ចាំ​ទុក! បើ​ស្រឡាញ់​ប្ដី កុំ​ឲ្យ​ប្ដី​រក​លុយ​តែ​ម្នាក់​ឯង​ឲ្យ​សោះ!

  • 2017-11-06 08:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អូយ...!! គួរ​ឲ្យ​ច្រណែន​ណាស់ រៀប​ចប់​ហើយ​ក៏​មិនបាច់​ធ្វើ​ការ មាន​ប្ដី​ចាំ​រក​លុយ​មក​ចិញ្ចឹម ចង់​បាន​អី​ក៏​បាន ដោយ​មិន​បាច់​បញ្ចេញ​កម្លាំង​ធ្វើ​ការ...

ស្ដាប់​ប្រយោគ​នេះ​ទៅ ហាក់​ដូច​​មាន​តែ​រឿង​វិជ្ជមាន។ ប៉ុន្តែ​តាមបទពិសោធន៍​ដែល​ខ្ញុំ​ជួប​ប្រទះ​ការ​ពិត​​ការ​ទម្លាក់​ភារៈ​រក​លុយ​ទៅ​ឲ្យ​តែ​ភាគី​ម្ខាង​ៗ វា​ក៏​គ្រោះថ្នាក់​ខ្លាំង​ដែរ។ សំណួរ​គឺ​ថា​ បើ​ថ្ងៃ​មួយ​អ្នក​ដែល​រក​លុយ​កើត​មាន​ការ​ប្ដូរ​ចិត្ត​ទៅ​ស្រឡាញ់​អ្នក​ផ្សេង ឬ​គេ​សម្រេច​ចិត្ត​មិន​ផ្ដល់​លុយ​ឲ្យ​អ្នក ជីវិត​អ្នក​ដែល​មិន​ដែល​ចេញ​ធ្វើ​ការ​នឹង​ទៅ​ជា​យ៉ាង​ណា...?

រូបតំណាង

ខ្ញុំ​ធ្លាប់​មើល​សន្លឹក​បៀរ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​ចង់​ត្រលប់​ទៅ​រក​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​វិញ ទាំង​ខ្លួន​ឯង​មិន​បាន​ស្រឡាញ់​គេ នៅ​ជាមួយ​គេ​ក៏​ទើសទាល់ ប៉ុន្តែ​ចូលចិត្ត​ភាព​ស្រណុក​​សុខ​ស្រួល​ដែល​បាន​មក​ដោយ​ការ​​មិន​ធ្វើ​ការ។ តាម​ពិត​ទៅ ការ​​មិន​បណ្ដោយ​ឲ្យ​អនាគត​របស់​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​ភាគី​ម្ខាង​ទៀត គឺ​ជា​​ការ​កសាង​អំណាច​ទប់ទល់​ម្យ៉ាង ដើម្បី​ឲ្យ​​ដៃ​គូ​ជីវិត​របស់​អ្នក​បាន​យល់​ថា អ្នក​ក៏​មាន​ផ្លូវ​ជ្រើសរើស និង​ត្រៀម​​ខ្លួន​រួចរាល់​ក្នុង​ការ​ដើរ​លើ​ផ្លូវ​មួយ​​របស់​ខ្លួន​ឯង​ជានិច្ច បើ​សិន​មិន​បាន​ទទួល​​ការ​យក​ចិត្ត​ទុក​ដាក់​ល្អ។

ផ្ទុយ​ទៅ​វិញ ការ​​រស់​នៅ​ដោយ​មិន​ចាំបាច់​ទទួល​ខុស​ត្រូវ​ផ្នែក​សេដ្ឋកិច្ច ឬ​លុយ​កាក់​នេះ​​​នឹង​មាន​គុណវិបត្តិ​ច្រើន​ជាង​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​គិត។ បើ​សិន​អ្នក​មិន​ធ្វើ​ការ​រក​ប្រាក់ អ្នក​នឹង​មាន​អារម្មណ៍​ថា​តម្លៃ​របស់​ខ្លួន​ឯង​ថយ​ចុះ​បន្តិច​ម្ដង​ៗ ហើយ​នៅ​ពេល​វា​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត អ្នក​នឹង​លែង​​មាន​ជំនឿ​ចិត្ត​ទាល់​តែ​សោះ​លើ​ខ្លួន​ឯង។  

កាន់​តែ​ទំនេរ កាន់​តែ​ស្រួល ​គឺ​កាន់​តែ​គ្រោះ​ថ្នាក់​ដល់​​ទំនាក់ទំនង​ប្ដី​ប្រពន្ធ

ជា​ពិសេស បើ​សិន​ជា​អ្នក​ដែល​រក​ចំណូល​​បង្គោល​ជួប​វិបត្តិ ដូច​ជា​បាត់​បង់​ការងារ រក​ស៊ី​ខាត​ដើម ឬ​មាន​ជំងឺ​ឈឺ​ថ្កាត់ ក្នុង​ឋានៈ​អ្នក​ជា​ប្រពន្ធ ឬ​ប្ដី បើ​សិន​មិន​ធ្លាប់​គិត​រឿង​សន្សំ​ប្រាក់​ទេ​អ្នក​នឹង​មិន​អាច​ជួយ​អ្វី​ដល់​គេ​បាន​ឡើយ។ ការ​ឈឺចាប់​ពី​ការ​ជា​ដៃ​គូ​ប៉ុន្តែ​មិន​អាច​ជួយ​អ្វី​បាន​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ដូច​ស្លាប់​ទាំង​រស់។ មិន​តែ​ប៉ុណ្ណោះ​ នៅ​ពេល​មាន​រឿង​ឈ្លោះ​គ្នា បើ​​មាន​ការ​រំលើក​គុណ​សម្បត្តិ អ្នក​នឹង​និយាយ​អ្វី​មិន​ចេញ គឺ​បាន​ត្រឹម​តែ​ចាញ់​គេ​រហូត។

ប៉ុន្តែ​ករណី​ខ្លះ​ពិបាក​​ដែរ ព្រោះ​មនុស្ស​ស្រី​ជា​ច្រើន​​ក៏​មាន​ស្វាមី​ដែល​ចង់​ធ្វើ​ខ្លួន​ជា​វីរបុរស បែប​ “អូន​មិនបាច់​ធ្វើ​ការ​ទេ ចាំ​បង​ចិញ្ចឹម​” ដល់​ពេល​ដែល​​នាង​​សុំ​ចេញ​មុខ​រក​លុយ​ចិញ្ចឹម​គ្រួសារ​​ម្នាក់​ទៀត ស្វាមី​ក៏​ខឹង​​​ថា​ប្រពន្ធ​មើល​ងាយ​សមត្ថភាព​របស់​គេ។  រឿង​បែប​នេះ​ទម្រាំ​សម្រប​សម្រួល​គ្នា​បាន​គឺ​ត្រូវ​ប្រើ​ពេល​យូរ ជា​ពិសេស​ជាមួយ​អ្នក​ដែល​មាន​ការ​ជឿជាក់​​លើ​ខ្លួន​ឯង​ជ្រុល។

រូបតំណាង

ចុះ​គួរ​ដោះស្រាយ​បែប​ណា…?

ច្បាប់​នៃ​ស្នេហា​ដែល​​មនុស្ស​លើ​លោក​នេះ​យល់​ទាំង​អស់​គ្នា​គឺ អ្នក​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវិត​​ស្ថិត​នៅ​ចំណុច​មួយ​ដែល​គ្មាន​ភាគី​ម្ខាង​ទៀត​ អ្នក​ក៏​អាច​រស់​បាន។ ព្យាយាម​​សាង​ភារៈ​ឲ្យ​គូ​ជីវិត​ឲ្យ​បាន​តិច​បំផុត។ អ្នក​អាច​បង្កើត​មុខ​របរ​តូច​តាច​ផ្ទាល់​ខ្លួន​ដើម្បី​រក​ចំណូល​ចិញ្ចឹម​ជីវិត។ មិន​ថា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​រឿង​លុយ​​កាក់​នេះ​ឲ្យ​បាន ហើយ​ផ្ដល់​ជំនួយ​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​​នៅ​ពេល​គេ​ជួប​ការ​លំបាក។  

“ស្រឡាញ់​ប្ដី​កុំ​ឲ្យ​ប្ដី​រក​លុយ​តែ​ម្នាក់​ឯង” មិនមែន​សរសេរ​ឡើង​ដើម្បី​ប្ដី​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​អ្នក​ទៅ​វិញ​ទេ។ ក្នុង​ជីវិត​​មនុស្ស រឿង​អ្វី​ក៏​អាច​កើត​ឡើង​ដែរ។ ពាក្យ​សម្ដី​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់ ​នៅ​ពេល​ណា​មួយ​វា​ក៏​ប្រៀប​ដូច​ជា​ខ្យល់​​ដែល​ចេញ​ពី​មាត់​របស់​គេ គ្មាន​អ្វី​​អាច​ធានា​បាន​ថា​គ្រប់​យ៉ាង​មិន​ផ្លាស់​ប្ដូរ​នោះ​ឡើយ។ អ្វី​ដែល​យើង​​ធ្វើ​បាន​គឺ​ត្រូវ​ត្រៀម​ចិត្ត​ត្រៀម​កាយ​សម្រាប់​​ទទួល​យក​​គ្រប់​ស្ថានការណ៍​ដែល​អាច​កើត​ឡើង ៕

ប្រភព៖ vittarot ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម