មុនពេលទទួលយកស្នេហាថ្មី អ្នកគួរសួរខ្លួនឯង ៦សំណួរនេះសិន!
- 2017-10-03 02:40:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនពេលទទួលយកស្នេហាថ្មី អ្នកគួរសួរខ្លួនឯង ៦សំណួរនេះសិន!
ពេលដែលទទួលយកស្នេហាថ្មីអ្នកគួរតែគិតឲ្យច្បាស់ មិនមែនចេះតែទទួលៗតាមតែអារម្មណ៍នោះទេ ព្រោះអ្នកអាចធ្វើបាបចិត្តមនុស្សម្នាក់ដែលគ្មានកំហុសសោះ។ ទាំងនេះជាសំណួរដែលអ្នកគួរតែសួរខ្លួនឯងមុនពេលទទួលយកស្នេហាថ្មី ៖
១. តើអ្នកសប្បាយចិត្តនឹងខ្លួនឯងហើយឬនៅ ? ៖ បើអ្នកមានអារម្មណ៍ថារីករាយជាមួយអ្វីដែលខ្លួនឯងកំពុងមាន កន្លែងដែលអ្នករស់នៅ ហើយនឹងរីករាយជាមួយជីវិតខ្លួនឯងនោះ មានន័យថាអ្នកអាចទទួលយកអ្នកថ្មីបានហើយ ព្រោះអ្នកលែងមានអារម្មណ៍ឈឺចាប់អីទៀតហើយ។ តែបើអ្នកមានអារម្មណ៍ថាជីវិតអ្នកអាប់អួរនោះ វាជាសញ្ញាមួយដែលអ្នកមិនគួរទទួលអ្នកណាមកលាយឡំ នឹងភាពរញ៉េរញ៉ៃក្នុងជីវិតអ្នកឡើយ។
**២. អ្នកពេញចិត្តពេលដែលនៅម្នាក់ឯងទេ?៖** បើអ្នកទម្លាប់នៅម្នាក់ឯងដោយគ្មានបញ្ហាហើយ នោះមានន័យថាអ្នកទទួលយកអ្នកថ្មីមិនមែនដោយសារភាពឯការបស់អ្នកទេ ហើយក៏មិនមែនទុកគាត់កំដរភាពអផ្សុកអ្នកដែរ។
៣. តើអ្នកបើកទូលាយក្នុងទំនាក់ទំនងជាមួយគាត់ហើយឬនៅ? ៖ ការប្រាស្រ័យទាក់ទងគឺសំខាន់ណាស់ក្នុងស្នេហា បើអ្នកមិនទាន់ត្រៀមខ្លួនក្នុងការទាក់ទង ចែករំលែករឿងរ៉ាវជាមួយគាត់ទេ នោះវាអាចនឹងពិបាកបន្តិច។
៤. តើអ្នកឈប់នឹកនាសង្សារចាស់អ្នកឬនៅ? ៖ បើអ្នកនៅតែមិនទាន់ដាច់ស្រេចជាមួយសង្សារចាស់អ្នកទេ អ្នកមិនគួរទទួលយកស្នេហាថ្មីនោះទេ ព្រោះវាធ្វើឲ្យមនុស្សម្នាក់ដែលមិនដឹងអីសោះឈឺចាប់ជាមួយអ្នក។
៥. តើអ្នកអាចបណ្ដោយឲ្យរឿងតិចតួចទៅផុតបានទេ ? ៖ ពេលខ្លះអ្នកអាចលើកលែងទោសពេលដែលគាត់ធ្វើអីខុសតិចតួចបានទេ? ហើយអាចដោះស្រាយបញ្ហាជាមួយគ្នាបានទេ? បើអ្នកអាចនោះមានន័យថាអ្នកអាចរស់នៅជាមួយគ្នាបានដោយមានក្ដីសុខហើយ។
៦. អ្នកមានចិត្តស្រឡាញ់គាត់ឬក៏គ្រាន់តែត្រូវការគាត់? ៖ តើអ្នកទទួលយកគាត់គ្រាន់តែចង់ឲ្យគាត់នៅក្បែរអ្នកមែនទេ? ឬក៏គ្រាន់តែយកគាត់មកដើម្បីជួយអ្នកឲ្យបំភ្លេចអ្នកចាស់? អ្នកគួរតែច្បាស់លាស់ក្នុងរឿងនេះ ដើម្បីកុំឲ្យឈឺចាប់ទៅថ្ងៃក្រោយ។
ពេលខ្លះស្នេហាមិនអាចយកមកលេងសើចនោះទេ ដូច្នេះបើមិនប្រាកដចិត្តកុំទទួលអីព្រោះវាមិនត្រឹមតែឈឺម្នាក់ឯងទេ គឺអាចឲ្យម្នាក់ទៀតឈឺដូចគ្នា៕