វិធី​សន្សំ​លុយ​ឲ្យ​បាន​រហ័ស​សម្រាប់​អ្នក​ដែល​ចង់​ដើរ​លេង​ច្រើន

  • 2017-10-26 08:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តម្រូវ​ការ​ចាយ​វាយ​គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ការ​រស់​នៅ​របស់​មនុស្ស​យើង តែ​ពេល​ខ្លះ​បើ​អ្នក​ចេះ​ពី​វិធី​សន្សំ​លុយ​នោះ​អ្នក​ក៏​អាច​សល់​លុយ​បាន​ច្រើន​ដែរ។ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ដើរ​លេង​ច្រើន អ្នក​អាច​សន្សំ​លុយ​តាម​វិធី​ខាង​ក្រោម​នេះ​បាន ៖

១. ចំណាយ​ឲ្យ​តិច​ជាង​ចំណូល

អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ចាយ​លុយ​ឲ្យ​បាន​តិច​ជាង​លុយ​អ្នក​ដែល​រក​បាន។ បើ​ ១​ ខែ អ្នក​អាច​រក​បាន ៣០០​ដុល្លា អ្នក​ត្រូវ​ចាយ​ត្រឹម ២០០ ដុល្លា​អី​បាន​ហើយ​កុំ​ឲ្យ​អស់​ពី​ខ្លួន​ពេក ឬក៏​ជំពាក់​គេ​ទៀត។

រូបតំំណាង

**២. ទម្លាប់​សន្សំ​លុយ​ជា​រៀង​រាល់​ថ្ងៃ**

មួយ​ថ្ងៃ​អ្នក​អាច​ដក​លុយ​តិច​តួច​ដាក់​សន្សំ​ផ្សេង​ពី​លុយ​ដែល​អ្នក​ត្រូវ​ចំណាយ ហើយ​បើ​មិន​ចាំបាច់​ខ្លាំង​ទេ​អ្នក​កុំ​ដក​លុយ​សន្សំ​នោះ​ចាយ​បន្ត​អី។ ទម្លាប់​នេះ​អាច​ឲ្យ​អ្នក​សល់​លុយ​ខ្លះ​ទោះ​បី​ជា​អ្នក​មាន​ទម្លាប់​ចាយ​ធំ​ក៏​ដោយ។

៣. ចាំ​មានលុយ​ចាំ​ទិញ

គួរ​តែ​រំលឹក​ខ្លួន​ឯង​ថា​ចាំ​សល់​លុយ​ច្រើន​ចាំ​ទិញ​របស់​ដែល​អ្នក​ចង់​បាន ព្រោះ​លុយ​ពេល​នេះ​សម្រាប់​ទិញ​របស់​ដែល​ចាំ​បាច់​ត្រូវ​ប្រើ​សិន ដូច​ជា​អាហារ របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​ដើម។ ចំណែក​របស់​បន្ទាប់​បន្សំ​អ្នក​អាច​ទិញ​ពេល​ដែល​អ្នក​មាន​លុយ​ច្រើន​បាន។

៤. ដាស់តឿន​ខ្លួន​ឯង​ថា លុយ​ស្រួល​ចាយ​តែ​មិន​ស្រួល​រក​ទេ

បើក​ប្រាក់​ខែ​មក​មាន​លុយ​ពេញ​ដៃ​គឺ​ស្រួល​ចាយ​ណាស់ តែ​កុំ​ភ្លេច​ថា​អ្នក​ត្រូវ​ចំណាយ​ពេល​ចំណាយ​កម្លាំង​ ១ ខែ​ដើម្បី​បាន​លុយ​ដែល​អ្នក​ចាយ​មួយ​ភ្លែត​នោះ។ ដូច្នេះ​មុន​នឹង​ចាយ​អ្នក​អាច​គិត​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​លើ​អ្វី​ដែល​មិន​បាន​ការ។

រូបតំណាង

៥. ធ្វើ​បញ្ជី​ចំណូល​ចំណាយ​មួយ​ឲ្យ​បាន​ត្រឹម​ត្រូវ

កត់​ចូល​នូវ​រាល់​ចំណាយ​ដែល​អ្នក​ត្រូវ​មាន​រៀង​រាល់​ថ្ងៃ ហើយ​គិត​ថា​តើ​មាន​ចំណាយ​ណា​អាច​កាត់​ចោល​បាន​ទេ? ឧទាហរណ៍៖ អ្នក​ទម្លាប់​ញ៉ាំ​កាហ្វេ​មួយ​ថ្ងៃ​ ២ ដង អីចឹង​តើ​អ្នក​អាច​កាត់​បន្ថយ​សល់​តែ​មួយ​ដង ឬ អត់​សោះ​បាន​ទេ? បើ​បាន​គួរ​តែ​ធ្វើ ដើម្បី​អាច​សន្សំ​លុយ​បាន​មួយ​ចំណែក​ទៀត។

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម