ប្ដេជ្ញាខ្លួនឯង! ៨យ៉ាងគួរធ្វើចាប់ពីថ្ងៃនេះ ដើម្បីរស់ស្រួលទៅអនាគត
- 2017-08-17 03:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដេជ្ញាខ្លួនឯង! ៨យ៉ាងគួរធ្វើចាប់ពីថ្ងៃនេះ ដើម្បីរស់ស្រួលទៅអនាគត
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថាទង្វើភាគច្រើនរបស់យើងនាពេលបច្ចុប្បន្នអាចជះឥទ្ធិពលដល់ជីវិតរបស់យើងនាពេលអនាគត។ បើទោះជាយើងមើលមិនឃើញថាវានឹងធ្វើឲ្យជីវិតរបស់យើងទៅខាងមុខផ្លាស់ប្ដូរទៅជាយ៉ាងណាក្ដី ប៉ុន្តែជឿទៅថាអ្នកនឹងត្រូវងាកមកអរគុណអ្វីដែលអ្នកធ្វើនៅថ្ងៃនេះ។ ថ្ងៃនេះ Kanha នឹងនាំប្រិយមិត្តទាំងអស់គ្នាមកមើលទាំងអស់គ្នាថាអ្វីខ្លះដែលអ្នកគួរចាប់ផ្ដើមធ្វើតាំងពីថ្ងៃនេះ៖
១. ចេះជំនាញចំបាច់សម្រាប់ជីវិត
ការមានជំនាញចាំបាច់មួយចំនួន អាចឲ្យជីវិតរបស់អ្នកកាន់តែងាយស្រួល រួមទាំងអាចជួយសន្សំប្រាក់ ឬពេលវេលាបានយ៉ាងល្អ។ សម្រាប់ជំនាញដែលមានប្រយោជន៍ដល់ជីវិតប្រចាំថ្ងៃនោះគឺអាចជាការចម្អិនអាហារ ឬជំនាញជួសជុលកម្រិតមូលដ្ឋាននានាដែលអ្នកយល់ថាអាចជួយឲ្យជីវិតអ្នកកាន់តែងាយ។
២. ទទួលទានអាហារដែលមានប្រយោជន៍សម្រាប់សុខភាព
អាហារដែលអ្នកញ៉ាំចូលទៅនោះសុទ្ធតែជះឥទ្ធិពលដល់សុខភាពទៅអនាគត ជាពិសេសការទទួលទានអាហារប្រភេទ Fast Food ដែលពេលនេះអ្នកអាចមិនឃើញថាវាបង្កទុក្ខទោសដោយផ្ទាល់ដល់រាងកាយយ៉ាងណា ប៉ុន្តែជំងឺផ្សេងៗនឹងមកយាយីអ្នកក្នុងពេលអនាគត មិនថាជារោគធាត់ រោគបេះដូង រោគមហារីក។ល។ ដូច្នេះហើយវាពិតជាសំខាន់ដែលអ្នកគួរជ្រើសរើសទទួលទានអាហារដែលល្អសម្រាប់សុខភាពចាប់ពីថ្ងៃនេះទៅ។
៣. ស្រឡាញ់ខ្លួនឯង
ការចាប់ផ្ដើមស្រឡាញ់ខ្លួនឯងតាំងពីពេលនេះអាចមានប្រយោជន៍ដល់អ្នកទៅថ្ងៃអនាគតបាន ព្រោះនៅពេលយើងស្រឡាញ់ខ្លួនឯង យើងក៏នឹងធ្វើ ឬជ្រើសរើសតែអ្វីល្អៗសម្រាប់ខ្លួនឯង រួមទាំងបង្កើតកម្លាំងវិជ្ជមានដែលនឹងជួយជំរុញឲ្យអ្នកទៅដល់គោលដៅដែលរៀបចំទុកក្នុងថ្ងៃអនាគតផង។ ដូច្នេះហើយមុននឹងស្រឡាញ់អ្នកដទៃ អ្នកគួរស្រឡាញ់ខ្លួនឯងឲ្យច្រើនៗជាមុនសិនណា៎។
៤. ដើរលេង
ការដើរលេងនេះអាចធ្វើឲ្យអ្នកបានឃើញពិភពលោកកាន់តែទូលំទូលាយ ថែមទាំងបានជួបនឹងបទពិសោធន៍ថ្មីប្លែក និងបានរៀនយល់ពីវប្បធម៌របស់ជនជាតិដទៃបានទៀត។ ប្រសិនបើអ្នកប្រើពេលវេលាដើរកម្សាន្តក្នុងវ័យកំលោះក្រមុំ នោះនឹងមានភាពរីករាយជាងនៅពេលដើរនៅអាយុច្រើន។ ដប់ទៅម្ភៃឆ្នាំទៅមុខ ធានាថាអ្នកនឹងអរគុណខ្លួនឯងនៅពេលនេះដែលបានចំណាយពេលខ្លះដើរកម្សាន្តក្នុងវ័យដែលអាចធ្វើដំណើរ ឬដើរហើរបានងាយស្រួល។
៥. សន្សំប្រាក់
ដូចដែលយើងបានដឹងហើយថា ការសន្សំប្រាក់នេះនឹងជួយឲ្យយើងមានប្រាក់ទុកប្រើប្រាស់នៅពេលអាសន្ន ឬនៅពេលមានហេតុការណ៍ដែលនឹកស្មានមិនដល់នាពេលអនាគត។ ដូច្នេះហើយអ្នកគួរកាត់លុយមួយចំណែកទុកជាលុយសន្សំមុននឹងចាយវាយផ្សេងៗ និងហាត់រៀនអំពីការបណ្ដាក់ទុននានា ដែលធានាថាដប់ឆ្នាំទៅមុខអ្នកនឹងនឹកអរគុណខ្លួនឯងដែលបានរៀបចំផែនការសន្សំប្រាក់ពីពេលនេះទៅសម្រាប់ថ្ងៃមុខ។
៦. ហាត់ប្រាណ
ការហាត់ប្រាណមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យសុខភាពទាំងមូលរបស់អ្នកល្អប្រសើរដែរ។ ក្រៅពីនេះប្រសិនបើអ្នកហាត់ប្រាណបានរាល់ថ្ងៃជាប្រចាំ អ្នកនឹងមានរាងស្អាតសមសួនទោះបីមានអាយុកាន់តែច្រើនក៏ដោយ។ ដូច្នេះបើអ្នកចង់មានរាងរៅ និងសុខភាពល្អទៅអនាគត អ្នកក៏គួរហាត់ប្រាណឲ្យបានទៀងទាត់។
៧. រៀបចំផែនការអនាគត
ការដែលអ្នកជាមនុស្សដែលមានផែនការ មានគោលដៅជីវិតល្អ ឱកាសដែលអ្នកនឹងទទួលបានជោគជ័យទៅអនាគតគឺប្រាកដជាមានច្រើនជាងអ្នកដែលរស់នៅមួយថ្ងៃដើម្បីមួយថ្ងៃ ឬមិនមានការតាំងគោលដៅ ព្រោះកុំភ្លេចថាការដែលអ្នកអាចទទួលបានជោគជ័យក្នុងរឿងណាក៏ដោយ គឺត្រូវប្រើពេលវេល ការមានវិន័យចំពោះខ្លួនឯង ការអត់ធ្មត់ និងត្រូវមានការរៀបចំគម្រោងផែនការដ៏ល្អ។
៨. ខំរៀន
ការដែលអ្នកជាមនុស្សមិនចេះស្កប់ស្កល់ក្នុងការសិក្សានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលអាចអភិវឌ្ឍខ្លួនជានិច្ច ជាពិសេសបើអ្នកព្យាយាមហ្វឹកហាត់ ឬរៀនយល់ដឹងពីការងារដែលខ្លួនឯងកំពុងធ្វើឲ្យកាន់តែជ្រួតជ្រាបនោះ ទៅថ្ងៃអនាគតអ្នកនឹងក្លាយជាអ្នកជំនាញក្នុងផ្នែកនោះ ហើយអ្នកណាៗក៏ចង់បានអ្នកមករួមការងារជាមួយដែរ។
ឃើញទេអ្វីដែលរៀបរាប់ខាងលើនេះសុទ្ធតែជាអ្វីដែលយើងធ្វើបានមិនលំបាក ប៉ុន្តែវានឹងផ្ដល់ផលល្អជាច្រើនដល់អនាគត។ បើមិនចង់នឹកស្ដាយក្រោយថាហេតុអ្វីយើងមិនបានធ្វើរឿងទាំងនេះនាពេលកន្លងមក គឺត្រូវចាប់ផ្ដើមធ្វើវានៅថ្ងៃនេះ ៕