ការ​ពិត​ខ្ញុំ​មិន​ស្មើ​នឹង​សង្សារ​ចាស់​របស់​គេ​ផង

  • 2017-07-18 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​គឺ​ជា​មនុស្ស​ស្រី ក៏​មាន​ចិត្ត និង​អារម្មណ៍។ នៅ​ពេល​មនុស្ស​ដែល​យើង​ស្រលាញ់​តែង​តែ​រំលឹក​ដល់​សង្សារ​ចាស់ មាន​ន័យ​ថា​ស្នេហា​គេ​ចំពោះ​ខ្ញុំ​គឺ​ធំ​មិន​គ្រប់គ្រាន់​នោះឡើយ ហើយ​ក៏​ដល់​ពេល​ខ្ញុំ​ត្រូវ​បោះបង់​ចោល​ដែរ។ ការ​ពិត​ទៅ ខ្ញុំ​មិន​ស្មើ​នឹង​អ្នក​ចាស់​របស់​គេ​ផង។

ក្រោយ​មិន​ទាក់ទង​គ្នា​មួយ​រយៈ​ពេល​ខ្លី ទើប​ខ្ញុំ​ដឹង​ថា​​ខ្ញុំ​ដូច​ជា​អ្នក​ជំនួស។ ខ្ញុំ​ហាក់​ដូច​ជា​ស្រមោល​របស់​ស្រី​ម្នាក់​នោះ។ នៅ​ក្នុង​កែវភ្នែក​របស់​អ្នក​គ្រប់​គ្នា ខ្ញុំ​គឺ​ជា​សង្សារ​របស់​គាត់។ ពួក​គេ​ក៏​គិត​ថា​ខ្ញុំ​ពិត​ជា​មាន​សុភមង្គល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​មាន​មិត្ត​ប្រុស​ចេះ​យក​ចិត្ត​ទុក​ដាក់ និង​បារម្ភ​ពី​ខ្ញុំ។ តែ​គ្មាន​អ្នក​ណា​ដឹង​ទេ​ថា ក្នុង​យៈ​ពេល​ស្រលាញ់​គ្នា​ប៉ុន្មាន​ខែ​នេះ ខ្ញុំ​មិន​ស្មើ​នឹង​សង្សារ​ចាស់​គេ​ផង។

ខ្ញុំ​នៅ​ចាំ​ថ្ងៃ​ដំបូង​ដែល​យើង​ទើប​ស្រលាញ់​គ្នា​ថា ពួក​ខ្ញុំ​នាំ​គ្នា​ទៅ​ញ៉ាំ​អី កន្លែង​ដែល​ខ្ញុំ​គិត​ថា​បង​​មិន​ធ្លាប់​នាំ​អ្នក​ណា​ទៅ។ បន្ទាប់​មក​យើង​នាំ​គ្នា​ទៅ​មើល​កុន បង​ជ្រើស​រើស​ទឹក​ផឹក​ឲ្យ​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ហាក់​ដូច​ជា​នារី​ដែល​មាន​សុភមង្គល​បំផុត។ បន្ទាប់​មក​ខ្ញុំ​មាន​អារម្មណ៍​ដូច​ធ្លាក់​ក្នុង​រណ្ដៅ​ងងឹត​នៅ​ពេល​ដឹង​ថា រាល់​អ្វី​ដែល​បង​កម្ម៉ង់​ឲ្យ​ខ្ញុំ​គឺ​សុទ្ធ​តែ​របស់​សង្សារ​ចាស់​បង​ចូលចិត្ត​ញ៉ាំ​ទាំង​អស់។

ហើយ​អ្វី​គ្រប់យ៉ាង​ក៏​ចាប់​ផ្ដើម​ពី​ពេល​នោះ។ អ្វី​ក៏​បង​យក​ខ្ញុំ​មក​ប្រៀបធៀប​នឹង​សង្សារ​ចាស់។ ប៉ុន្មាន​ថ្ងៃ​មុន​គឺ​ខួប​កំណើត​របស់​សង្សារ​ចាស់​គាត់។ ខ្ញុំ​ឃើញ​គាត់​ទិញ​ផ្កា ខ្ញុំ​សួរ​ថា​ជូន​អ្នក​ណា។ គាត់​បាន​ត្រឹម​ឆ្លើយ​កំបុត "មិត្តភ័ក្ដិ"។ ខ្ញុំ​ចាប់​ផ្ដើម​បារម្ភ បើ​សិន​ជា​មនុស្ស​ប្រុស​ប្រាកដ​ជា​មិន​ជូន​ផ្កា​ទេ។ ហើយ​ហេតុ​អី​បាន​ធ្វើ​ខ្លួន​ស្អាត​យ៉ាង​នេះ?

ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជិះ​តាម​គាត់ ហើយ​ទ្រូង​ស្ទើ​តែ​ប្រេះ​នៅ​ពេល​អ្វី​ដែល​ខ្ញុំ​គិត​ក្លាយ​ជា​ការ​ពិត។ ផ្កា​នោះ​គឺ​សម្រាប់​សង្សារ​ចាស់​គាត់។ អ្នក​ទាំង​២​អោប​គ្នា។ នេះ​ហើយ​អ្វី​ដែល​គាត់​ហៅ​ថា​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ។

ក្រោយ​យប់​នោះ​ទើប​ខ្ញុំ​យល់​ថា ខ្ញុំ​មាន​ត្រឹម​តែ​ឈ្មោះ​ជា​សង្សារ តែ​អ្នក​ដែល​គេ​ស្រលាញ់​ពិត​ប្រាកដ​គឺ​អ្នក​ចាស់​ទៅ​វិញ​ទេ។ ទោះ​បែក​យូរ​ហើយ​ក៏​ដោយ តែ​គេ​នៅ​តែ​អាល័យ​នាង​ដូច​ថ្ងៃ​ដំបូង។ ហើយ​ក៏​ដល់​ពេល​ហើយ​ដែរ​ដែល​ខ្ញុំ​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ចំពោះ​មនោសញ្ចតនា​នេះ៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម