មក​ស្គាល់​រ៉ូប​អាពាហ៍ពិពាហ៍​មហាថ្លៃ​​បំផុត​ ១០​ឈុត ដែល​អ្នក​មិន​ធ្លាប់​ដឹង

  • 2017-07-24 08:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​​​គ្រប់​រូប​ តែង​តែ​មាន​ក្ដី​សុបិន​រៀប​ចំ​ពិធី​មង្គល​ការ​របស់​ខ្លួន​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ អធិកអធម និង​ញាតិ​មិត្ត​បង​​ប្អូន​ចូល​រួម​ច្រើន។

ក្រៅ​ពី​នេះ​ នាង​ក៏​គិត​ទៅ​ដល់​ឈុត​អាពាហ៍ពិពាហ៍​ដ៏​ស្រស់​ស្អាត​ដែរ ដើម្បី​លើក​មុខ​លើក​មាត់​ឲ្យ​កាន់​តែ​ប្លែក និង​ស្រស់​ស្អាត​​ទ្វេរ​ដង​នា​ថ្ងៃ​ពិសេស។ សម្រាប់​នារី​មួយ​ចំនួន​មិន​សូវ​ហ៊ាន​ស្រមៃ​ខ្ពស់​ក្នុង​ចំណាយ​ប្រាក់​ដ៏​ច្រើន​ទៅ​លើ​ការ​តុប​តែង​​ទេ​ ព្រោះ​គិត​​ថា​បន្ទុក​គ្រួសារ និង​ចង់​ទុក​​ប្រាក់​សម្រាប់​រក​ស៊ី​​ក្រោយ​រៀបការ​រួច​វិញ​។

ប៉ុន្តែ​សម្រាប់​គ្រួសារ​អ្នក​មាន​ មហាសេដ្ឋី មិន​សូវ​​ខ្វល់​ខ្វាយ​ការ​ចំណាយ​លើ​ការ​តុប​តែង​ទេ​​ ឲ្យ​តែ​បាន​ស្រស់​ស្អាត​ ប្លែក​គេ និង​ទាក់​ទាញ​ពី​មហាជន អស់​ប៉ុន្មាន​ក៏​ហ៊ាន​ចំណាយ​ដែរ។ ឥឡូវ​មក​ស្គាល់​រ៉ូប​ថ្លៃ​ៗ​ក្នុង​ប្រវត្តិសាស្ត្រ​ដូច​ខាង​ក្រោម​ទាំង​អស់​គ្នា៖

១០. Imperial Pearl Syndicate Gown តម្លៃ​ ១០០ ០០០​ដុល្លារ

រ៉ូប​នេះ​បង្កើត​នៅ​ឆ្នាំ ១៩៥០ ​ដោយ​​សូត្រ និង​សូត្រ​ម៉ដ្ឋ​សាតាំង​គុណភាព​ល្អ​បំផុត​ទម្ងន់ ១២​គីឡូក្រាម ច្នៃ​ដោយ​មនុស្ស ៨​នាក់ និង​រយៈពេល​ ២ខែ។

៩. Bach Ngoc Xiem Y’ Wedding Dress តម្លៃ ១១៧ ០០០​ដុល្លារ

បង្កើត​នៅ​ប្រទេស​វៀតណាម ​ដោយ​ប្រើ​ប្រាស់​សូត្រ សូត្រ​ម៉ដ្ឋ​សាតាំង ដាំ​ពេជ្រ ២២២​គ្រាប់ និង​ត្បូង ១០០​គ្រាប់។

៨. ៩៩៩៩ Carat Gems តម្លៃ ១៥៨ ៨៧៤​ដុល្លារ

ច្នៃ​រួច​រាល់​ក្នុង​ឆ្នាំ ២០០៧​ និង​ដាក់​តាំង​បង្ហាញ​​នៅ​​ទីក្រុង​ Shangrao ខេត្ត​ជាំង​ស៊ី ​ប្រទេស​ចិន ដោយ​មាន​ដាំ​ត្បូង ១០ ០០០​ការាត់។

៧. Platinum Wedding Dress តម្លៃ ២៥០ ០០០​ដុល្លារ

​​បង្កើត​ឡើង​ក្នុង​ប្រទេស​ចិន ដាំ​សន្លឹក​ប្លាទីន​​​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ។​ នៅ​ក្នុង​ខេត្ត​អាន​ហ៊ុយ​នេះ​ មាន​សំលៀក​បំពាក់​កូន​ក្រមុំ​ថ្លៃ​ជា​ច្រើន​ ច្នៃ​ពី​សន្លឹក​ប្រាក់ មាស ​ប៉ុន្តែ​សន្លឹក​ប្លាទីន​​ក៏​ជា​ឈុត​កម្រ​បំផុត​មិន​ធ្លាប់​បាន​ឮ។

៦. Mauro Adami Wedding Dress ​តម្លៃ ៣៧២ ៥៦៤​ដុល្លារ

ឈុត​នេះ​ផលិត​ពី​សរសៃ​សូត្រ​គុណភាព​ខ្ពស់ ​ដេរ​ភ្ជាប់​ជាមួយ​សន្លឹក​ប្លាទីន​ជា​ច្រើន។

៥. Kate Middleton’s Wedding Dress តម្លៃ ៣៨៨ ០៨៨​ដុល្លារ

ជា​ឈុត​អាពាហ៍ពិពាហ៍​ខ្សែ​រាជវង្ស​អង់គ្លេស​របស់​អង្គ​ម្ចាស់ក្សត្រី Kate Middleton អភិសេក​នឹង​អង្គ​ម្ចាស់ Princes William។ ​រ៉ូប​នេះ​ច្នៃ​ដោយ​សាច់​ក្រណាត់​ថ្លៃ​បំផុត អម​ជា​មួយ​ក្បាច់​ជរ French Chantilly English Cluny, ភ្លុក​ដំរី និង​សូត្រ​សាតាំង។

៤. Danasha Luxury Gown តម្លៃ ១,៥​លាន​ដុល្លារ

​រ៉ូប​មួយ​នេះ​បង្កប់​ដោយ​ត្បូង​ពេជ្រ​បែលហ្សិក ៧៥​ការាត់ និង​មាស ១៨​ការាត់

៣. Peacock Wedding Dress ​តម្លៃ ១,៥​លាន​ដុល្លារ

រ៉ូប​នេះ​ផលិត​ដោយ​រោម​ក្ងោក​ឈ្មោល​​ចំនួន ២ ០០៩ ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ ៨​នាក់

២. Yumi Katsura White Gold Dress តម្លៃ ៨,៥​លាន​ដុល្លារ

​រ៉ូប​នេះ​បង្កើត​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​ជប៉ុន Yumi Katsura ​ច្នៃ​ជាមួយ​​សន្លឹក​មាស​ស ​សូត្រ​គុណភាព​ល្អ​បំផុត និង​សូត្រ​ម៉ូដ​សាតាំង។ ក្រៅ​ពី​នេះ ​មាន​គជ់​ខ្យង​ចំនួន ១ ០០០ ​ពេជ្រ​ស ៥​ការាត់ និង​ពេជ្រ​បៃតង ៨,៨​ការាត់។

១. The Diamond Wedding Gown ​តម្លៃ ១២​លាន​ដុល្លារ

​វា​ជាប់​ជា​រ៉ូប​​អាពាហ៍ពិពាហ៍​ថ្លៃ​បំផុត​ក្នុង​លោក​បច្ចុប្បន្ន ដែល​​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៦​ ដោយ​ប្រើ​សាច់​ក្រណាត់​ល្អ​ផុត​លេខ និង​ពេជ្រ ១៥០​ការាត់។ រ៉ូប​នេះ​បាន​ដាក់​តាំង​បង្ហាញ​​នៅ​សណ្ឋាគារ Ritz-Carlton Marina del Ray សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០០៦៕

ប្រភព៖ financesonline ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម