កុំមើលងាយ! អាហារសាមញ្ញ១០យ៉ាងអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព
- 2017-08-16 10:24:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំមើលងាយ! អាហារសាមញ្ញ១០យ៉ាងអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព
ការសម្រកទម្ងន់ ឬគ្រប់គ្រងទម្ងន់ មិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ។ ជួនកាលខំហាត់ប្រាណអស់កម្លាំងស្ទើរស្លាប់ ហូរញើសហើយស្រកគីឡូមែន ប៉ុន្តែបែរជាឃ្លានខ្លាំងលើសដើម ហើយបើញ៉ាំអីក៏ខ្លាចធាត់វិញ ខាតកម្លាំងខំទៅហាត់ប្រាណ។ អ្នកដែលមានបញ្ហានេះឈប់បារម្ភទៀតទៅ ថ្ងៃនេះ Kanha នឹងបង្ហាញជូនអាហារ១០មុខដែលអាចជួយចម្អែតក្រពះអ្នកបាន ប៉ុន្តែមិនធ្វើឲ្យឡើងទម្ងន់ឡើយ។
១. ស៊ុតស្ងោរ
ស៊ុតមាន់ស៊ុតទាគឺសម្បូរទៅដោយប្រូតេអ៊ីនដែលរាងកាយយើងត្រូវការ ជាពិសេសកំឡុងពេលសម្រកទម្ងន់ និងមានជាតិខ្លាញ់តិច ញ៉ាំហើយមិនធ្វើឲ្យយើងឃ្លានញឹកញាប់។
២. ផ្លែប័រ
ផ្លែប័រមានសារធាតុដែលជួយការពារការប្រមូលផ្ដុំគ្នានៃជាតិខ្លាញ់ក្នុងរាងកាយ ជួយកាត់បន្ថយខ្លាញ់អាក្រក់ រួមទាំងកាត់បន្ថយជាតិកូឡេស្តេរ៉លបានទៀតផង។
៣. សូកូឡា
ទទួលទានសូកូឡាក៏ជួយឲ្យអ្នកមិនឡើងទម្ងន់ដែរ ក៏ប៉ុន្តែត្រូវជ្រើសរើសសូកូឡាខ្មៅ ឬសូកូឡាដែលមានជាតិកាកាវលើសពី៧០% ព្រោះសូកូឡាប្រភេទនេះជាធម្មតាមានបរិមាណជាតិខ្លាញ់ ទឹកដោះគោ និងជាតិប័រតិចជាងសូកូឡាទឹកដោះគោ។ គុណប្រយោជន៍របស់សូកូឡា គឺអាចជួយបន្ថយសម្ពាធឈាម និងជួយដល់ការរំលាយជាតិខ្លាញ់។
៤. ធញ្ញជាតិ
គ្រាប់ធញ្ញជាតិក្រៀមផ្សេងៗ ជាពិសេសស្រូវអូត គ្រាប់ឪឡឹកអីហ្នឹង គឺសុទ្ធតែមានគុណប្រយោជន៍ ជាអាហារដែលមានជាតិកូឡេស្តេរ៉ូលទាប តែមានសារធាតុចិញ្ចឹម ជាតិសរសៃអាហារ និងមានចំណែកជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារយើងបាន។ បើអ្នកចូលចិត្តញ៉ាំនំកញ្ចប់ពេលឃ្លាន គួរប្ដូរមកញ៉ាំអាហារអស់នេះវិញល្អជាង។
៥. ត្រីសូម៉ុង
ត្រីសូម៉ុង ត្រីសមុទ្រ ឬសាច់សត្វដែលគ្មានជាតិខ្លាញ់ គឺជាប្រភពនៃប្រូតេអ៊ីនដែលរាងកាយរបស់យើងគួរទទួលបាន។ ក្រៅពីប្រូតេអ៊ីនក៏មានជាតិ Omega 3 មានកាឡូរីទាប ជាពិសេសសាច់ត្រីសូម៉ុងមានចំណែកក្នុងការកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងជួយកាត់បន្ថយជាតិខ្លាញ់បានថែមទៀត។
៦. ទឹកឃ្មុំ
មនុស្សស្រីខ្លះសម្រកទម្ងន់តែខ្វះជាតិបង្អែមគឺអត់បាន ដូច្នេះយើងសូមណែនាំទឹកឃ្មុំជំនួសឲ្យបង្អែមប្រើស្ករធម្មតាវិញ ព្រោះថាទឹកឃ្មុំមានគុណប្រយោជន៍ច្រើនជាងស្ករផ្សេងៗទាំងអស់ ដូចជា វីតាមីន B កាល់ស្យូម និងជាតិផូស្វ័រ។
៧. ម្ទេស
ម្ទេសអាចជួយជំរុញប្រព័ន្ធរំលាយអាហារឲ្យធ្វើការបានកាន់តែប្រសើរ កាត់បន្ថយការកើនឡើងជាតិខ្លាញ់ក្នុងរាងកាយ មានវីតាមីនផ្សេងៗ និងជួយឲ្យរាងកាយនារីៗ អាចស្រូបយកសារធាតុចិញ្ចឹមពីអាហារផ្សេងៗបានកាន់តែល្អថែមទៀត។
៨. ទឹកសាប
ទឹកសាបគឺជាភេសជ្ជៈល្អបំផុត។ ជាធម្មតាយើងត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ស្រាប់ទៅហើយ ប៉ុន្តែប្រិយមិត្តដឹងអត់ថាទឹកសាបអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉លបាន ហើយប្រសិនបើប្រិយមិត្តទទួលទានទឹកញឹកញាប់កំឡុងពេលថ្ងៃ ឬមុនពេលទទួលទានអាហារ វានឹងជួយកាត់បន្ថយការចង់អាហាររបស់យើងឲ្យនៅតិចបាន។
៩. ម្សៅឈើឧបឈើយ ឬ cinnamon
ម្សៅឈើឧបឈើយដែលប្រើសម្រាប់ផ្សំគ្រឿងម្ហូបអាហារផ្សេងៗ អាចជួយសម្រកទម្ងន់បានដោយវានឹងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ជួយបណ្ដេញជាតិពុល ជួយដល់ប្រព័ន្ធរំលាយអាហារ និងរំលាយជាតិខ្លាញ់បានយ៉ាងល្អ។
១០. សណ្ដែកដី
សណ្ដែកដី ជាពិសេសសណ្ដែកដីស្ងោរ មានជាតិសរសៃអាហារ ឬ Fiber ខ្ពស់ ដែលនឹងជួយដល់ប្រព័ន្ធរំលាយអាហារ ព្រមទាំងជួយឲ្យយើងឆ្អែតបានយូរថែមទៀត។ គុណប្រយោជន៍របស់សណ្ដែកដីគឺជួយការពាររោគស្ទះសរសៃឈាមបេះដូង កាត់បន្ថយជាតិស្ករក្នុងឈាម មានវីតាមីន B ព្រមទាំងវីតាមីន E ដែលជួយបម្រុងស្បែកឲ្យភ្លឺចែងចាំង ៕