៥​វិធី​សម្រួល​អារម្មណ៍​ពេល​បាក់​ទឹក​ចិត្ត​ខ្លាំង

  • 2017-10-05 03:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​បញ្ហា​ជា​ច្រើន​ដែល​បាន​បំបាក់​ទឹក​ចិត្ត​ស្ត្រី​ មិន​ថា​រឿង​ស្នេហា​ គ្រួសារ​ សុខភាព​ ការងារ​​ឬ​មុខ​ជំនួញ​នោះ​ទេ​។ បញ្ហា​ទាំង​អស់​នោះ​ប៉ះពាល់​ផ្លូវ​ចិត្ត​ស្ត្រី​តាម​​ទម្រង់​និង​បែប​ផែន​ផ្សេងៗ​គ្នា។​ ដំណោះ​ស្រាយ​គឺ​មាន​វិធី​តែ​ម្យ៉ាង​គត់​គឺ​រៀន​សម្រួល​អារម្មណ៍​និង​គិត​រក​ដំណោះ​ស្រាយ​ផ្សេងៗ​ដើម្បី​អោយ​អារម្មណ៍​បាន​ធូរ​ស្រាល​ឡើង​វិញ។​មាន​វិធី​ច្រើន​យ៉ាង​ដែល​ស្ត្រី​អាច​ពិចារណា​ដើម្បី​បន្ធូរ​អារម្មណ៍​។​​

១.​ យំ​អោយ​ខ្លាំងៗ​ពេល​បេះដូង​នោះ​ឈឺ​ចាប់​ពេក​

មាន​យោបល់​ខ្លះ​គិត​ថា​ការ​យំ​ស្រែក​វា​ជា​រឿង​អាម៉ាស់​និង​គ្មាន​ប្រយោជន៍​ព្រោះ​ទោះ​បី​ជា​យំ​រួច​ក៏​មិន​អាច​ធ្វើ​អោយ​បញ្ហា​ប្រសើរ​ឡើង​បាន​ដែរ។​ តែ​ការ​គិត​នេះ​ផ្ទុយ​ស្រលះ​ អ្នក​ឈឺ​ចាប់​ទើប​ដឹង​ថា​ការ​ទ្រហោ​យំ​អាច​ជួយ​បន្ធូរ​ភាព​តានតឹង​និង​ធ្វើ​អោយ​អារម្មណ៍​ប្រសើរ​ឡើង​វិញ​នឹង​អាច​គិត​រក​មធ្យោបាយ​ចេញ​ផង​ដែរ។​

២.​ កុំ​ស្ដាប់​មតិ​អ្នក​ដទៃ​ដែល​ធ្វើ​ការ​ប្រៀប​ធៀប​

ជា​ការ​ពិត​ណាស់​អ្នក​មិន​អាច​ហាម​អ្នក​ផ្សេង​មិន​អោយ​បញ្ចេញ​យោបល់​ទេ​ តែ​ត្រូវ​គិត​ថា​ទំហំ​និង​បែប​ផែន​នៃ​ការ​ឈឺចាប់​ផ្សេងៗ​គ្នា​។​ អ្នក​ដទៃ​អាច​ប្រាប់​អ្នក​ថា​គេ​ជួប​រឿង​ពិបាក​ជាង​នេះ​រាប់​រយ​ដង​។​ តែ​អ្នក​មិន​មែន​ជា​គេ​ទេ​ ដូចនេះ​កុំ​ត្រងត្រាប់​ស្ដាប់​ ដើរ​ចេញ​ ឬ​​ស្ដាប់​តន្ត្រី​បន្ធូរ​អារម្មណ៍​ជាដើម​។​

៣.​ មិន​ត្រូវ​យក​បញ្ហា​ទាំង​នោះ​មក​បន្ទោស​​ខ្លួន​ឯង​ទេ

មិន​មែន​បាន​ន័យ​ថា​អោយ​អ្នក​យក​រួច​ខ្លួន​ទេ​ តែ​បើ​បន្ទោស​ខ្លួន​ឯង​ហើយ​តើ​បាន​អី​មក​វិញ​។​ គួរ​យក​បញ្ហា​និង​កំហុស​ទាំង​នោះ​មក​ធ្វើ​ជា​មេរៀន​ ដើម្បី​បញ្ចៀស​វា​ទៅ​ថ្ងៃ​មុខ​ ហើយ​បង្ហាត់​អ្នក​អោយ​ក្លាយ​ជា​មនុស្ស​រឹងមាំ​ជាង​មុន​ផង​ដែរ។​

៤.​​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​មួយ​ជំហាន​ម្ដង

ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​អ្នក​ដោយ​ធ្វើ​រឿង​សប្បាយ​ៗ​ដែល​អ្នក​ចង់​ធ្វើ​ដូចជា​ មើល​កុន​ ទិញ​ទំនិញ​ ជួប​មិត្តភ័ក្ដិ​ជា​ដើម​ដើម្បី​ កម្សាន្ត​បន្ធូរ​អារម្មណ៍​។​ សូម​កុំ​បង្ខំ​ តក់​ក្រហល់​រក​វិធី​ដោះ​ស្រាយ​​បញ្ហា​ភ្លាម​ៗ​ ព្រោះ​ខួរ​ក្បាល​ត្រូវ​ការ​សម្រាក​ដូចគ្នា​។​

៥.​ គិត​ដល់​អ្នក​នៅ​ជុំ​វិញ​ខ្លួន​

ពិត​ណាស់​ មាន​មនុស្ស​ជា​ច្រើន​ដែល​ចាំ​ជួយ​ជ្រោមជ្រែង​អ្នក​ ដូច​ជា​ក្រុម​គ្រួសារ​ឪពុក​ម្ដាយ​ បងប្អូន​មិត្ត​ស្និទ្ធស្នាល។​ ត្រូវ​ដឹង​ថា​អ្នក​មិនមែន​នៅ​ម្នាក់​ឯង​ទេ​ព្រោះ​ពួក​គេ​ចាំ​ជួយ​ចែក​រំលែក​បញ្ហា​និង​ការ​លំបាក​នោះ​ជា​មួយ​អ្នក​គ្រប់​ពេល ៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល​៖ Pencharm

អត្ថបទពេញនិយម