​ទង្វើ​៨​យ៉ាងបញ្ជាក់​ច្បាស់​ថាមនុស្ស​ស្រី​​អស់​ចិត្ត​ស្រឡាញ់ តែ​មិន​ហ៊ាន​សុំ​បែក

  • 2017-10-21 01:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ពេល​ខ្លះ​ពិត​ជា​មិន​ងាយ​ស្រួល​​បញ្ចប់​នោះ​ទេ​ បើ​ទោះ​បី​​ភាគី​ណា​មួយ​អស់​ អារម្មណ៍​ស្រឡាញ់​ក៏​ដោយ។​​ ​​ពាក្យ​សន្យា​ អនុស្សាវរីយ៍​ចាស់ៗ​​ បាន​ធ្វើ​ឲ្យ​ពួក​គេ​​អត់​ទ្រាំ​មិន​ហ៊ាន​ហា​មាត់​និយាយ​ពាក្យ​បែក​។​ សម្រាប់​មនុស្ស​ស្រី​ វា​រឹត​តែ​ពិបាក​​ ដោយ​សារ​តែ​នាង​​ខ្វល់​ខ្វាយ​​ពី​អារម្មណ៍​ដៃ​គូ​ខ្លាំង​។​ យ៉ាង​ណា​មិញ​ ទាំង​អស់​នេះ​ជា​ទង្វើ​៨​យ៉ាង​ដែល​ស្រីៗ​បញ្ចេញ​នៅ​ពេល​នាង​អស់​ចិត្ត​ស្រឡាញ់​៖​

១. នាង​លែង​ខ្វល់​អំពី​ការ​ចំណាយ​ពេល​វេលា​របស់​អ្នក​

នាង​លែង​ចង់​ដឹង​លំអិត​អំពី​រឿង​រ៉ាវ​ដែល​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ​ ដូច​កាល​ពី​មុន​។ ពេល​ខ្លះ​ នៅ​ពេល​អ្នក​និយាយ​ប្រាប់​នាង​ នាង​មិន​សូវ​​អើពើ​ ដោយ​​គ្រាន់​តែ​អឺអើ​​ក្នុង​​បំណង​លែង​ចង់​ស្តាប់​។

២. លែង​ប្រចណ្ឌ

ទៅ​បី​មាន​មនុស្ស​ស្រី​ផ្សេង​ផ្ញើ​សារ​ ឫ​ខល​មក​អ្នក​​ក៏​នាង​​គ្មាន​ចិត្ត​ប្រចណ្ឌ​ដែរ​។

៣. មិន​សូវ​លើកទូរសព្ទ​ ឫ​តប​សារ​របស់​អ្នក​ ​ សារ​របស់​នាង​ចាប់​ផ្ដើម​គ្មាន​​ភាព​ផ្អែម​ល្ហែម​ សោះ​កក្រោះ​ ហើយ​​​ការ​សន្ទនា​របស់​នាង​តាម​ទូរស័ព្ទ​ជា​មួយ​អ្នក​ក៏​ចាប់​ផ្តើម​ខ្លីៗ​ លែង​មាន​ភាព​ល្អូកល្អិន​។

៤. នាង​ស្រាប់​តែ​​ឈប់​ចូល​ចិត្ត​រឿង​ដែល​​ជា​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​

កាល​ពី​មុន​ទោះ​អ្នក​ទៅ​លេង​បាល់​ ក៏​នាង​សុំ​ទៅ​ជា​មួយ​ដែរ​ តែ​​ពេល​នេះ​​ត្រឹម​អ្នក​បបួល​នាង​ទៅ​ស្ទូច​ត្រី​ នាង​ថា​មិន​ចូល​ចិត្ត​ ព្រម​ទាំង​បដិសេធ​មិន​ចង់​ទៅ​ណា​មក​ណា​​ជា​មួយ​អ្នក​។

៥. គម្រោង​របស់​នាង​លែង​មាន​អ្នក​ទៀត​ហើយ​

នាង​ធ្លាប់​តែ​ប្រាប់​អ្នក​មុន​​ថា​ ចុង​សប្ដាហ៍​នេះ​ត្រូវ​ទៅ​ញ៉ាំ​អី​ជា​មួយ​គ្នា​នៅ​ទី​នេះ​ឬ​ទី​នោះ​ ប៉ុន្តែ​​​ឥឡូវ​​នេះ​ នាង​រៀប​គម្រោង​ដើរ​កម្សាន្ត ឫ​ទៅ​ណា​មក​ណា​​ ​​គឺ​​គ្មាន​រូប​អ្នក​ទៀត​ទេ​​​។​

៦. ​នាង​លែង​ចែក​រំលែក​ទុក្ខ​​កង្វល់​នាង​ជាមួយ​អ្នក​

នាង​ហាក់​​ដូច​ជា​បារម្ភ​និង​រឿង​អ្វី​មួយ​ ប៉ុន្តែ​នាង​មិន​ព្រម​ប្រាប់​ ឬ​ចែក​រំលែក​ជា​មួយ​អ្នក​ឡើយ​ ទោះ​បី​អ្នក​ព្យាយាម​​ជជីក​សួរ​យ៉ាង​ណា​ក៏​ដោយ​។​ ចម្លើយ​ដដែលៗ​របស់​នាង​ គឺ​នាង​គ្មាន​រឿង​អ្វី​ទេ​។

៧. នាង​លែង​ត្រូវ​ការ​ជំនួយ​ពី​អ្នក​

ពី​មុន​នាង​តែង​តែ​​សប្បាយ​ចិត្ត​ខ្លាំង​ពេល​ដែល​អ្នក​ជួយ​នាង​រឿង​អ្វី​មួយ ប៉ុន្តែ​នាង​បែរ​ជា​ខុស​ប្លែក​ មិន​ត្រូវ​ការ​ឲ្យ​អ្នក​ជួយ​ទោះ​បី​រឿង​តូច​ ឫ​ធំ​ក្តី​ ថែម​ទាំង​បដិសេធ​សំណើ​របស់​អ្នក​ទៀត​។​

៨. រឿង​​កំប្លែង​ដែល​អ្នក​និយាយ​ នាង​លែង​សើច​ដូច​​ពី​មុន​ហើយ​

​កន្លង​មក​នាង​​ធ្លាប់​តែ​សើច​ ហើយ​​សរសើរ​​ថា​អ្នក​ពូកែ​និយាយ​​កំប្លែង​និង​គួរ​ឲ្យ​ស្រឡាញ់​។ ផ្ទុយ​ស្រឡះ​ នាង​​លែង​សើច​ ដូច​មុន​ថែម​ទាំង​ធុញ​ជា​មួយ​អ្នក​ថែម​ទៀត​​។

សរុប​សេចក្ដី​មក​ ពេល​ខ្លះ​អ្នក​មិន​អាច​ដោយ​សារ​តែ​ទង្វើ​ណា​មួយ​របស់​នាង​ គិត​ថា​នាង​ឈប់​ស្រឡាញ់​អ្នក​នោះ​ទេ។​ ប្រហែល​ពេល​ខ្លះ​ វា​អាច​មក​ពី​នាង​ពិត​ជា​រវល់​ជា​មួយ​ការងារ​ ឬ​កើត​ជំងឺ​ស្រ្តេស​មែន​​ ប៉ុន្តែ​បើ​សិន​ជា​នាង​បង្ហាញ​ទង្វើ​ខាង​លើ​ច្រើន​ អ្នក​គួរ​តែ​ហៅ​នាង​មក​​ពិភាក្សា​គ្នា​ដើម្បី​ដោះ​ស្រាយ​​មន្ទិល​សង្ស័យ ៕

ប្រភព៖ Brightside ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម