អ្នក​ណា​ថា​ការ​ហើយ​ស្រួល? ​៧រឿង​ពិត​​ពី​ជីវិត​ក្រោយ​រៀបការ ដែល​ខុស​ឆ្ងាយ​ពី​អ្នក​គិត

  • 2017-08-30 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ក្នុង​ភាពយន្ត ការ​រៀបការ​ច្រើន​ត្រូវ​បាន​ចាត់​ទុក​​​ជា​ Happy Ending ក៏​ប៉ុន្តែ​សម្រាប់​ការ​ពិត គ្រប់​គ្នា​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​​​ដំណាក់កាល​ថ្មី​មួយ​ទៀត​ក្នុង​ជីវិត ហើយ​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​រស់​នៅ​ជាមួយ​គ្នា​​មុន​រៀប​ការ ប្រាកដ​ជា​មិន​ដឹង​ឡើយ​ថា​ជីវិត​ក្រោយ​រៀបការ​នោះ​វា​មាន​​សភាព​បែប​ណា។ ដូច្នេះ​ថ្ងៃ​នេះ Kanha សូម​ចែក​រំលែក​​ខ្លះ​ៗ​តែ​ម្ដង​ពី​រឿង​នេះ៖

១. ចរិត​ដែល​ភាគី​ទាំង​សង​ខាង​ធ្លាប់​លាក់​មុន​រៀប​ការ​នឹង​ត្រូវ​បញ្ចេញ​មក

នៅ​ពេល​អ្នក​បាន​រស់​នៅ​ជាមួយ​នរណា​ម្នាក់​មួយ​រយៈ​ហើយ​ អាកប្បកិរិយា​​ល្អ​ៗ​ឥត​ខ្ចោះ​​​នឹង​ចាប់​ផ្ដើម​រលាយ​បាត់។ អ្នក​និង​គាត់​ប្រាកដ​ជា​លែង​ចំណាយ​​ច្រើន​ដើម្បី​តែង​ខ្លួន​ដូច​កាល​មុន លែង​ប្រយ័ត្ន​ប្រយែង​​​ពេល​ញ៉ាំ​អាហារ ពេល​ដើរ​លេង ឬ​សូម្បី​តែ​ពេល​និយាយ​ស្ដី (ដែល​អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ភាគី​ម្ខាង​ទៀត​ដោយ​មិន​ដឹង​ខ្លួន) ឬ​សូម្បី​តែ​រឿង​តូច​តាច ដែល​អ្នក​ធ្លាប់​មើល​រំលង​ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត ព្រោះ​នឹង​ត្រូវ​ឃើញ​វា​កាន់​តែ​ញឹកញាប់​ពេល​រស់​នៅ​ជាមួយ​គ្នា។

២. អាច​មាន​ភាព​អស់​សង្ឃឹម​កាន់​តែ​ច្រើន​​លើ​ភាគី​ម្ខាង​ទៀត​

ក្រោយ​ពី​បាន​ចាប់​ផ្ដើម​ជីវិត​គូ​ជាមួយ​គ្នា​មួយ​រយៈ អ្នក​ទាំង​ពីរ​នឹង​ចាប់​ផ្ដើម​តាំង​ក្ដី​សង្ឃឹម​លើ​ភាគី​ម្ខាង​ទៀត​កាន់​តែ​ច្រើន ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ពិត​​សម្រាប់​គូ​ភាគ​ច្រើន​នោះ​គឺ ម្នាក់​ៗ​នឹង​​មាន​អារម្មណ៍​ថា​មិន​ចាំ​បាច់​​ទាក់ទាញ​ចំណាប់​អារម្មណ៍​គ្នា​​ដូច​មុន​ទេ។ ដូច្នេះ​ការ​ចេញ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​នៅ​ហាង​ទំនើប​ៗ ការ​ទទួល​កាដូ​ញឹកញាប់​អី​ជា​ដើម នឹង​ត្រូវ​បាន​កាត់​បន្ថយ។

៣. អ្នក​នឹង​មិន​បាន​នៅ​ជាមួយ​គ្នា​គ្រប់​ពេល​គ្រប់​វេលា​នោះ​ឡើយ

បើ​ការងារ​អ្នក​ខុស​គ្នា​នោះ វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​​កាន់​តែ​ច្រើន​ទៀត ព្រោះ​ថា​អ្នក​ត្រូវ​ប្រឹង​ធ្វើ​ការ​សន្សំ​លុយ​ដើម្បី​អនាគត​គ្រួសារ​ និង​កូន។ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​ អ្នក​ទាំង​ពីរ​នឹង​គ្មាន​ពេល​​អង្គុយ​ Sweet ជាមួយ​គ្នា​ដូច​ក្នុង​រឿង​ភាគ ឬ​​ផ្ញើ​សារ​ឲ្យ​គ្នា​គ្រប់​ពេល​ដូច​ពេល​ស្រឡាញ់​គ្នា​ដំបូង​ៗ​​ឡើយ ក្រៅ​​ត្រូវ​ប្រាប់​គ្នា​ថា របស់​ប្រើប្រាស់​ក្នុង​ផ្ទះ​អស់​ហើយ ភ្លេច​បិទ​ទឹក ល្ងាច​នេះ​មាន​ប្រជុំ ឬ​មាន​ជប់លៀង​ជាមួយ​អតិថិជន។ ចំណុច​នេះ​អ្នក​អាច​និយាយ​ដោះ​ស្រាយ​គ្នា​ដោយ​ត្រង់​ៗ បើ​សិន​ជា​អាកប្បកិរិយា​​គេ​​កាន់​តែ​សោះ​អង្គើយ។

៤. រឿង​តូច​ៗ​នឹង​ក្លាយ​ជា​រឿង​ធំ

នៅ​ពេល​អ្នក​រស់​នៅ​ជាមួយ​គ្នា​ហើយ វា​នឹង​ត្រូវ​មាន​រឿង​រំខាន​ចិត្ត ដែល​ពី​មុន​ឡើយ​អ្នក​​ធ្លាប់​តែ​​មើល​រំលង ដូច​ជា ហេតុ​អ្វី​គាត់​បត់​ជើង​តូច​ហើយ​អត់​ចុច​ទឹក គាត់​គេង​ស្រមុក គាត់​ស្រវឹង​ហើយ​ធុំ​ក្លិន​ស្រា​ឡើង​ងួង គាត់​​មិន​នាំ​អ្នក​ចេញ​ក្រៅ​នៅ​ថ្ងៃ​សម្រាក តែ​បែរ​អង្គុយ​លេង​តែ​ហ្គេម -ល-។ ទាំង​អស់​នេះ​បើ​មិន​បាន​​និយាយ​គ្នា​​ឲ្យ​បាន​ល្អ​តាំង​ពី​ដំបូង​ទេ វា​ប្រាកដ​ជា​អាច​ក្លាយ​ជា​បញ្ហា​ធំ​សម្រាប់​អ្នក​ទាំង​ពីរ​បាន។  

៥. ជីវិត​ផ្លូវ​ភេទ​មិន​ដូច​ការ​រំពឹង​ទុក

ហេតុ​អ្វី​ទៅ? ហេតុ​ផល​មាន​ច្រើន មួយ​អាច​ដោយ​សារ​អ្នក​នឹង​យល់​ថា​វា​ដដែល​ៗ​គ្មាន​អ្វី​ថ្មី ហើយ​ក៏​អាច​មក​ពី​មូលហេតុ​ជុំវិញ​ខ្លួន​ច្រើន​ទៀត​ដូច​ជា​បញ្ហា​ការងារ​ បញ្ហា​គ្រួសារ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​ទាំង​គូ​​លែង​​រំភើប​ដូច​ដំបូង​ៗ។ បើ​សិន​​វា​ធ្ងន់ធ្ងរ​រហូត​អ្នក​មិន​អាច​ទទួល​យក​បាន គួរ​ប្រញាប់​រក​វិធី​ដោះ​ស្រាយ​ភ្លាម ព្រោះ​សិច​ក៏​ជា​ចំណែក​​សំខាន់​មួយ​ដែរ​សម្រាប់​ជីវិត​គូ។

