មិត្តសើចចំអកថាគាត់ល្ងង់ណាស់ “ខ្លាចប្រពន្ធ” តែគ្រប់គ្នានិយាយលែងចេញ ពេលគាត់ឆ្លើយតបវិញថា...
- 2017-09-14 04:26:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តសើចចំអកថាគាត់ល្ងង់ណាស់ “ខ្លាចប្រពន្ធ” តែគ្រប់គ្នានិយាយលែងចេញ ពេលគាត់ឆ្លើយតបវិញថា...
បុរសម្នាក់បានចេញទៅផឹកស្រាជាមួយមិត្តភ័ក្ដិ។ ខណៈកំពុងផឹកស៊ី និយាយលេងសើចសប្បាយ ប្រពន្ធរបស់គេនៅផ្ទះក៏ទូរសព្ទមក និយាយថា "១០នាទីទៀតមកផ្ទះវិញណា៎”។
គ្រាន់តែបិទទូរសព្ទភ្លាម បុរសម្នាក់នោះក៏ក្រោកឡើង ហើយត្រៀមខ្លួនត្រលប់ទៅផ្ទះវិញ ប៉ុន្តែមិត្តម្នាក់ក៏និយាយថា “ចាំបាច់ទៅស្ដាប់សម្ដីប្រពន្ធដល់ម្ល៉ឹង តាំងជំហរខ្លួនឯងឲ្យរឹងមាំតិចមើល៍”។ បុរសម្នាក់នោះក៏ឆ្លើយតបវិញថា “ពេលខ្ញុំបានសប្បាយ និងសោយសុខនឹងយុវភាពរបស់នាង ខ្ញុំក៏ត្រូវទទួលយកចរិតរបស់នាង គ្រប់យ៉ាងនាងធ្វើគឺដើម្បីអនាគតគ្រួសារ។ នាងព្រមលះបង់រាងកាយពីមនុស្សស្រីដែលស្អាត ស្រស់ថ្លាគួរឲ្យស្រឡាញ់ដើម្បីមានកូនឲ្យខ្ញុំ។ ថ្ងៃនេះនាងត្រូវក្លាយជាមេផ្ទះ ធ្វើការងារធ្ងន់ ក៏ដើម្បីគ្រួសារ”។
“ឪពុកម្ដាយនាងចិញ្ចឹមនាងពីតូចដល់ធំ យ៉ាងថ្នាក់ថ្នមជាង ២០ឆ្នាំ តែនៅពេលរៀបការចូលមកនៅផ្ទះរបស់ខ្ញុំ នាងត្រូវក្លាយជាមេផ្ទះធ្វើការច្រើន ត្រូវមើលថែគ្រួសារ...” ពេលនោះមិត្តទាំងអស់គាំងស្ងាត់មាត់ឈឹង។ បុរសម្នាក់នោះក៏និយាយតថា៖
“មិនមែនខ្ញុំខ្លាចប្រពន្ធអីទេ តែវាជាការផ្ដល់កិត្តិយសឲ្យនាង ខ្ញុំត្រូវភ្ញាក់រឭកខ្លួនឯងថានាងត្រូវចាកចេញពីកន្លែងល្អៗ ដើម្បីមកមើលថែគ្រួសាររបស់យើង”
“យើងមិនដឹងទេថាគ្រួសារនេះនឹងអាចរស់នៅបានយូរប៉ុណ្ណា អ្នកណាត្រូវចាកចេញទៅមុន ហើយអ្នកណានឹងជាអ្នកត្រូវនៅម្នាក់ឯង។ ខ្ញុំគ្រាន់តែចង់ប្រើពេលវេលាដែលមាន ព្យាយាមរក្សាពាក្យថា គ្រួសារ នេះឲ្យគង់វង្ស... លាសិនហើយពួកម៉ាក ចាំជួបគ្នាពេលក្រោយ”។ និយាយចប់ បុរសម្នាក់នោះក៏ដើរចេញពីហាងដើម្បីត្រលប់ទៅផ្ទះវិញភ្លាម។ ចំណែកមិត្តភ័ក្ដិក៏បានយល់ពីទង្វើរបស់គេកាន់តែច្រើន។
ទាំងអស់គ្នាដឹងទេ នៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ អ្នកមិនចាំបាច់ទៅធ្វើការ អ្នកអាចគេងសម្រាកនៅផ្ទះបាន តែប្រពន្ធរបស់អ្នកនៅតែត្រូវធ្វើការងារផ្ទះគ្រប់យ៉ាងដូចដើម ហើយត្រូវមើលថែកូន។ ពេលខ្លះនាងក៏ឆេវឆាវ យំសោក។ បន្ទុកគ្រួសារធ្វើឲ្យនាងលែងមានពេលចេញទៅដើរលេងជាមួយមិត្តភ័ក្ដិ ចេញទៅមើលកុនអ្វីទាំងអស់។
ដូច្នេះហើយនៅថ្ងៃនោះ បុរសខាងលើបាននាំភរិយាខ្លួនទៅមើលកុន ដើម្បីឲ្យនាងក្លាយជាម្ចាស់ស្រីមួយថ្ងៃ តែបន្ទាប់ពីក្លាយជាម្ចាស់ស្រីមួយថ្ងៃនេះ នាងនឹងត្រូវត្រលប់ទៅធ្វើការងារទាំងអស់ដូចដើម ធ្វើជាភរិយាល្អ ជាភរិយាដែលចាំនៅក្បែរស្វាមី។ ភរិយាល្អយ៉ាងនេះ អ្នកនៅមិនពេញចិត្តទៀត? កញ្ញា សូមលើកទឹកចិត្តឲ្យប្រិយមិត្តជាច្រើនដែលកំពុងឈ្លោះគ្នា មានបញ្ហាមិននិយាយដោះស្រាយជាមួយគ្នា កំពុងមានសង្គ្រាមត្រជាក់ -ល- ឲ្យសាកល្បងមកអង្គុយមើលមុខគ្នា ហើយនឹកដល់ពេលវេលាផ្អែមល្ហែម ហើយសួរខ្លួនឯងថាតើអ្នកទាំងពីរនៅស្រឡាញ់គ្នាកម្រិតណា? ឬអ្នកណាដែលកំពុងសម្រេចចិត្តលែងលះគ្នា សូមងាកមកសម្លឹងមុខកូនបន្តិច!
ក្រោយរៀបការ ស្វាមីអ្នក ឬភរិយាអ្នក គឺជាអ្នកមើលថែអ្នកអស់មួយជីវិត នៅពេលឈឺថ្កាត់ ហត់នឿយ បាក់ទឹកចិត្ត អស់សង្ឃឹម និងសូម្បីតែនៅពេលដែលអ្នកគិតថាអ្នកលែងសល់អ្នកណាទៀតហើយ។ នេះហើយតម្លៃនៃគូជីវិត ដូច្នេះហើយសូមកុំបណ្ដោយឲ្យពេលវេលាល្អៗកន្លងផុត ហើយទើបមកសោកស្ដាយនៅពេលក្រោយ!! ចាប់ផ្ដើមរក្សាថ្នាក់ថ្នមពាក្យថា “គ្រួសារ” ចាប់ពីពេលនេះដោយក្ដីស្រឡាញ់ និងយកចិត្តទុកដាក់។ ដោយបំណងល្អពី កញ្ញា ៕