១០សំនួរដែលអ្នកត្រូវសួរប្តី មុនពេលសម្រេចចិត្តយកកូន
- 2017-11-25 01:40:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០សំនួរដែលអ្នកត្រូវសួរប្តី មុនពេលសម្រេចចិត្តយកកូន
វាជារឿងទូទៅ ការមានកូនប្រាកដជាធ្វើឲ្យជីវិតអ្នក ប្តីរបស់អ្នក និងជីវិតគ្រួសារអ្នកទាំងមូលផ្លាស់ប្តូរខ្លាំង។ ការផ្លាស់ប្តូរនេះ ពិតជាល្អ និងមានន័យ ព្រោះកូនគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុភមង្គលគ្រួសារ។ ប៉ុន្តែអ្នកក៏ត្រូវដឹងដែរថាប្តីរបស់អ្នកគិតដូចអ្នកដែរទេ ហើយគាត់ត្រៀមខ្លួនរួចរាល់ហើយឬនៅ។ ខាងក្រោមនេះជា១០សំនួរដែលអ្នកត្រូវសួរគាត់ មុនពេលសម្រេចចិត្តយកកូន៖
១. តើបងស្ម័គ្រចិត្តលះបង់អ្វីខ្លះ?
អ្នកត្រូវដឹងថាតើប្តីរបស់អ្នកហ៊ានលះបង់អ្វីខ្លះ ក្នុងការជួយមើលថែកូន ដូចជា ការកំសាន្តផ្ទាល់ខ្លួន មិត្តភក្ដិ ឬការងារជាដើម ព្រោះធ្វើជាឪពុកម្តាយ អ្នកទាំងពីរត្រូវការពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តខ្លាំងក្នុងការថែទាំកូនឲ្យបានល្អ។
២. ចំពោះរឿងលើគ្រែ តើបងគ្មានបញ្ហាទេឬ?
ម្តាយដែលមានកូនតូចពិតជារវល់ ដូច្នេះអ្នកប្រាកដជាមិនចាប់អារម្មណ៍រឿងធ្វើខ្លួនស្អាត ដើម្បីទាក់ចិត្តប្តីនោះទេ។ ប៉ុន្តែអ្វីៗនឹងត្រលប់ទៅរកភាពដើមវិញ នៅពេលកូនធំ ដូច្នេះអ្នកត្រូវប្រាកដថាប្តីអ្នកអាចទទួលយករឿងនេះបាន។
៣. តើបងនឹងជួយផ្លាស់កន្ទបកូនទេ?
មើលកូនមិនមែនជាតួនាទីម្តាយផ្ដាច់មុខនោះទេ ដូច្នេះគាត់ដែលជាឪពុកក៏មានចំណែកក្នុងការជួយសម្រាលបន្ទុករឿងទាំងអស់នេះដែរ។
៤. តើយើងគួរដោះស្រាយជម្លោះបែបណា? បន្ទាប់ពីមានកូន អ្នកទាំងពីរមិនអាចឈ្លោះ ងងក់ដាក់គ្នាច្រើនដូចពីមុនទេ ព្រោះវាជាគំរូអាក្រក់សម្រាប់កូន ដូច្នេះការអត់ធ្មត់ អធ្យាស្រ័យ លើកលែងទោស គឺជាតម្រូវការចាំបាច់ក្នុងការដោះស្រាយវិវាទ សម្រាប់ឪពុកម្តាយដែលមានចរិតចាស់ទុំ។ អ្នកត្រូវប្រាកដថាប្តីអ្នកដឹងពីរឿងនេះ។
៥. តើបងនឹងវាយកូនទេ?
របៀបដែលប្តីអ្នកនឹង ប្រដៅ ពិន័យ ឬដាក់ទោស ពេលកូនធ្វើខុស អ្នកក៏ត្រូវដឹងដូចគ្នា ដើម្បីប្រាកដថាអ្នកទាំងពីរឈរលើគោលការណ៍តែមួយ។ ប្រសិនបើខុសគ្នា អ្នកក៏អាចសម្របសម្រួលគ្នាជាមុន។
៦. ពាក្យថា “ឪពុក” មានន័យយ៉ាងណាចំពោះបង?
តើប្តីរបស់អ្នកចង់ក្លាយជាឪពុកបែបណា? ឪពុកដែលតឹងតែង ឬឪពុកដែលបណ្តោយតាមចិត្តកូនច្រើន? បង្ហាញពីលក្ខណៈសម្បត្តិរបស់ឪពុកម្តាយដែលអ្នកទាំងពីរគម្រោងនឹងអនុវត្ត។
៧. តើអ្នកណាខ្លះអាចជួយពួកយើងបាន?
មិនថាអ្នកទាំងពីរមានជីវិតឯករាជ្យប៉ុណ្ណាទេ ជៀសមិនផុតពេលមានកូន អ្នកនឹងត្រូវការជំនួយខ្លះៗ ដូចជា បង្រៀនពីរបៀបថែទាំពេលកូននៅតូច ជំនួសពេលអ្នកអស់កម្លាំងខ្លាំង ត្រូវការសម្រាក ឬជួយមើលថែនៅពេលអ្នកចង់ចូលធ្វើការវិញ។ ឪពុកម្តាយ បងប្អូន សាច់ញាតិគឺជាជម្រើសល្អបំផុត។
៨. តើសាសនា និងជំនឿបែបណាដែលយើងនឹងបង្រៀនកូន?
ជំនឿ សាសនា ក៏ជារឿងសំខាន់ដែលអ្នកត្រូវដឹងដែរ ព្រោះអ្នកនឹងត្រូវអប់រំកូនឲ្យដើរតាមគន្លងដែលត្រឹមត្រូវ នៅថ្ងៃអនាគត ដោយយកសាសនា ក៏ជំនឿណាមួយជាបង្គោល។
៩. តើយើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចិញ្ចឹមកូនទេ?
គណនាចំណាយនានា ដូចជា ទឹកដោះគោ ខោទឹកនោម ឬសេវាសុខភាពរបស់កុមារ ដើម្បីប្រាកដថាអ្នកទាំងពីរមានសមត្ថភាពគ្រប់គ្រងក្នុងការចិញ្ចឹមកូន ទាំងពេលកូននៅតូច និងពេលពួកគេធំឡើង។
១០. ស្រមៃ១០ឆ្នាំទៅមុខ តើបងគិតថាពួកយើងនិងរស់នៅបែបណា?
នៅពេលអ្នកដឹងពីក្តីស្រមៃដែលប្តីអ្នកចង់បាន១០ឆ្នាំក្រោយ អ្នកទាំងពីរអាចព្រួតដៃគ្នាបានល្អក្នុងការធ្វើឲ្យសុបិន្ដក្លាយជាការពិត ដូចជា ត្រូវមានផ្ទះធំមួយ ឡានទំនើបមួយគ្រឿង និងអាចឲ្យកូនរៀននៅសាលាល្អៗជាដើម៕