៦. អ្នក​នឹង​ចាប់​ផ្ដើម​គិត​ដល់ ការ​បែក​គ្នា

ព្រោះ​មនុស្ស​យើង ចូលចិត្ត​​អ្វី​ដែល​នៅ​គង់វង្ស​ហើយ​​ក៏​តែង​មាន​ការ​ភ័យ​ខ្លាច។ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​រស់​នៅ​ជាមួយ​គ្នា​មក​ដល់​ចំណុច​មួយ យូរ​ៗ​ម្ដង​អ្នក​នឹង​គិត​ថា “ចុះ​បើ​ថ្ងៃ​មួយ​យើង​ត្រូវ​បែក​គ្នា?... តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?” ហើយ​ក៏​ចេះ​តែ​ខ្វល់ខ្វាយ​ចិត្ត។ ដូច្នេះ​ហើ​យ​បើ​ជីវិត​គូ​អ្នក​មើល​ទៅ​គ្មាន​បញ្ហា​អ្វី​ទេ អ្នក​គួរ​ឈប់​គិត​ពី​រឿង​នេះ​ដើម្បី​កុំ​ឲ្យ​ស្ត្រេស​ខ្លាំង​ពេក។

៧. ផ្ទះ​បង​ ផ្ទះ​អូន បញ្ហាបង បញ្ហា​​អូន

ត្រូវ​ទទួល​ស្គាល់​ថា គ្រប់​គូ​ប្រាកដ​ជា​ជួប​បញ្ហា​នេះ មិន​ថា​ជា​បញ្ហា​តូច ឬ​ធំ​​ ក៏​សុទ្ធ​តែ​អាច​បង្ក​រឿង​មិន​ចុះ​សម្រុង​សម្រាប់​អ្នក​ទាំង​ពីរ​ទាំង​អស់។ ពេល​ខ្លះ​អ្នក​ឬ​គាត់​អាច​គ្រាន់​តែ​រអ៊ូ​ឲ្យ​ធូរ​ចិត្ត តែ​បែរ​ជា​ធ្វើ​ឲ្យ​អ្នក​ម្ខាង​ទៀត​ខឹង​ច្រឡោត ឬ​​មាន​បញ្ហា​ខ្លះ​អ្នក​ក៏​មិន​ហ៊ាន​ហើប​មាត់​និយាយ​ប្រាប់​ដៃ​គូ​រហូត​វា​ក្លាយ​ជា​បញ្ហា​ធំ។ បើ​មិន​មែន​បញ្ហា​រវាង​ប្ដី​ប្រពន្ធ ក៏​ជា​បញ្ហា​រវាង​ឪពុក​ម្ដាយ បង​ប្អូន​ សាច់​ថ្លៃ ដែល​ទាំង​អស់​នេះ​គឺ​ទាមទារ​ឲ្យ​អ្នក​ត្រូវ​អត់ធ្មត់​ច្រើន​ទើប​មាន​សុភមង្គល។  

អាច​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល Kanha រៀប​រាប់​មិន​អស់ ក៏​ប៉ុន្តែ​នេះ​ក៏​មិន​មែន​មាន​ន័យ​ថា​ជីវិត​អាពាហ៍ពិពាហ៍​ពិត​ជា​គួរ​ឲ្យ​ខ្លាច​នោះ​ដែរ គ្រាន់​តែ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​ទទួល​វា​ឲ្យ​បាន​ល្អ។ គ្រប់​ជីវិត​គូ​សុទ្ធ​តែ​អាច​ជួប​បញ្ហា​ តែ​បញ្ហា​ទូទៅ​នឹង​អាច​ដោះស្រាយ​បាន​ដរាប​ណា​មាន​ការ​យោគយល់ ដឹង​ចិត្ត​គ្នា និង​ព្រម​ពិភាក្សា​គ្នា​ដោយ​បើក​ចំហ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម
អត្ថបទថ្មី