អ្នកជាកូនទីប៉ុន្មាន? មកមើលនិស្ស័យមនុស្សតាមលំដាប់នៃកូនក្នុងគ្រួសារ
- 2017-08-02 01:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជាកូនទីប៉ុន្មាន? មកមើលនិស្ស័យមនុស្សតាមលំដាប់នៃកូនក្នុងគ្រួសារ
គ្រប់គ្នាតែងយល់ថា កូនទោលតែងមានចរិតមានះ រឹងរូស និងទម្រើស ឯអ្នកខ្លះគិតថា កូនពៅជាមនុស្សឆាប់ង៉ក់ងរ និងមិនសូវមានឯករាជ្យភាព។ ការសន្និដ្ឋាននេះភាគច្រើន មើលតាមការប្រព្រឹត្តជាក់ស្ដែងរបស់បុគ្គលតែប៉ុណ្ណោះ ប៉ុន្តែបើតាមលោក Alfred Adler អ្នកជំនាញចិត្តវិទ្យាជនជាតិអូទ្រីស បានបង្កើតទ្រឹស្ដីទាក់ទងនឹងលំដាប់នៃកូនក្នុងគ្រួសារនៅចុងទសវត្សរ៍ ឆ្នាំ១៩២០ ថាកូននីមួយៗក្នុងគ្រួសារ ពិតជាមានអត្តចរិត និងនិស្ស័យពីធម្មជាតិយ៉ាងច្បាស់លាស់មែន។
១- កូនច្បង៖
ភាគច្រើននៃកូនបងក្នុងគ្រួសារ គឺជាមនុស្សដែលមានគំនិតអភិរក្សនិយម ប្រាប់អ្វីឆាប់យល់ ចេះគិតគូរ និងចេះរៀបចំខ្លួនបានល្អដើម្បីក្លាយជាអ្នកដឹកនាំគេនៅថ្ងៃក្រោយ។ ជាធម្មតា កូនច្បងត្រូវទទួលបន្ទុកមើលការខុសត្រូវប្អូនៗ ហេតុនេះហើយ ពួកគេច្រើនមានក្ដីស្រលាញ់ ការឈឺឆ្អាល និងចេះជួយសម្រាលបន្ទុកឪពុកម្ដាយបានច្រើន។
២- កូនបន្ទាប់ (កូនកណ្ដាល)៖
ដោយសារកូនកណ្ដាលត្រូវមានប្អូនៗសម្រាប់ធ្វើជាគំរូឱ្យមើលដែរនោះ ទើបភាគច្រើនពួកគេបានចាត់ទុកកូនច្បងស្ទើរតែជាដៃគូប្រជែងក្នុងការដណ្ដើមតំណែងជាភាពចាស់ទុំក្នុងគ្រួសារ។ ភាគច្រើននៃកូនកណ្ដាលតែងមានមហិច្ឆតាធំ ប៉ុន្តែមិនមែនបានន័យថា ជាមនុស្សអាត្មានិយមនោះទេ។ ពួកគេមានគោលដៅមួយដែលចង់ធ្វើឱ្យប៉ាម៉ាក់ និងប្អូនៗគិតថា គេជាមនុស្សឯករាជ្យ និងគួរយកគំរូតាម តែពេលខ្លះបំណងទាំងនោះបានក្លាយជាសម្ពាធសម្រាប់ពួកគេ ដោយសារការគិតច្រើនជ្រុល ឬពេលខ្លះអាចយល់ខុសលើកូនច្បងផងក៏ថាបាន ប៉ុន្តែវាអាចនឹងធ្វើឱ្យពួកគេក្លាយជាមនុស្សរឹងមាំនៅថ្ងៃក្រោយ។
៣- កូនពៅ៖
តាមទ្រឹស្តីរបស់លោក Adler កូនពៅតែងទទួលបានភាពកក់ក្ដៅ និងយកចិត្តទុកដាក់ច្រើនពីប៉ាម៉ាក់ ហើយនិងបងៗក្នុងគ្រួសារ។ ដូច្នេះហើយទើបពួកគេភាគច្រើនតែងជាមនុស្សដែលមិនសូវមានភាពក្លាហាន និងហ៊ានប្រឈមមុខនឹងអ្វីមួយបានច្រើនដូចបងៗ។ យ៉ាងណាក៏ដោយ រាល់ពេលកូនពៅធ្វើអ្វីមួយបានសម្រេច ឬហ៊ានប្រឈមនឹងរឿងអ្វីមួយដោយខ្លួនឯង គឺវាបានក្លាយទៅជាជោគជ័យដ៏ធំសម្រាប់ពួកគេ ដោយសារតែមានការសរសើរ និងជំរុញទឹកចិត្តបន្ថែមពីក្រុមគ្រួសារ។ ដូចធ្លាប់ដឹង កូនពៅតែងមាននិស្ស័យរឡិករឡក់ ចូលចិត្តទាមទារចំណាប់អារម្មណ៍ ខ្វះទំនួលខុសត្រូវជាងកូនបង ប៉ុន្តែពួកគេច្រើនជាមនុស្សឆាប់ចុះសម្រុងក្នុងសង្គមទៅវិញ។
៤- កូនទោល៖
ដោយសារតែគ្មានបងប្អូនណាមកប្រជែងជាមួយ ទើបកូនទោលច្រើនទទួលបានការថ្នាក់ថ្នមយ៉ាងពេញលេញពីប៉ាម៉ាក់ ហើយវាក៏ជាហេតុធ្វើឱ្យកូនទោលចង់បានការស្រលាញ់ថ្នាក់ថ្នមពីមនុស្សនៅជុំវិញខ្លួនបន្ថែមទៀតដែរ។ អាចនិយាយបានថា ពេលខ្លះកូនទោលជាមនុស្សមានចរិតអឿ ហើយពិបាកទៅសម្របខ្លួនជាមួយអ្នកដទៃ ព្រោះតែពួកគេធ្លាប់តែត្រូវបានប្រណិប្រណាក់ និងយកចិត្តយកថ្លើមក្នុងគ្រួសាររហូតមក។ ប៉ុន្តែកូនទោលតែងមានមហិច្ឆតាចង់សម្រេចគោលដៅក្នុងជីវិតឱ្យខានតែបាន ដើម្បីបង្ហាញពីភាពក្លាហានរបស់គេទៅដល់ក្រុមគ្រួសារ៕