គន្លឹះ​ការពារ​ខ្លួន​១០យ៉ាងស្ត្រី​គួរ​ដឹង ពិសេស​​សម្រាប់​អ្នក​ឧស្សាហ៍​ដើរ​ម្នាក់​ឯង​ពេល​យប់

  • 2017-07-26 04:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ការពារ​ខ្លួន ជា​ពិសេស​សម្រាប់​ស្ត្រី​ភេទ គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​នៅ​លើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ករណី​អំពើ​ហិង្សា ការ​រំលោភ​បំពាន​ផ្លូវ​ភេទ បាន​កើត​មាន​ជា​ហូរ​ហែ ដូច្នេះ​ហើយ​ការ​ការពារ​ខ្លួន​សម្រាប់​ស្ត្រី​គឺ​ជា​រឿង​ចាំបាច់​មួយ។ ស្ត្រី​គ្រប់​រូប​គួរ​យល់​ដឹង​អំពី​វិធីសាស្ត្រ ឬ​មធ្យោបាយ​ដើម្បី​ជៀសវាង​ស្ថានភាព​អាក្រក់​ផ្សេងៗ ដោយ​សិក្សា​គន្លឹះ​ការពារ​ខ្លួន​ខ្លះៗ ដើម្បី​អាច​ធានា​សុវត្ថិភាព​ផ្ទាល់​ខ្លួន បើ​ទោះ​បី​ជា​នៅ​ម្នាក់​ឯង​ក៏​ដោយ។

 

ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​សំខាន់១០​យ៉ាង ដែល​ស្ត្រី​គួរ​តែ​ដឹង ដើម្បី​សុវត្ថិភាព និង​ការពារ​ខ្លួន៖

 

១) ប្រុងប្រយ័ត្ន៖ ត្រូវ​ប្រុងប្រយ័ត្ន និង​មាន​ស្មារតី​រឹងប៉ឹង​សម្លឹង​មើល​ជុំវិញ​ខ្លួន​អ្នក​គ្រប់​ពេលវេលា។ ដើរ​ងើប​មុខ​ឡើង​បង្ហាញ​ពី ទំនុក​ចិត្ត និង​ការ​តាំង​ចិត្ត ធ្វើ​អារម្មណ៍​ឲ្យ​ក្លាហាន ដើម្បី​ជៀសវាង​ពី​មនុស្ស ឬ​ស្ថានភាព​ដែល​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព។

 

២) ប្រើ​ទូរសព្ទ​ដោយ​ភាព​ឆ្លាតវៃ៖ ប្រសិន​បើ​អ្នក​ដើរ​តែ​ម្នាក់​ឯង អ្នក​គួរ​កាន់​ទូរសព្ទ និង​ត្រៀម​ដើម្បី​ទូរសព្ទ​ទៅ​កាន់​សេវាកម្ម​ទូរសព្ទ​បន្ទាន់ (Emergency Call)។ រក្សាទុក (Save) លេខ​ទូរសព្ទ​មិត្តភក្តិ និង​គ្រួសារ​នៅ​លើ Speed Dial ក្នុង​ទូរសព្ទ​ដៃ។ ត្រូវ​ប្រាកដ​ថា​ទូរសព្ទ​របស់​អ្នក​សាក​ថ្ម​ពេញ មុន​ពេល​ដែល​អ្នក​ចាកចេញ​ពី​ផ្ទះ។ រក្សា​ទុក​លេខ​ទូរសព្ទ​សម្រាប់​សុំ​ជំនួយ ស្ថានីយ​ប៉ូលិស និង រថយន្ត​សង្គ្រោះ​បន្ទាន់។

 

៣) ពាក់​ស្បែក​ជើង​ណា​ដែល​អ្នក​អាច​រត់​បាន​លឿន៖ ប្រសិន​បើ​អ្នក​ត្រូវ​ពាក់​ស្បែក​ជើង​កែង​ទៅ​កន្លែង​ធ្វើ​ការ សូម​ដាក់​ស្បែក​ជើង (ស្បែក​ជើង​កីឡា) មួយ​គូ​ផ្សេង​ទៀត​តាម​ខ្លួន រួច​ពាក់​ស្បែក​ជើង​នោះ​ពេល​ត្រលប់​មក​ផ្ទះ​វិញ។ គ្មាន​អ្វី​ដែល​ងាយ​រងគ្រោះ ជាង​ការ​រត់​គេច​ពី​ការ​វាយ​ប្រហារ ដោយ​ពាក់​ស្បែកជើង​កែង​ខ្ពស់​នោះ​ទេ។

 

៤) វាយ​តប​ត​វិញ៖ ប្រសិន​បើ​អ្នក​ចង់​រក​កន្លែង​ដែល​ឈឺ​បំផុត ដោយ​មិន​ខ្វល់​ពី​កម្លាំង និង​មាឌ​របស់​អ្នក​វាយ​ប្រហារ អ្នក​អាច​សាកល្បង​ប៉ុន្មាន​កន្លែង​នេះ​បាន ដូចជា ភ្នែក ច្រមុះ បំពង់ក ក្រលៀន និង ឆ្អឹងស្មងជើង ជាដើម។ វាយ​តប​ត​ត្រង់​កន្លែង​ណា​មួយ រួច​រត់​យក​រួច​ខ្លួន​តែម្តង។

 

៥) ប្រើប្រាស់​ស្ព្រៃ​បាញ់៖ ត្រូវ​ប្រើប្រាស់​ស្ព្រៃ​បាញ់​ដែល​មាន​ទំហំ​តូច ហើយ​ដាក់​ធ្វើ​ជា​បន្តោង​សោ និង​យក​វា​តាម​ខ្លួន​គ្រប់​ពេល។ នៅ​ពេល​អ្នក​រង​ការ​វាយ​ប្រហារ ត្រូវ​បាញ់​ស្ព្រៃ​ឲ្យ​ចំ​ភ្នែក​អ្នក​វាយ​ប្រហារ។

 

៦) ពេល​នៅ​ក្នុង​ជណ្ដើរ​យន្ត​ប្រអប់​ម្នាក់​ឯង៖ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ជណ្ដើរ​យន្ត ជា​មួយ​នឹង​មនុស្ស​ប្រុស​ចម្លែក​តែ​ម្នាក់​ឯង ហើយ​មាន​អារម្មណ៍​ថា​ភ័យខ្លាច អ្នក​ត្រូវ​ប្រញាប់​ចុច​ប៊ូតុង​ទៅ​គ្រប់​ជាន់​ទាំងអស់ និង​ចាកចេញ​នៅ​ជាន់​ណា​មួយ​ជា​បន្ទាន់។

 

៧) ពេល​នៅ​ផ្ទះ​ម្នាក់​ឯង៖ ប្រសិន​បើ​អ្នក​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ហើយ​មាន​មនុស្ស​ចម្លែក​មក​ព្យាយាម​វាយ​ប្រហារ​អ្នក ដូច្នេះ​អ្នក​ត្រូវ​ប្រញាប់​ចូល​ទៅ​ផ្ទះ​បាយ​ភ្លាម។ ម្សៅ​ម្ទេស ម្សៅ​រមៀត កាំបិត និង​ចាន សុទ្ធតែ​អាច​យក​មក​ការពារ​ខ្លួន​អ្នក​បាន។ សូម​ចងចាំ​ថា ការ​ស្រែក​ក៏​អាច​ជួយ​អ្នក​បាន​ដែរ ព្រោះ​ជនល្មើស​មិន​ចង់​ឲ្យ​គេ​ចាប់​ខ្លួន​បាន​ឡើយ។

 

៨) ប្រសិន​បើ​អ្នក​ត្រូវ​គេ​តាម​នៅ​ពេល​យប់៖ សូម​ប្រញាប់​ចូល​ទៅ​ក្នុង​ហាង ឬ​ផ្ទះ​ណា​មួយ រួច​ពន្យល់​ប្រាប់​គេ​ពី​បញ្ហា​របស់​អ្នក។ ប្រសិន​បើ​យប់​ជ្រៅ​ពេក ហើយ​គ្មាន​ហាង និង​ផ្ទះ​បើក​ទ្វា អ្នក​អាច​ចូល​ទៅ​ក្នុង​ទូ ATM បាន ព្រោះ​ថា​ទូ ATM និមួយៗ​តែ​មាន​សន្តិសុខ​យាមកាម។ ម្យ៉ាងទៀត ទូ ATM ទាំង​នោះ​សុទ្ធតែ​មាន​កាមេរ៉ា​សុវត្ថិភាព និង​មាន​អ្នក​ឃ្លាំ​មើល​គ្រប់​ពេល។ ជនសង្ស័យ​ប្រាកដ​ជា​ភ័យខ្លាច​គេ​កំណត់​អត្តសញ្ញាណ​បាន ដូច្នេះ​ប្រាកដ​ជា​មិន​ហ៊ាន​វាយ​ប្រហារ​អ្នក​ឡើយ។

 

៩) ជិះ​រថយន្ត​តាក់ស៊ី​នៅ​ពេល​យប់៖ មុខ​ពេល​ជិះ​រថយន្ត​កាត់ស៊ី​នៅ​ពេល​យប់ ត្រូវ​ឈ្លាស​វៃ​ក្រឡេក​មើល និង​កត់​ចំណាំ​ស្លាក​លេខ​រថយន្ត​តាក់ស៊ី​នោះ​ផង។ បន្ទាប់​មក​ទូរសព្ទ​ទៅ​កាន់​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​អ្នក ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា​អ្នក​បាន​ជិះ​រថយន្ត​តាក់ស៊ី ដែល​មាន​ស្លាក​លេខ​ប៉ុណ្ណេះ ដោយ​និយាយ​យ៉ាង​ណា​ធ្វើ​ឲ្យ​អ្នក​បើក​តាក់ស៊ី​យល់​ពី​សម្ដី​អ្នក។ ប្រសិន​បើ​គ្មាន​អ្នក​លើក​ទូរសព្ទ​របស់​អ្នក អ្នក​គួរតែ​ធ្វើ​ពុត​ជា​និយាយ​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ។ ការ​ធ្វើ​ដូច្នេះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​បើក​តាក់ស៊ី​ដឹង​ថា ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​របស់​អ្នក មាន​ព័ត៌មាន​លម្អិត​ពី​រថយន្ត​របស់​គាត់ ហើយ​គាត់​នឹង​មិន​ហ៊ាន​ធ្វើអ្វី​ផ្ដេសផ្ដាស​ឡើយ។

 

១០) សូម​កុំ​ទទួល​ទាន​ទឹក​ពី​មនុស្ស​ប្លែក​មុខ៖ សូម​កុំ​ទទួល​យក ឬ​ទទួល​ទាន​ទឹក​រួម​គ្នា​ជា​មួយ​មនុស្ស​ប្លែក​មុខ។ អ្នក​ត្រូវ​តែ​ចេះ​ចាត់​ចែង​ទឹក​ផ្ទាល់ខ្លួន នៅ​ឯ​ពិធី​ជប់លៀង ហើយ​យក​វា​តាម​ខ្លួន​គ្រប់​ទីកន្លែង ទោះ​បី​ជា​ចូល​បន្ទប់ទឹក​ក៏​ដោយ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ការពារ​ជន​ខិលខូច​ដាក់​ថ្នាំ​នៅ​ក្នុង​ទឹក​របស់​អ្នក៕

ប្រភព៖ interesting ប្រែសម្រួល៖ សេង ឡុង