មិនចង់មុខជ្រួញ និងគ្រោះថ្នាក់សុខភាពព្រោះប្រើកុំព្យូទ័រយូរម៉ោង កុំភ្លេចធ្វើតាមវិធីនេះ
- 2017-08-30 03:16:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់មុខជ្រួញ និងគ្រោះថ្នាក់សុខភាពព្រោះប្រើកុំព្យូទ័រយូរម៉ោង កុំភ្លេចធ្វើតាមវិធីនេះ
មនុស្សជាច្រើនដឹងថាស្នាមជ្រួញកើតឡើងទៅតាមអាយុកាល ដែលស្បែកមានភាពចុះខ្សោយ និងបាត់បង់ភាពបត់បែន។ ជាការពិត មនុស្សមួយចំនួនមានស្នាមជ្រួញច្រើនជាងអ្នកផ្សេងទៀត។ តើអ្នកដឹងទេថាអ្វីដែលធ្វើឲ្យស្នាមជ្រួញកាន់តែធ្ងន់ធ្ងរលើស្បែក?
សម្រាប់មនុស្សជាច្រើន ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ហើយជាលទ្ធផលធ្វើឲ្យរលាកស្បែក ដែលក៏មានឥទ្ធិពលលើស្នាមជ្រួញរបស់ពួកគេផងដែរ។ មនុស្សមួយចំនួនទៀតអាចមានបញ្ហាដោយប៉ះពាល់នឹងផ្សែង ក៏ដូចជារបបអាហារមិនទៀងទាត់ ហើយម្យ៉ាងទៀតការសើចខ្លាំងពេកក៏អាចមានស្នាមជ្រួញជុំវិញមាត់ផងដែរ។ កត្តាផ្សេងទៀតគឺដោយសារប្រើប្រាស់កុំព្យូទ័រ។ ការសម្លឹងមើលអេក្រង់កុំព្យូទ័រយូរម៉ោងក៏បណ្ដាលឲ្យស្បែកជុំវិញភ្នែកមានការចុះខ្សោយផងដែរ។
អ្វីទៅជាការប្រឈមពេលសម្លឹងមើលកុំព្យូទ័រ
ពេលអ្នកនៅក្បែរមនុស្សជាច្រើនប្រើប្រាស់កុំព្យូទ័ររយៈពេលយូរ អ្នកអាចសម្គាល់ទៅលើឥរិយាបថ និងការបង្ហាញលើផ្ទៃមុខ ថ្ងាស ជាពិសេសកន្ទុយភ្នែក ដូចជាការជ្រួញចិញ្ចើមជាដើម។ ការបង្ហាញទាំងនេះឈានដល់មានស្នាមជ្រួញ។ បន្ទាត់ផ្នត់លើស្បែកជារឿយៗមាននៅជុំវិញគែមមាត់ ក៏ដូចជាភ្នែក។
ការការពារស្នាមជ្រួញពេលសម្លឹងមើលកុំព្យូទ័រ
វិធីដ៏ល្អបំផុតដើម្បីការពារស្នាមជ្រួញ គឺកុំសម្លឹងមើលអេក្រង់ប៉ុន្តែប្រហែលជាមិនអាចទៅរួចនោះទេ។ កុំព្យូទ័រ និងអេក្រង់ឌីជីថលត្រូវបានប្រើប្រាស់ស្ទើរពេញមួយថ្ងៃដោយមនុស្សជាច្រើន។ ពួកគេប្រើប្រាស់សម្រាប់ធ្វើការកម្សាន្ត ទំនាក់ទំនង និងកត្តាផ្សេងទៀត។ វិធីការពារស្នាមជ្រួញមិនមែនជៀសវាងការប្រើប្រាស់កុំព្យូទ័រនោះទេ ប៉ុន្តែប្រើប្រាស់វាឲ្យកាន់តែមានប្រសិទ្ធិភាព៖
ពាក់វ៉ែនតា រាល់ពេលប្រើប្រាស់កុំព្យូទ័រសម្រាប់កាត់បន្ថយពន្លឺដែលជះមកលើកែវភ្នែក ឬបរិវេណភ្នែក។
ជ្រើសរើសប្រភេទអេក្រង់ណាដែលអាចកែប្រែកម្រិតពន្លឺ និង Pixels ដែលសក្ដិសមនឹងភ្នែកអ្នកបាន។
គួរកែប្រែទំហំពុម្ពអក្សរ ដើម្បីងាយស្រួលក្នុងការអានកុំឲ្យភ្នែកប្រឹងខ្លាំងពេក។
អាចដាក់អេក្រង់កុំព្យូទ័រនៅចម្ងាយ ឬមុំណាមួយពីភ្នែកអ្នក ដែលអាចជួយកែប្រែពន្លឺ និងកាត់បន្ថយ សម្ពាធដល់ភ្នែកក្នុងការមើល។
ប្រសិនបើអ្នកប្រើកុំព្យូទ័រនៅក្បែរបង្អួច អ្នកគួរផ្លាស់ប្ដូរទីតាំងរបស់កុំព្យូទ័រកុំឲ្យពន្លឺព្រះអាទិត្យជះលើអេក្រង់ ព្រោះដុំពន្លឺចាំងបន្ថែមមានផលប៉ះពាល់ខ្លាំងដល់ភ្នែក។
គន្លឹះសម្រាប់ការប្រើប្រាស់កុំព្យូទ័រកុំឲ្យប៉ះពាល់សុខភាព
ការសម្លឹងមើលកុំព្យូទ័រគ្រាន់តែជាផ្នែកហានិភ័យមួយសម្រាប់សុខភាពដែលមានការប្រឈម កំឡុងពេលប្រើប្រាស់ឧបករណ៍នេះ។ ការប្រើប្រាស់កុំព្យូទ័រដោយឥរិយាបថមិនល្អបានបង្កើននូវភាពតានតឹងសាច់ដុំ ឈឺស្មា និងបញ្ហាភ្នែក។ មនុស្សដែលប្រើប្រាស់កុំព្យូទ័រ កំឡុងពេលអង្គុយនៅតុអាចបង្កើតនូវបញ្ហា Tennis elbow និងសូម្បីតែ Carpal tunnel។ ការចុករោយខ្នងក៏ជាផ្នែកមួយនៃផលប៉ះពាល់ពេលអង្គុយមុខកុំព្យូទ័រជាច្រើនម៉ោងជារៀងរាល់ថ្ងៃផងដែរ។ ជារួម អ្នកអាចអនុវត្តតាមលក្ខណៈខាងក្រោម៖
អង្គុយដោយកម្រិតភ្នែកត្រូវនឹងអេក្រង់កុំព្យូទ័រ
ស្វែងរកកៅអីដែលអាចបត់បែនបាន
ក្រោកឈរ និងពត់ពែនខ្លួនឲ្យបានទៀងទាត់
សារ៉េពន្លឺអេក្រង់ឲ្យមានភាពងាយស្រួលដល់ភ្នែក
រៀបចំកន្លែងអង្គុយធ្វើការឲ្យមានផាសុកភាព
សិក្សាពីការប្រើប្រាស់ទីតាំងសម្រាប់វាយអក្សរឲ្យបានត្រឹមត្រូវ៕
ប្រភព៖ https://www.consumerhealthdigest.com/wrinkle-care/how-to-deal-computer-face-wrinkles.html