លែង​ចាញ់​បោក​ហើយ! ៦​វិធី​មើល​ឲ្យ​ដឹង​ថា​កាបូប​ប្រ៊េន​ពិត​ ឬ​ក្លែងក្លាយ មុន​ទិញ

  • 2017-08-21 05:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នេះ​មាន​កាបូប​ប្រ៊េនល្បី​ៗ​ជា​ច្រើន​ដែល​​តែ​ង​ចេញ​ម៉ូដ​ថ្មី​ៗ​ឲ្យ​អតិថិជន​របស់​ខ្លួន​បាន​ទិញ​ជា​ប្រចាំ ប៉ុន្តែ​អ្នក​ធ្លាប់​សង្កេត​ឬ​ទេ​ថា កាបូប​ដែល​អ្នក​ទិញ​មក​នោះ​ជា​របស់​ប្រ៊េន​ពិត​ប្រាកដ ឬ​ក៏​អត់? ជួន​កាល​កាបូប​ដែល​អ្នក​ទិញ​មក​នោះ​អាច​ជា​របស់​ក្លែងក្លាយ​ក៏​ថា​បាន ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ខាត​បង់​ដោយ​សារ​ទិញ​ចំ​​របស់​ក្លែងក្លាយ​​ ថ្ងៃ​នេះ Kanha នឹង​បង្ហាញ​ពី​វិធី​សង្កេត​ខ្លះ​ៗ​ដូច​ខាង​ក្រោម៖  

១. ពិនិត្យ​មើល​រូត ឡេវ និង​ទម្ពក់

របស់​ដែល​គួរ​ចាប់​អារម្មណ៍​មើល​មុន​គឺ​​ត្រង់​ខ្សែ​រូត ទំពក់ និង​ឡេវ បើ​ចំណុច​ទាំង​អស់​នេះ​មើល​ទៅ​មាន​ឆ្កូត ស្នាម​របក​ ​កន្លែង​ណា​មួយ​នោះ​ក៏​អាច​បង្ហាញ​ថា​វា​ជា​របស់​ក្លែងក្លាយ​។

២. ពិនិត្យ​មើល​សាច់​កាបូប

កាបូប​ប្រ៊េន​ល្បី​ៗ​​ភាគច្រើន​គឺ​ផលិត​ចេញ​ពី​ស្បែកដែល​មាន​គុណភាព​ខ្ពស់​ប៉ុណ្ណោះ មិន​មែន​ផលិត​ពី​​ស្បែក​អន់ ​មាន​ជាតិ​ខ្លាញ់​រអិល​ ឬ​ស្អិត​នោះ​ទេ។ វា​អាច​នឹង​មាន​ភាព​ទន់​ឬ​យឺត ប៉ុន្តែ​ទោះ​យ៉ាង​ណា​រូបរាង​របស់​វា​នឹង​នៅ​ដូច​ដើម​ជា​និច្ច តែ​បើ​កាបូប​​នោះ​មាន​ស្នាម​ដេរ​ប៉ះ ឬ​មាន​ស្នាម​ផ្សេង​ៗ​នោះ​ក៏​អាច​សន្និដ្ឋាន​បាន​ថា​វា​ជា​កាបូប​ក្លែងក្លាយ​ពិត​ណាស់។

៣. ពិនិត្យ​មើល Logo

បច្ចុប្បន្ន​មាន​ការ​ក្លែង​បន្លំ​ប្រ៊េន ឬ​ម៉ាក​យីហោ​ជា​ច្រើន​ជា​ពិសេស​​តាម​រយៈ Font អក្សរ កម្រាស់​អក្សរ ឬ​សូម្បី​តែ​អក្ខរាវិរុទ្ធ ដូច្នេះ​អ្នក​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ។  

៤. លក្ខណៈពិសេស​របស់​ផលិតផល

​មុន​នឹង​សម្រេច​ចិត្ត​ទិញ​ផលិតផល​ប្រ៊េន​មួយ​ អ្នក​គួរ​សិក្សា​ពី​ចំណុច​លេចធ្លោ​របស់​ប្រ៊េន​នោះ​ជា​មុន​សិន ហើយ​ត្រូវ​ចាំ​ថា​ប្រ៊េន​នីមួយ​ៗ​គឺ​សុទ្ធ​តែ​មាន​ចំណុច​លេចធ្លោ និង​អត្តសញ្ញាណ​របស់​ខ្លួន​ជានិច្ច។ ឧទាហរណ៍ កាបូប​ម៉ាក Prada ភាគ​ច្រើន​ប្រើ​ពណ៌​តែ​មួយ​ៗ ឬ​ស្រដៀង​ៗ​គ្នា​ប៉ុណ្ណោះ មិន​មាន​ពណ៌​ក្រឡា​​ខុស​ៗ​គ្នា​ច្រើន​នោះ​ទេ។

៥. ពិនិត្យ​មើល​លេខសម្គាល់​​ផលិតផល

ជា​ចំណុច​សំខាន់​មួយ​ទៀត​ដែល​ត្រូវ​ពិនិត្យ​មើល បើ​សិន​ជា​អ្នក​ចង់​បាន​របស់​ពិត។ លេខ​សម្គាល់​របស់​ពិត​​នឹង​ត្រូវ​ភ្ជាប់​ជាមួយ​កាបូប​យ៉ាង​ពិសេស​មិន​អាច​បក​ចេញ​ងាយ​ៗ​ឡើយ ខណៈ​ដែល​​របស់​​ក្លែងក្លាយ​គឺ​គ្រាន់​តែ​បិទកាវ​ពីលើ​ប៉ុណ្ណោះ។

៦. ប្រអប់ & ការ​វេច​ខ្ចប់

របស់​ល្អ​នឹង​មាន​ការ​វេច​ខ្ចប់​​ដែល​មាន​ការការពារ​ខ្ពស់​ដល់​ទំនិញ។ ត្រូវ​ចាំ​ថា​របស់​ថ្លៃ​ៗ​​គេ​នឹង​ហ៊ាន​ប្រើ​ប្រអប់​វេចខ្ចប់​ដែល​មាន​តម្លៃ​ថ្លៃ និង​មាន​គុណភាព​ខ្ពស់​ដែរ ហើយ​របស់​ថែម​ផ្សេង​ៗ​គឺ​នឹង​ត្រូវ​ភ្ជាប់​មក​ជាមួយ​គ្នា​ដោយ​អ្នក​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​បន្ថែម​ឡើយ ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន