៃ​ក្រោយៗ​ទៀត​គេ​នឹង​និយាយ​តប​វិញ​។ លាភ​ដែល​បាន​ពី​ការ​និយាយ​អរុណ​សួស្ដី​នេះ​ គឺ​មាន​គេ​ស្រលាញ់​រាប់អាន​ច្រើន។​

៥.​ សម្អាត​កន្លែង​រក​ស៊ី​ឬ​ធ្វើ​ការ

រាល់​ព្រឹក​ត្រូវ​ចេះ​សម្អាត​កន្លែង​ប្រកប​អាជីវកម្ម​ឬ​ កន្លែង​ការងារ​ឲ្យ​បាន​ស្អាត​បាត​​ដូច​ជា​បោស​ជូត​តុ​កៅអី​ និង​ស្រោច​ទឹក​បន្ទាល​​អី​ជា​ដើម។ព្រោះ​វា​ធ្វើ​ឲ្យ​មាន​សេរី​សួស្ដី​ និង​នាំ​សំណាង​ពេញ​មួយ​ថ្ងៃ។

https://www.thebalance.com/improve-your-luck-8-ways-to-attract-good-luck-880886

ប្រភព៖ thebalance ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម