បើ​មិត្ត​ប្រុស​ហ៊ាន​ធ្វើ​ចំណុច​ទាំង​នេះ គួរ​តែ​ដាច់​គ្នា​ឱ្យ​ហើយ​ទៅ ព្រោះ​...

  • 2017-08-23 01:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រឿង​ស្នេហា ត្រូវ​ចង​ចាំ​ថា ​ភាគី​ទាំង​សង​ខាង​ត្រូវ​តែ​យល់​ពី​គ្នា ចេះ​ឱ្យ​តម្លៃ​គ្នា មិន​ថា​ក្នុង​កាលៈទេសៈ​ណា ឬ​មាន​រឿង​អ្វី​ក៏​ដោយ​។ ហើយ​ភាគ​ច្រើន​ អ្នក​ដែល​អាច​នឹង​ក្លាយ​ជា​ភាគី​រងគ្រោះ​ក្នុង​រឿង​ស្នេហា គឺ​ជា​ខាង​ស្រី​ដែល​អាច​ត្រូវ​ខាង​ប្រុស​បំពាន ឬ​ធ្វើ​រឿង​មិន​គប្បី​មួយ​ចំនួន​ដាក់​។ ដូច្នេះ បើ​ពេល​កំពុង​ទាក់​ទង​គ្នា សង្សារ​របស់​អ្នក​បាន​ធ្វើ​រឿង​ដូច​ខាង​ក្រោម​នេះ ស្រីៗ​គួរ​តែ​ពិចារណា​ឡើង​វិញ ព្រោះ​វា​កំពុង​បង្ហាញ​ថា គេ​នៅ​មិន​ទាន់​ទុក​យើង​សំខាន់ ឬ​បាន​ប្រគល់​ក្ដី​ស្រលាញ់​ពិត​ប្រាកដ​ឱ្យ​យើង​ទេ​។

១- គេ​តែង​បង្ខំ​អ្នក​ឱ្យ​ធ្វើ​​រឿង​ដែល​អ្នក​មិន​ចូល​ចិត្ត

​ ឧទាហរណ៍​ថា គេ​ចូល​ចិត្ត​លេង​កីឡា ហើយ​អ្នក​មិន​ចូល​ចិត្ត ប៉ុន្តែ​គេ​តែង​បង្ខំ​អ្នក​ឱ្យ​ទៅ​អង្គុយ​ចាំ​មើល​គេ ឬ​លើក​ទឹក​ចិត្ត​គេ ទាំង​ដឹង​ថា វា​ជា​អ្វី​ដែល​អ្នក​ធុញ និង​មិន​​ចង់​ធ្វើ​​ក៏​ដោយ​។ ​ជា​គូ​ស្នេហ៍ មិន​គួរ​ឱ្យ​រឿង​នេះ​កើត​ឡើង​ទេ ព្រោះ​វា​ហាក់​ដូច​ជា​ការ​បង្ខំ​មនុស្ស​ម្នាក់​ឱ្យ​មក​ស្រលាញ់​យើង​អ៊ីចឹង​។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចូល​ចិត្ត គួរ​តែ​ទុក​ពេល​ឱ្យ​ភាគី​ម្ខាង​ទៀត​បាន​ធ្វើ​រឿង​ដែល​គេ​ចូល​ចិត្ត​ដូច​គ្នា ជាជាង​នៅ​ក្បែរ​គ្នា​គ្រប់​ពេល​ទាំង​គេ​មិន​សប្បាយ​ចិត្ត​។

២- គេ​សុំ​ឱ្យ​អ្នក​ចំណាយ​ពេល​ជាមួយ​គេ​ច្រើន​ជាង​ជាមួយ​មិត្តភ័ក្ដិ ឬ​គ្រួសារ

សម្រាប់​នារី មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​គឺ​ជា​​មនុស្ស​សំខាន់​មួយ​ក្នុង​ជីវិត ប៉ុន្តែ​បើ​ប្រុស​ម្នាក់​នោះ​ស្រាប់​តែ​បង្ខំ​ឱ្យ​អ្នក​​​​ចំណាយ​ពេល​ជាមួយ​គេ​ច្រើន​ជាង​ជាមួយ​អ្នក​ផ្សេង​នោះ បាន​ន័យ​ថា ​​គេ​ជា​មនុស្ស​អាត្មា​និយម ហើយ​ថ្ងៃ​ក្រោយ​ទៅ គេ​​អាច​នឹង​ឱ្យ​អ្នក​រើស​រវាង​គេ​និង​គ្រួសារ ឬ​មិត្តភ័ក្ដិ​អ្នក​ជា​មិន​ខាន។ បើ​អ្នក​រើស​យក​គ្រួសារ គេ​សុខ​ចិត្ត​បែក​គ្នា​ក៏​ថា​បាន​។

៣- ពេល​អ្នក​យំ តែង​ប្រាប់​ឱ្យ​ឈប់​យំ ជាជាង​លួង​ឬ​លើក​ទឹក​ចិត្ត

​ អ្នក​ណាៗ​ក៏​អាច​មាន​រឿង​ដែល​ត្រូវ​យំ ហើយ​ពេល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នេះ អ្វី​ដែល​ត្រូវ​ការ​បំផុត​គឺ​កម្លាំង​ចិត្ត និង​ការ​លួង​លោម​។ ប៉ុន្តែ​បើ​គេ​បែរ​ជា​បាន​តែ​ប្រាប់​ឱ្យ​អ្នក​ឈប់​យំ ហើយ​មិន​បាន​លើក​ហេតុផល ឬ​ពាក្យ​ពេចន៍​លើក​ទឹកចិត្ត ឬ​ដំណោះ​ស្រាយ​អ្វី​សោះ នោះ​បាន​ន័យ​ថា គេ​មិន​បាន​ទុក​ការ​ឈឺចាប់​របស់​អ្នក​ជា​រឿង​សំខាន់​ឡើយ ហើយ​គេ​ក៏​នឹង​មិន​មាន​ចិត្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​អ្នក​នៅ​ថ្ងៃ​អនាគត​ដែរ​។

៤- សុំ​ឱ្យ​អ្នក​និយាយ​កុហក​ដើម្បី​ជួយ​ការពារ​គេ

​ ក្នុង​នាម​ជា​មនុស្ស​ស្រលាញ់​គ្នា អ្នក​មិន​ត្រូវ​ជួយ​កុហក​ដើម្បី​ការពារ​កំហុស​របស់​គេ​ឡើយ​។ បើ​ពួក​គេ​ធ្វើ​ខុស គេ​ត្រូវ​ហ៊ាន​ទទួល​ខុស​ត្រូវ​ និង​ដោះ​ស្រាយ​ដោយ​ក្លាហាន ព្រោះ​បុរស​ដើម​ទ្រូង​៥​ហត្ថ មិន​អាច​សុំ​ឱ្យ​មនុស្ស​ស្រី​ចេញ​មុខ​ការ​ពារ​ខ្លួន ហើយ​ខ្លួន​ឯង​នៅ​សម្ងំ​ធ្វើ​មិន​ដឹង​រឿង​ពី​ក្រោយ​ខ្នង​បែប​នេះ​ទេ។

៥- គេ​សុំ​ឱ្យ​អ្នក​ឈប់​ធ្វើ​អ្វី​ដែល​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន

​ ការងារ ឬ​មហិច្ឆតា​របស់​អ្នក​គឺ​អ្នក​ត្រូវ​តែ​សម្រេច​ឱ្យ​បាន​ដោយ​ខ្លួន​ឯង មិន​មែន​ត្រូវ​បាន​កំណត់ ឬ​បង្គាប់​បញ្ជា​ថា​គួរ​បន្ត​ឬ​បោះបង់​ដោយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ទេ។ លើក​លែង​តែ​មាន​ការ​ពិគ្រោះ​ឬ​សុំ​យោបល់ ទើប​អាច​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​។ ប៉ុន្តែ​បើ​នៅ​សុខៗ គេ​ស្រាប់​តែ​មក​ប្រាប់​ថា​ឱ្យ​អ្នក​ឈប់​ធ្វើ​វា​ដើម្បី​បាន​នៅ​ក្បែរ​គេ វា​គឺ​ជា​រឿង​ដែល​មិន​គួរ​ធ្វើ​ជា​ដាច់​ខាត។

៦- គេ​ប្រាប់​ឱ្យ​អ្នក​ប្ដូរ​សាសនា ឬ​និន្នាការ​នយោបាយ

​ ​ជំនឿ​តែង​កើត​ឡើង​ក្នុង​ចិត្ត​មនុស្ស​ម្នាក់​ៗ តាម​ហេតុផល​រៀងៗ​ខ្លួន​ ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​បង្ខំ​ឱ្យ​ផ្លាស់ប្ដូរ ឬ​ជឿ​ងាយៗ​ដែរ​។ បើ​មិត្ត​ប្រុស​អ្នក​ជា​មនុស្ស​កាន់​សាសនា​ផ្សេង ហើយ​អ្នក​ជឿ​លើ​សាសនា​ផ្សេង ​អ្នក​ទាំង​ពីរ​គួរ​តែ​ពិភាក្សា​គ្នា​ជាមុន​សិន ដើម្បី​ដឹង​ថា​គេ​អាច​ទទួល​យក​អ្វី​ដែល​យើង​មាន​នេះ​ដែរ​ឬ​ក៏​អត់។

ផ្ទុយ​ទៅ​វិញ បើ​ការ​កាន់​សាសនា​ខុស​គ្នា ឬ​និន្នាការ​នយោបាយ​ខុស​គ្នា​ គឺ​ជា​ឧបសគ្គ​មួយ​សម្រាប់​ស្នេហា​របស់​អ្នក រហូត​គេ​ត្រូវ​ប្រាប់​ថា ទាល់​តែ​ប្ដូរ​មក​តាម​គេ​ទើប​អាច​រស់​នៅ​ជាមួ​យគ្នា​បាន​នោះ ​អ្នក​គួរ​គិត​ឡើង​វិញ ថា​គួរ​ផ្លាស់​ប្ដូរ​ដើម្បី​គេ ឬ​ដើរ​តាម​អ្វី​ដែល​ខ្លួន​គិត​ថា​ត្រឹម​ត្រូវ ហើយ​ស្វែង​រក​មនុស្ស​ផ្សេង​ដែល​អាច​ទទួល​យក​បាន​វា?

ប្រភព៖ thoibao ប្រែ​សម្រួល៖ សរ សុគន្ធី