គូស្នេហ៍មានគម្រោងរៀបការ គួរពិភាក្សារឿងទាំងនេះឲ្យច្បាស់សិន
- 2017-11-08 02:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍មានគម្រោងរៀបការ គួរពិភាក្សារឿងទាំងនេះឲ្យច្បាស់សិន
អាពាហ៍ពិពាហ៍គឺជារឿងអនាគតដែលមិនអាចធ្វើតាមតែការនឹកឃើញនោះទេ ព្រោះជីវិតគ្រួសារមានសុភមង្គលឬទៅជាយ៉ាងណាក៏អាស្រ័យទៅលើការគ្រប់គ្រងរបស់អ្នក និងដៃគូរបស់អ្នកដែរ។ ដូច្នេះអ្នកគួរតែមានគម្រោងខ្លះមុនពេលឈានដល់អាពាហ៍ពិពាហ៍ ហើយទាំងនេះសុទ្ធតែជាអ្វីដែលអ្នកគួរតែពិភាក្សាជាមួយគ្នាមុនពេលសម្រេចចិត្តរៀបការ៖
១. ពិភាក្សាចំពោះការប្រើប្រាស់លុយកាក់ និង គម្រោងការងារ
អ្នកគួរតែគិតគូរអំពីការចាត់ចែងលុយកាក់ដែលអ្នកមាន ថាតើគួរតែបើកគណនេយ្យសន្សំ ឬក៏វិនិយោគទៅលើអ្វីមួយដើម្បីរក្សា ឬរកចំណូលបានខ្លះទៀត។ ម្យ៉ាងទៀត អ្នកក៏គួរតែពិភាក្សាគ្នាអំពីការងារដែលត្រូវធ្វើ និង អ្វីដែលអ្នកទាំងពីររំពឹងទុកថានឹងមានផងដែរ។ តើអ្នកសម្រេចចិត្តធ្វើការទាំងពីរអ្នក? តើការងារដែលអ្នកធ្វើមានស្ថិរភាពដែរឬទេ? ហើយថាតើ ប្រាក់ខែអ្នកអាចផ្គត់ផ្គង់គ្រួសារអ្នកបានដែរឬក៏អត់?
**២. គម្រោងនៅពេលដែលអ្នកមានកូន**
ពិភាក្សាថាតើអ្នកគួរតែយកកូននៅពេលណា? រៀបការហើយភ្លាមឬក៏ក្រោយរៀបការរយៈពេលយូរ?ហើយគម្រោងយកកូនប៉ុន្មាន? ព្រោះវាអាចឲ្យអ្នកងាយស្រួលនៅពេលដែលអ្នករៀបចំទុកដាក់រឿងនេះរួច។
៣. ទីតាំងដែលអ្នកចង់រស់នៅ
តើអ្នកជាមួយនិងដៃគូចង់រស់នៅកន្លែងណា? ទីក្រុង ឬ ជនបទ?ហើយពន្យល់ពីហេតុផលដែលអ្នកជ្រើសរើសទីនោះព្រោះវាអាចប៉ះពាល់ដល់ការធ្វើការរបស់អ្នក ការផ្ដល់សេវាការអប់រំដល់កូនអ្នក ហើយវាអាចជិតឬឆ្ងាយពីគ្រួសារអ្នក។
៤. ពិភាក្សាលើជំនឿសាសនាដែលអ្នកទាំងពីរប្រកាន់យក
បើសិនជាអ្នកទាំងពីរកាន់សាសនាដូចគ្នានោះមិនជាបញ្ហាទេ តែបើខុសគ្នាវិញអ្នកគួរតែពិភាក្សាគ្នាថាតើវាអាចប៉ះពាល់ដល់ចំណងអាពាហ៍ពិពាហ៍អ្នកដែរឬទេ? តើអ្នកអាចសម្របខ្លួនបានឬក៏អត់? ហើយប្រសិនបើអ្នកមានកូនតើនឹងឲ្យកូននោះកាន់សាសនាអ្វី?
៥. ពិភាក្សាលើការបែងចែកការងារ
វាជាការល្អបើអ្នកអាចនិយាយពីការងារដែលអ្នកអាចធ្វើបាន ហើយដៃគូអ្នកអាចធ្វើបាន ដូចជាការធ្វើការងារផ្ទះ ចម្អិនអាហារ ដើរផ្សារទិញអាហារឬក៏សម្ភារៈផ្សេងៗ។ អ្នកអាចជួយគ្នាធ្វើវា កុំប្រចាំថាវាជាការងារស្រី ឬប្រុស ដូច្នេះវានឹងធ្វើឲ្យគ្រួសារអ្នកមានសុភមង្គល។
៦. ពិភាក្សាអំពីគ្រួសារ
អ្នកគួរតែពីគ្រួសារទាំងមូលមិនមែនតែប្ដីប្រពន្ធ និងកូននោះទេ តែវារួមផ្សំទាំងឪពុកម្ដាយសាច់ញាតិសងខាង ថាតើអ្នកអាចផ្ដល់ពេលឲ្យពួកគាត់បានកម្រិតណា? ដូចជាការដើរកម្សាន្ត ជួបជុំគ្នា ចែករំលែកឲ្យគ្នាបានប៉ុណ្ណា? ដើម្បីកុំឲ្យមានបញ្ហានៅថ្ងៃក្រោយ។
ចំណុចទាំងប៉ុន្មានខាងលើអាចជាគន្លឹះដើម្បីឲ្យអ្នកគិតពិចារណាក្នុងការបង្កើតគ្រួសារមួយ ដើម្បីកុំឲ្យចំណងគ្រួសារនោះងាយនឹងប្រេះស្រាំដែលធ្វើឲ្យអ្នកមានការសោកស្ដាយនិងឈឺចាប់៕