​៨​យ៉ាង​​​មិន​ត្រូវ​Share​​ លើ​Facebook​​ ដាច់​ខាត​ បើ​មិន​ចង់​មាន​​រឿង និង​ត្រូវ​គេ Unfriend ចោល​អត់​ស្ដាយ

  • 2017-11-17 01:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​សង្គម​Facebook​កំពុង​តែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​សព្វថ្ងៃ​នេះ​។ វា​​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ គ្រួសារ ការ​កម្សាន្ត​ ចែក​រំលែក​ព័ត៌មាន ឬ​​​បញ្ចេញ​​គំនិត​នានា ព្រម​ទាំង​ហេតុការណ៍​ថ្មីៗ ជុំវិញ​ពិភព​លោក​ផង​ដែរ​។ ក្រៅ​ពី​​គុណ​សម្បត្តិ Facebook​ក៏​ជា​​កន្លែង​ចែកចាយ​ពាក្យ​ចចាមអារ៉ាម ការ​បំពុល​សង្គម ក៏​ដូចជា​ឧបករណ៍​រកស៊ី​របស់​ជន​ខិល​ខូច​មួយ​ចំនួន​។​ ដូច្នេះ​ ​អ្នក​មិន​ត្រូវ​Share​រឿង​ទាំង​៨​យ៉ាង​ខាង​ក្រោម​​​ដាច់​ខាត ​បើ​មិន​ចង់​នាំ​ទុក្ខ​ដាក់​ខ្លួន​៖​

១. ជម្លោះ​​​ស្នេហា​

នៅ​ពេល​អ្នក​ខឹង អន់​ចិត្ត ឬ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​​មិត្ត​ប្រុស​ អ្នក​​ក៏​ត្អូញត្អែរ​ប្រាប់​មិត្តភ័ក្ដិ​ក្នុង​​ Facebook​ ក្នុង​បំណង​ចង់​ឲ្យ​គេ​ជួយ​លួងលោម​ប៉ុណ្ណោះ​។ ប៉ុន្តែ​កុំ​ភ្លេច​ថា​មិត្តភ័ក្ដិ​ទាំង​នោះ​មិន​បាន​ដឹង​រឿង​​លំអិត​​​​​ផ្សេង​ទៀត​ទេ ដូច្នេះ​ពួកគេ​អាច​នឹង​វាយ​តម្លៃ​​មិត្ត​ប្រុស​​អ្នក​ក្នុង​​ផ្លូវ​​អាក្រក់​ក៏​ថា​បាន​។ ​អ្នក​ត្រូវ​ចេះ​រក្សា​កិត្តិយស និង​រឿង​ផ្ទាល់​ខ្លួន​​ទើប​​ជា​ការ​ប្រសើរ​។​

២. រូបថត​ក្មេង​អាក្រាត​​​​កាយ​

រូបថត​កូន​ក្មេង​ស្រាត ​មើល​ទៅ​​គួរ​ឲ្យ​ក្នាញ់ ​ទាក់ទាញ និង​ធម្មជាតិ​ខ្លាំង​ ប៉ុន្តែ​អ្នក​​ក៏​មិន​គួរ​Share វា​លើ​Facebook ​ដែរ។ មនុស្ស​ដែល​មាន​គំនិត​អាក្រក់​​​អាច​យក​រូប​ទាំង​នោះ​ទៅ​ប្រើ​ក្នុង​ផ្លូវ​មិន​ល្អ​បាន ដូច្នេះ​បើ​អ្នក​ចង់​Post រូប​បែប​​នោះ​ អ្នក​គួរ​ប្រើ​Stickers ផ្សេងៗ​មក​បិត​បាំង​ទើប​ជា​ការ​ប្រសើរ​​។​

៣. រឿង​​អាម៉ាស់​របស់​អ្នក​ដទៃ​

អ្នក​មិន​គួរ​​​​​Post រឿង​អាម៉ាស់​អ្នក​ដទៃ​​​ដោយ​គ្មាន​ការ​អនុញ្ញាត​សោះ​ឡើយ​ មិន​ថា​រឿង​របស់​​ប្តី មិត្តភ័ក្ដិ​ ឬ​កូន​អ្នក​ផ្ទាល់​​ក៏​ដោយ​។ វា​អាច​​ជា​រឿង​កំប្លែង​​សម្រាប់​អ្នក ប៉ុន្តែ​ពួកគេ​អាច​មាន​អារម្មណ៍​មិន​ល្អ​ ខ្មាស​គេ​ ឬ​អាច​​ត្រូវ​បាន​អ្នក​ផ្សេង​​យក​មក​សើច​ចំអក​ដាក់​នៅ​ពេល​ក្រោយ​​។​

៤. អាសយដ្ឋាន ឬ​​ប្រវត្តិរូប​​

មិន​ថា​ទី​កន្លែង​ស្នាក់នៅ ឬ​ក៏​លេខ​ទូរស័ព្ទ អ្នក​មិន​​​គួរ​បង្ហាញ​ជា​សាធារណៈ​តាម​Facebookឡើយ​។ នេះ​ជា​ការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់​ខ្លួន ព្រោះ​មនុស្ស​​ដែល​អ្នក​ស្គាល់​តាម​Facebookទាំង​អស់​មិន​​ប្រាកដ​​ថា​ជា​មនុស្ស​ល្អ​ទាំង​អស់​នោះ​​ទេ​។​

៥. បង្ហាញ​ទស្សនៈ​ចំពោះ​រឿង​អ្នក​​ដទៃ

សម្ដី​មនុស្ស​​មុត​ជាង​កាំបិត​ទៅ​ទៀត​។ ឧទាហរណ៍​ប្រសិន​អ្នក​មិន​ពេញចិត្ត​ចំពោះ​ការ​ដាក់​ឈ្មោះ​កូន​របស់​អ្នក​ណា​ម្នាក់ ហើយ​អ្នក​ទៅ​​និយាយ​បញ្ចេញ​មតិ នៅ​លើ​Facebook​ ជឿជាក់​ថា​ការ​ឈឺ​ឆ្អាល​​​បែប​ខុស​រឿង​នោះ​ បាន​ត្រឹម​តែ​បង្ក​ជម្លោះ និង​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បា​គ្នា​​ប៉ុណ្ណោះ​។

៦. រូបថត​​អាក្រក់ៗ​

អ្នកខ្លះ​គិត​ថា​រូបថត​សាហាវៗ ដូចជា​គ្រោះ​ថ្នាក់​ចរាចរណ៍ របួស ហូរ​ឈាម ស្តែងៗ​ពិត​ជា​​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះ​វា​ពិត​ជា​មិន​ល្អ​មើល​សោះ​​​ឡើយ ដោយសារ​ពួកគេ​​ជា​មនុស្ស​ដែល​ឆាប់​ស្លុត​។​ មិន​ថា​រូបថត​​សាហាវៗ ឬ​រូបថត​​​ដែល​មើល​ទៅ​គួរ​ឲ្យ​ខ្ពើម ​គួរ​កុំ​Share ច្រើន​ពេក​។​

៧. រឿង​ដែល​អ្នក​មិន​ចង់​ឲ្យ​គេ​ដឹង​

ប្រសិន​បើ​អ្នក​​មិន​ចូល​ចិត្ត​អ្នកណា​ម្នាក់ ដូចជា ​​មេ​ មិត្ត​រួម​ការងារ ឬ​ការងារ​ផ្ទាល់​​របស់​អ្នក អ្នក​មិន​គួរ​បង្ហាញ​អារម្មណ៍​ស្អប់​ ឬ​រិះគន់ ​​​​លើ​Facebook​​ឡើយ​​។ វា​មាន​ឧកាស​ច្រើន​ដែល​អ្នក​ផ្សេង​យក​រឿង​នោះ​ទៅ​បង្ហាញ​គេ​ឯង​ ដែល​​អាច​បង្ក​ផល​ពិបាក​ដល់​អ្នក​នៅ​ពេល​ក្រោយ​​។​

៨. ​​ព័ត៌មាន​អ្នក​ដទៃ​

មាន​ព័ត៌មាន​​សំខាន់ៗ​មួយ​ចំនួន​ដែល​​មនុស្ស​​ខ្លះ​មិន​ចង់​បង្ហាញ​គេ​ឯង​​ដូចជា ការ​មាន​ផ្ទៃ​ពោះ ការ​រៀបការ ការ​លែងលះ​ជា​ដើម ដូច្នេះ​បើ​អ្នក​ចង់​អបអរ​សាទរ​ពួកគេ អ្នក​គួរ​​សរសេរ​ជា​សារ​​វិញ​។ ដរាប​ណា​ពួកគេ​មិន​បាន​បើក​ចំហ​រឿង​នោះ​ជា​សាធារណៈ ដោយ​ការ​ប្តូរ​រូប​Profile​ឬ​​ប្រកាស​ដោយ​ខ្លួន​ឯង​ទេ អ្នក​គ្មាន​សិទ្ធិ​​ទៅ​លូកលាន់​រឿង​​​ផ្ទាល់​ខ្លួន​គេ​ឡើយ​ ៕

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម