Zhao Liying និង Yang Mi ស៊ីសាច់ហុតឈាមដណ្ដើមធ្វើតួ សៀវ ឡុងនី ជំនាន់ថ្មី
- 2017-09-10 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zhao Liying និង Yang Mi ស៊ីសាច់ហុតឈាមដណ្ដើមធ្វើតួ សៀវ ឡុងនី ជំនាន់ថ្មី
បេក្ខភាពតួឯកស្រីទាំង២រូបរបស់ភាពយន្ត "ទេពឥន្ទ្រីបក្សីស្នេហ៍" ទើបតែត្រូវបានទម្លាយធ្វើឲ្យទស្សនិកជនកំពុងអន្ទះសាយ៉ាងខ្លាំង។
ថ្មីៗនេះបណ្ដាញព័ត៌មានចិនជាច្រើនបានចុះផ្សាយថា អ្នកដឹកនាំរឿងល្បីឈ្មោះ Tsuk Hark នឹងផលិតរឿង "ទេពឥន្ទ្រីបក្សីស្នេហ៍" បែបភាពយន្តក្នុងពេលខាងមុខ។ ភ្លាមៗនោះ ព័ត៌មានថាអ្នកណានឹងគ្រងតួសៀវ ឡុងនីត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ បេក្ខភាពទាំង២នៃតួនេះ សុទ្ធតែមិនទទួលបានការពេញចិត្តរបស់ទស្សនិកជនទាំងអស់។
បេក្ខភាពទី១ ដែលត្រូវគេទាយថានឹងដើរតួប្រពន្ធយ៉ាងគួគឺស្រីស្អាត Yang Mi។ បើទោះបីជាកំពុងតែល្បីឈ្មោះខ្លាំងក៏ដោយ តែអ្នកគាំទ្រថាម្ដាយកូន១រូបនេះមិនសមនឹងតួម្ចាស់ល្អាងបរិសុទ្ធឡើយ ត្បិតសម្រស់របស់នាងមុតស្រួចពេក សមនឹងតួកាចច្រើនជាង។
រីឯបេក្ខភាពទី២ សម្រាប់តំណែងនេះគឺ តារាសម្ដែងកំពុងឡើងកូដ Zhao Liying។ ជាថ្មីម្ដងទៀត ទស្សនិកជនក៏មិនគាំទ្រជម្រើសមួយនេះរបស់ផលិតករដែរ បើទោះបីជា Liying មានសមត្ថភាពសម្ដែងល្អខ្លាំងយ៉ាងណាក៏ដោយ ព្រោះពួកគេគិតថាមុខនាងប៉ោង មិនស័ក្ដិសមនឹងសម្រស់របស់សៀវ ឡុងនីដែលត្រូវបានគេប្រៀបដូចទេពធីតានោះទេ។
ជាមួយគ្នាដែរតួ យ៉ាង គួ ត្រូវគេសន្និដ្ឋានថានឹងត្រូវបានប្រុសស្អាត Lin Gengxin ជាអ្នករ៉ាប់រង៕