អ្នក​នយោបាយ​ឥណ្ឌូណេស៊ី​ដៀល Girls' Generation ​កប់​ៗ​ពេល​ឮ​ថា​ពួក​នាង​នឹង​មក​សម្ដែង

  • 2017-07-31 08:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​នយោបាយ​ជាតិ​និយម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត និង​ខឹង​សម្បារ​ចំពោះ​ព័ត៌មាន​​ដែល​ក្រុម​ចម្រៀង​ Girls' Generation មក​សម្ដែង​ឆាប់ៗ​នេះ​នៅ​អំឡុង​ពេល​បុណ្យ​ឯករាជ្យ។

សកម្ម​ជន​គណបក្ស​នយោ​បាយ​ជាតិ​និយម​ឥណ្ឌូណេស៊ី​ Elly Risman

អ្នក​ស្រី​ Elly Risman ដែល​ជា​សកម្មជន​គណបក្ស​បាន​ថ្លែង​​ដូច្នេះ​ថា​​៖ "ខ្ញុំ​មិន​យល់​ទេ​ ថា​តើ​ក្រុម​ចម្រៀង​ដែល​នឹង​មក​សម្ដែង​មាន​ទេពកោសល្យ​អ្វី​ទៅ? នេះ​គឺ​ជា​អ្វី​ដែល​យើង​ចង់​បង្រៀន​កូន​ៗ​របស់​យើង​មែន​ទេ?”

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​ថែម​ទាំង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អ្នក​រៀប​ចំ​កម្មវិធី​បុណ្យ​ឯករាជ្យ​នោះ​ទៀត​ថា ហេតុអ្វី​បាន​ជា​ពួក​គេ​មិន​ចង់​ទស្សនា​ក្រុម​ចម្រៀង​របស់​ប្រទេស​ខ្លួន​ ប៉ុន្តែ​បែរ​ជា​អញ្ជើញ​ក្រុម​ចម្រៀង​ដែល​ជា​និមិត្តរូប​សិច និង​​ពេស្យាចារ​មក​សម្ដែង​ក្នុង​ថ្ងៃ​បុណ្យ​ឯក​រាជ្យ​ទៅ​វិញ?

លោក​ Triawan Munaf ដែល​ជា​អ្នក​ចាត់​ចែង​បាន​ប្រកាស​ថា​ មិន​មាន​បំណង​​ទាក់​ទង​តារា​ចម្រៀង​កូរ៉េ​នេះ​ដើម្បី​ឲ្យ​មក​សម្ដែង​ក្នុង​កម្មវិធី​បុណ្យ​ឯក​រាជ្យ​នោះ​ទេ​។ មូល​ហេតុ​ដែល​លោក​ចង់​បាន​ពួក​គេ​មក​សម្ដែង​ គឺ​សម្រាប់​កម្មវិធី Asian Game ដែល​ជា​កម្មវិធី​ដ៏​ធំ​មួយ​ ដូច្នេះ​ហើយ​ទើប​លោក​ចង់​បាន​តារា​ចម្រៀង​ល្បី​សញ្ជាតិ​កូរ៉េ​ដើម្បី​មក​សម្ដែង​។

លោក​ស្រី Elly Risman រូប​នោះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ​ថា៖ "ព្រះ​អើយ​ ក្រែង​ក្រុម​ចម្រៀង​នេះ​ជា​និមិត្ត​សញ្ញា​នៃ​ការ​រួម​ភេទ​និង​ស្រី​ពេស្យា​មែន​ទេ? តើ​ពួក​គេ​នឹង​យក​មក​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​មែន​ទេ?”

មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្សព្វ​ផ្សាយ​ពី​ដំណឹង​នេះ​ ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​រូប​ភាព​មិន​សម​រម្យ​ទៅ​លើ​ក្រុម​ចម្រៀង Girls' Generation។

ក្រៅ​ពី​នេះ​ក៏​មាន​ការ​ដាក់​ញត្តិ​ដើម្បី​កុំ​ឲ្យ​ក្រុម​ចម្រៀង​ Girls' Generation ចូល​មក​សម្ដែង​នៅ​ក្នុង​ប្រទេស​ទៀត​ផង​ សម្រាប់​ពេល​នេះ​គឺ​ទទួល​បាន​ហត្ថលេខា​ចំនួន​ ១២​ ០០០​រួច​ទៅ​ហើយ​។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ប្រទេស​ឥណ្ឌូណេស៊ី​មាន​បញ្ហា​ជាមួយ​តារា​ចម្រៀង​ កាល​ពី​ឆ្នាំ ២០១២ តារា​ចម្រៀង​ Lady Gaga ក៏​ត្រូវ​លុប​ចោល​ការ​ប្រគំតន្ត្រី​នៅ​ទី​នោះផង​ដែរ៕

ក្រុម​ចម្រៀង Girls' Generation

ប្រភព៖ Koreaboo ប្រែសម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម