រឿង១០យ៉ាងដែលមនុស្សស្រីគួរឈប់កុហកខ្លួនឯងចាប់ពីថ្ងៃនេះ
- 2017-08-24 09:12:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង១០យ៉ាងដែលមនុស្សស្រីគួរឈប់កុហកខ្លួនឯងចាប់ពីថ្ងៃនេះ
ក្នុងជីវិតយើងគឺតែងតែមានរឿងត្រូវកុហកខ្លួនឯង ឬកុហកអ្នកដទៃ មិនថាដោយតាំងចិត្ត ឬមិនបានតាំងចិត្តក៏ដោយ។ ពេលខ្លះយើងក៏ធ្លាប់កុហកខ្លួនឯងដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត ទាំងដែលការពិតវាមិនល្អប្រសើរដូចអ្វីដែលយើងគិតក៏មាន។ ដូច្នេះយើងមកមើលចំណុចចំនួន១០ដែលមនុស្សស្រីភាគច្រើនចូលចិត្តកុហកខ្លួនឯង៖
១០. មិនស្រឡាញ់ប្រុសស្អាត
និយាយមែនទែនទៅ មនុស្សស្រី១០០ទាំង១០០ហើយដែលចាប់ចិត្តនឹងបុរសដែលមានរូបសម្បត្តិស្អាត ទាក់ទាញ ក៏ប៉ុន្តែនារីជាច្រើនបែរចូលចិត្តនិយាយថាស្រឡាញ់ចិត្តមនុស្សច្រើនជាង មុខមាត់យ៉ាងម៉េចក៏បានដែរ ហើយក៏វាយតម្លៃអ្នកដទៃពេលឃើញគេបានសង្សារជាប្រុសស្អាត។ ពិតណាស់ការរើសគូស្រករគួរមើលលើចិត្តជាសំខាន់ តែយើងក៏មិនចាំបាច់និយាយអ្វីដែលខុសពីការពិតពេកនោះដែរ។
៩. បើគេស្រឡាញ់យើង គេមករកយើងវិញហើយ
ភ្ញាក់ខ្លួនទៅ នេះគឺជាពិភពលោកពិត មិនមែនក្នុងកុន ដែលតួប្រុសនឹងត្រលប់មករកយើងវិញនោះទេ។ ពាក្យដែលនិយាយថា បើគេជារបស់យើងគេនឹងត្រលប់មករកយើងវិញ គួរតែឈប់ប្រើទៅ ព្រោះវានឹងធ្វើឲ្យយើងបិទឱកាសខ្លួនឯង ដោយការនៅរង់ចាំគេ ទាំងដឹងថាគេគ្មានថ្ងៃមកវិញផង។
៨. លុយទិញគ្រប់យ៉ាងមិនបាន
លុយទិញគ្រប់យ៉ាងមិនបាន តែលុយអាចទិញក្ដីសុខបាន ពិតឬមិនពិត? បើថាមិនពិត ចុះពេលយើងដើរ Shopping, ចូលហាងញ៉ាំអី ទៅដើរលេង ទៅនេះទៅនោះ បើគ្មានលុយអាចទៅបានដែរ? ដូច្នេះយើងមិនអាចបដិសេធឡើយថាលុយអាចទិញសុភមង្គលបាន តែមានរបស់ ៤យ៉ាងដែលលុយមិនអាចទិញបានគឺ “ក្ដីស្រឡាញ់” “ពេលវេលា “ជីវិត” និង “មិត្តស្មោះត្រង់”។
៧. ការងារដំបូងនឹងកំណត់ជីវិត
ប្រិយមិត្តច្រើនប្រាកដជាធ្លាប់ឮគេនិយាយញឹកញាប់ ជាពិសេសអ្នកទើបរៀនចប់ថ្មីៗតែងនិយាយថាការងារដំបូងសំខាន់ខ្លាំងណាស់ ព្រោះវានឹងកំណត់ជីវិតរបស់យើងតែម្ដង បើបានការងារដំបូងល្អ ជីវិតយើងនឹងល្អ។ តែវាមិនដូច្នោះទេ គឺការងារដំបូងនេះហើយដែលយើងអាចសាកល្បងថាវាខុសឬក៏ត្រូវសម្រាប់យើង ធ្វើឲ្យយើងបានស្គាល់ខ្លួនឯងកាន់តែច្បាស់។ បើការងារដំបូងមិនល្អដូចអ្វីដែលយើងគិត នោះយើងក៏អាចដើរចេញហើយមករកការងារថ្មី។ ពាក្យថាជីវិតគឺមិនស្ថិតលើការងារដំបូងនោះទេ តែវាស្ថិតនៅត្រង់ថាយើងសុខចិត្តនៅទ្រាំនឹងការងារដែលមិនត្រូវនឹងយើងនោះយូរប៉ុណ្ណាប៉ុណ្ណោះឯង។ ជីវិតយើងគឺយើងជាអ្នកកំណត់ មិនមែនការងារជាអ្នកកំណត់ជីវិតយើងទេ។
៦. រង់ចាំវាសនា ចាំព្រះប្រទានបុរសល្អមកឲ្យ
និយាយមើលតែប្រលោមលោកអីចឹង តែនៅក្នុងជីវិតពិត បើអ្នករង់ចាំមនុស្សល្អ គ្រប់ចំណុច Perfect ដូចតួឯកប្រុសប្រលោមលោក នោះវាមិនអាចទៅរួចឡើយ ព្រោះទម្រាំស្រីៗយើងក៏នៅមានចំណុចមិនល្អណាមួយដូចគ្នា។ ដូច្នេះហើយ យើងគួរសំឡឹងមើលពិភពលោកដោយផ្អែកលើការពិត រកមើលមនុស្សដែលអាចចុះសម្រុងនឹងយើងបាន ដោយមិនចាំបាច់រង់ចាំជោគជតានាំមកឲ្យទេ។ សាកល្បងមើលមនុស្សជិតៗខ្លួន ពេលខ្លះគាត់អាចជាគូព្រេងដ៏ល្អសម្រាប់យើងក៏ថាបាន។
៥. អ្នកដទៃគិត និងនិយាយយ៉ាងម៉េច ក៏យើងមិនចាំបាច់ខ្វល់
វាជាការពិតហើយដែលថា បើយើងរវល់តែខ្វល់នឹងការគិតរបស់មនុស្សគ្រប់ៗគ្នា យើងនឹងបាត់បង់ភាពជាខ្លួនឯង ក៏ប៉ុន្តែយើងត្រូវសំឡឹងមើលត្រលប់មកវិញថា យើងមិនអាចមិនខ្វល់នឹងមនុស្សគ្រប់គ្នា ហើយធ្វើអ្វីតាមតែចិត្តយើងនោះទេ ព្រោះបើអ្វីដែលយើងធ្វើនោះនាំភាពក្ដៅក្រហាយឲ្យអ្នកដទៃ វាក៏មិនមែនជារឿងល្អ។ ម្យ៉ាងទៀតយើងក៏គួរទទួលយកអ្វីដែលអ្នកដទៃប្រាប់មកធ្វើឲ្យខ្លួនឯងកាន់តែល្អជាងមុន ហើយបើកចិត្តទទួលស្ដាប់ការរិះគន់សិនមុននិយាយថាគេរិះគន់ដើម្បីតែរិះគន់។
៤. ចាំស្អែកចាំធ្វើក៏បាន
ប្រាប់ខ្លួនឯងថាស្អែកធ្វើក៏បាន តែស្អែកហើយក៏ចាំស្អែកទៀត ទីបំផុតក៏យឺតពេលហើយមិនបានធ្វើដោយសារពាក្យថា ចាំស្អែក ហ្នឹងឯង។ ដូច្នេះគិតថាធ្វើអ្វីហើយគួរធ្វើភ្លាមៗតែម្ដង ព្រោះថាយើងអាចគ្មានថ្ងៃស្អែកសម្រាប់ធ្វើវាក៏ថាបាន។
៣. គេធ្វើល្អដាក់យើង ដឹងតែស្រឡាញ់យើងហើយ
អ្វីដែលយើងគិតអាចមិនមែនជាការពិតក៏ថាបានដែរណា ដូច្នេះគួរបញ្ឈប់ការស្រមើស្រមៃតែម្នាក់ឯងទៅ បើមិនចង់ខូចចិត្តនៅពេលក្រោយ។ ជួនកាលគេគ្រាន់តែជាសុភាពបុរស ហើយដែលគេធ្វើល្អក៏មិនប្រាកដថាធ្វើល្អដាក់យើងតែម្នាក់ តែគឺជាទង្វើរបស់គេសម្រាប់មនុស្សទូទៅក៏ថាបាន។
២. ខ្ញុំមានក្ដីសុខណាស់ គ្មានទុក្ខអីបន្តិចទេ
មិនបាច់កុហកខ្លួនឯងដល់ម្ល៉ឹងទេ មនុស្សមានទុក្ខខ្លះ សុខខ្លះជារឿងធម្មតា។ ដូច្នេះបើមាននបញ្ហាហើយយើងក៏មិនចាំបាច់កុហកខ្លួនឯង ហើយដើរសើចញញឹមដាក់មនុស្សគ្រប់គ្នា គ្រប់ពេលនោះដែរ ព្រោះពេលខ្លះទុក្ខវានៅតែជាទុក្ខបើយើងមិនបញ្ចេញវាមក។
១. ខ្ញុំនៅលីវហើយរឹងមាំខ្លាំងណាស់ វាមិនចម្លែកទេ បើអ្នកនៅលីវ ហើយរឹងមាំ តែបើអ្នកតែងប្រាប់ខ្លួនឯងបែបនេះគ្រប់ពេល វាក៏ដូចជាកុហកខ្លួនឯងពេកទេដឹង? សាកល្បងសួរខ្លួនឯងទៅ ថាយើងពិតជាមិនត្រូវការនរណាម្នាក់សោះមកមើលថែបេះដូងមែនឬយ៉ាងណា។ អ្នកអាចធ្លាប់ខូចចិត្តស្នេហា តែអ្វីដែលកន្លងហួសគួរទុកវាជាមេរៀនបានហើយ មិនគួរបិទផ្លូវ ហាមចិត្តខ្លួនឯងដោយសាររឿងពីមុនៗនោះទេ។
វាមិនមែនជារឿងខុសនោះទេដែលយើងកុហកខ្លួនឯងដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត ប៉ុន្តែបើគិតបែបនេះញឹកញាប់ វានឹងអាចនាំរឿងមិនល្អមកឲ្យយើង ដូច្នេះយកល្អគួរព្យាយាមបញ្ឈប់ការកុហកខ្លួនឯង ព្រោះទោះបីយើងកុហកអ្នកដទៃបាន តែយើងមិនអាចកុហកបេះដូងខ្លួនឯងបាននោះទេ ៕