ម៉ាក់​អើយ តើ​កូន​មិន​យក​ប្ដី​បាន​ឬ​អត់?

  • 2017-10-03 02:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ទ្រនិច​នាឡិកា​ខិត​ដល់​លេខ​១២ ខ្ញុំ​នឹង​ឈាន​ចូល​វ័យ​២៨​ឆ្នាំ។ អាយុ​ដែល​មនុស្ស​ស្រី​ឯ​ទៀត​បាន​មាន​ប្ដី និង​កូន​រួច​ហើយ។ ម៉ាក់​នៅ​តែ​រំអុក​សួរ​រហូត​ហេតុ​អ្វី​កូន​មិន​ទាន់​យក​ប្ដី។ ម៉ាក់​ថា​ខ្ញុំ​អាត្មា​និយម ចាស់​ហើយ​នៅ​តែ​ចង់​សប្បាយ មិន​ចង់​តប​ស្នង​គុណ​ឪពុក​ម្ដាយ។ តែ​ម៉ាក់​អើយ មិន​មែន​យក​ប្ដី​ទើប​សង​គុណ​ឪពុក​ម្ដាយ​បាន​ឯណា។ មូលហេតុ​មិន​ទាន់​យក​ប្ដី​គឺ​គ្រាន់​តែ​មក​ពី​ខ្ញុំ​ខ្លាច​តែ​ប៉ុណ្ណោះ។

ខ្ញុំ​ខ្លាច​មិន​អាច​ធ្វើ​ជា​ប្រពន្ធ​ល្អ ម្ដាយ​ឆ្នើម កូន​ប្រសា​សំណព្វ​របស់​គ្រួសារ​ខាង​ប្ដី។ ខ្ញុំ​ខ្លាច​ថា ក្រោយ​ម៉ោង​ធ្វើ​ការ ខ្ញុំ​មិន​អាច​ធ្វើ​ម្ហូប​ចាំ​ទទួល​ពេល​ប្ដី​មក​ពី​ធ្វើ​ការ​វិញ។ ខ្ញុំ​ខ្លាច​ការ​វែកញែក​របស់​ញាតិ​ខាង​ប្ដី ខ្លាច​គេ​មិន​ពេញ​ចិត្ត​នឹង​ខ្ញុំ។

ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លាច​ណាស់​ម៉ាក់ ខ្ញុំ​ខ្លាច​ខ្ញុំ​មិន​អាច​រឹង​មាំ​ដើម្បី​ធ្វើ​ជា​ខ្នង​បង្អែក​របស់​កូន​ខ្ញុំ​បាន។ ខ្ញុំ​ខ្លាច​បញ្ហា​ប្រាក់​កាក់ មិន​មាន​លទ្ធភាព​ឲ្យ​កូន​បាន​ចូល​រៀន​សាលា​ល្អ​ដូច​កូន​គេ ផឹក​ទឹក​ដោះ​គោ​ល្អ​ដូច​កូន​អ្នក​ជិត​ខាង។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​រាប់​រយ​ជំពូក ខ្លាច​ក្រែង​ថា​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ ត្រូវ​ដាច់​កណ្ដាល​ផ្លូវ។

ម៉ាក់​បន្ទោស​ខ្ញុំ​ថា​អាត្មានិយម​ពេល​ជ្រើស​យក​ជីវិត​នៅ​លីវ ខ្លាច​ខ្ញុំ​ឯកា​ពេល​ចាស់​ទៅ។ តែ​ខ្ញុំ​គ្មាន​ជំនឿ​ចិត្ត​គ្រប់គ្រាន់​ដើម្បី​ជ្រើស​យក​ជីវិត​គូ​ដូច​គេ​ឡើយ។ ខ្ញុំ​មិន​មែន​ជា​ស្រី​ស្អាត​ដើម្បី​អាច​រក​បាន​ប្ដី​អ្នក​មាន​ដើម្បី​សោយសុខ​ដល់​ចាស់​ឡើយ។ ប្ដី​របស់​ខ្ញុំ​ក៏​ប្រហែល​ជា​បុរស​សាមញ្ញ​ម្នាក់ តែ​អាច​ដឹក​ដៃ​ខ្ញុំ​ឆ្លង​កាត់​រាល់​ការ​ភ័យ​ខ្លាច​ខាង​លើ​បាន។ បើ​ថ្ងៃ​ណា​មួយ មាន​បុរស​ណា​ដូច​ដែល​ខ្ញុំ​គិត​នោះ ខ្ញុំ​នឹង​យក​ប្ដី​ណា​ម៉ាក់៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម