ឧស្សាហ៍ញ៉ាំពងទាកូន ដឹងថាមានប្រយោជន៍អីខ្លះអត់?
- 2017-09-05 05:10:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧស្សាហ៍ញ៉ាំពងទាកូន ដឹងថាមានប្រយោជន៍អីខ្លះអត់?
តាមការស្រាវជ្រាវ នៅក្នុងពងទាកូនមួយគ្រាប់មានផ្ទុកប្រូតេអ៊ីន១៣,៦ក្រាម លីពីត១២,៤ក្រាម កាល់ស្យូម៨២មីលីក្រាម បណ្ដុំនៃវីតាមីនដូចជា A B និង C និងជាតិដែកជាដើម ដែលអាចជួយផ្ដល់សារធាតុបំប៉នខ្លាំងដល់រាងកាយដើម្បីស្រូបយកថាមពលបានយ៉ាងល្អ។ ដោយសារតែជីវជាតិយ៉ាងច្រើនដែលមានក្នុងពងទាកូនបែបនេះ វាត្រូវបានគេណែនាំសម្រាប់អ្នកមានរូបរាងស្គម ដែលចង់ឡើងទម្ងន់ឆាប់។
អ្នកអាចញ៉ាំវាដោយវិធីចម្អិនផ្សេងៗ ដូចជាស្ងោរញ៉ាំជាមួយអំបិលម្រេច ដាក់ក្នុងស៊ុប ឬដាក់ក្នុងមីស៊ុបក៏បាន។ ប៉ុន្តែមិនមែនដោយសារវាមានជីវជាតិច្រើនមុខ ហើយអាចញ៉ាំបានច្រើនគ្រាប់នោះទេ ព្រោះបើញ៉ាំច្រើនវានឹងក្លាយជាផលប៉ះពាល់ទៅវិញ។ ដូច្នេះចំនួនដែលគួរញ៉ាំដើម្បីសុខភាព និងឡើងទម្ងន់ គឺចន្លោះពី១ទៅ២គ្រាប់បានហើយ។
ដោយឡែក ពេលវេលាល្អដែលត្រូវញ៉ាំ គឺនៅពេលព្រឹកនិងពេលថ្ងៃ ដោយសារនៅពេលល្ងាច ប្រព័ន្ធរំលាយអាហារក្នុងរាងកាយចាប់ផ្ដើមចុះខ្សោយ។ ដូចនេះ បើញ៉ាំនៅពេលល្ងាច វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ពិបាកដល់ដំណេកនៅពេលយប់បាន។ ម្យ៉ាងទៀត ជីពងទាកូនដែលគេនិយមញ៉ាំជាមួយ អាចជួយដល់ការរំលាយអាហារ និងការពារអាការៈហើមពោះ ព្រោះជីនេះមានជាតិហឹរ ក្ដៅ និងជួយមិនឱ្យទ្រលាន់។
ទោះយ៉ាងណា ពងទាកូននឹងមិនល្អឡើយសម្រាប់អ្នកកើតជំងឺដូចជា លើសឈាម ទឹកនោមផ្អែម មានជាតិខ្លាញ់ក្នុងថ្លើម ព្រោះខូលេស្តេរ៉ូល និងសារធាតុបំប៉នច្រើនដែលមានក្នុងពងទាកូនអាចធ្វើឱ្យស្ទះសរសៃឈាម ឬដាច់សរសៃឈាមបាន៕