៧យ៉ាង អ្នកអត់គូអាចធ្វើបានដើម្បីរកសេចក្ដីសុខឲ្យខ្លួនឯង
- 2017-07-13 05:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧យ៉ាង អ្នកអត់គូអាចធ្វើបានដើម្បីរកសេចក្ដីសុខឲ្យខ្លួនឯង
នៅលីវមានអីមិនល្អ? ឬមានអារម្មណ៍ឯកោ? ថ្ងៃនេះយើងនឹងនាំប្រិយមិត្តទាំងអស់គ្នាមកតាមដានពីសកម្មភាពកម្សាន្តចំនួន ៧ដែលអ្នកនៅលីវ មិនទាន់មានគូ អាចធ្វើបានម្នាក់ៗឯងដើម្បីទទួលបានអារម្មណ៍ល្អៗ និងមានក្ដីសុខ សប្បាយរីករាយនឹងជីវិតខ្លួន។ ចង់ដឹងថាមានសកម្មភាពអ្វីខ្លះនោះ តោះទៅមើលទាំងអស់គ្នា៖
១. ទៅមើលកុន
នៅពេលទៅមើលកុន ភាគច្រើនបើទៅជាមួយមិត្តភ័ក្ដិ យើងប្រហែលនឹងមើលភាពយន្តរន្ធត់ ឬកំប្លែង បើទៅជាមួយសង្សារ សង្សារនឹងនាំយើងទៅមើលរឿងស្នេហារ៉ូមេនទិក តែបើទៅម្នាក់ឯង រឿងដែលធ្វើឲ្យយើងមើលហើយសប្បាយចិត្តបានគឺភាពយន្តបែបរន្ធត់ និងបែបកម្សត់ៗ ព្រោះនៅពេលដែលភ័យខ្លាច យើងអាចស្រែកឮចេញមកបាន ដោយមិនបាច់ខ្លាចខ្មាសមិត្ត ឬសង្សារ ឬបើចង់យំពេលមើលរឿងកម្សត់ក៏អាចយំបានតាមចិត្ត។
២. ទៅដើរលេងនៅកន្លែងដែលចង់ទៅ
ការទៅដើរលេងនៅទីកន្លែងដែលយើងចង់ទៅធ្វើឲ្យយើងបានចេញពីផ្ទះ ទៅជួបនឹងលោកខាងក្រៅ និងជួបមិត្តភ័ក្ដិថ្មីៗ ព្រោះបើចាំទៅជាមួយមិត្តភ័ក្ដិ ឬសង្សារក៏ត្រូវចាំទម្រាំម្នាក់ៗទំនេរ ដូច្នេះហើយមានតែទៅម្នាក់ឯងនេះហើយទើបរហ័សទាន់ចិត្ត ហើយមានឱកាសបានស្គាល់មនុស្សថ្មីៗផង។
៣. Shopping
ការទៅដើរទិញអីវ៉ាន់ម្នាក់ឯងគឺជាសុភមង្គលមួយសម្រាប់មនុស្សស្រី ព្រោះនឹងមិនមាននរណាម្នាក់ចាំបង្អាប់ បង្អាក់ចិត្តអ្នកឡើយ និងអាចដើរមើលអីវ៉ាន់ដែលខ្លួនចង់មើល ចង់ទិញបានតាមចិត្ត។
៤. ច្រៀងខារ៉ាអូខេ
ការទៅច្រៀងខារ៉ាអូខេ នឹងធ្វើឲ្យយើងបានបញ្ចេញអារម្មណ៍ចេញមកតាមរយៈបទចម្រៀងដែលយើងច្រៀង។ ការទៅម្នាក់ឯងអាចធ្វើឲ្យយើងច្រៀងបានគ្រប់បទដែលចង់ច្រៀងដោយមិនខ្មាសអៀន ឬគ្មានអ្នកណាមកដណ្ដើមក្បាលមេក្រូ ព្រោះបើទៅជាមួយមិត្តភ័ក្ដិភាគច្រើនបានត្រឹមតែអង្គុយស្ដាប់ប៉ុណ្ណោះ។
៥. ធ្វើម្ហូបប្លែកៗ
ការធ្វើម្ហូបពិបាកៗ ក្រៅពីបានញ៉ាំបំបាត់ឃ្លានហើយ ក៏អាចឲ្យយើងហ្វឹកហាត់ជំនាញធ្វើម្ហូប ហើយអ្នកនឹងមានអារម្មណ៍សប្បាយ និងពេញចិត្តនឹងខ្លួនឯងបើអ្នកធ្វើវាបានឆ្ងាញ់ តែបើសិនមិនឆ្ងាញ់ក៏មិនចាំបាច់ត្រូវខ្មាសអ្នកណា។
៦. ទៅមើលការប្រគំតន្ត្រី
ការទៅមើល Concert ម្នាក់ឯងក៏ចាត់ទុកថាជារឿងដ៏សប្បាយរីករាយមួយដែឬ ព្រោះយូរៗទើបមានការប្រគំតន្ត្រីធំៗ ឬការប្រគំតន្ត្រីរបស់អាយដលយើងម្ដង ហើយបើបានអង្គុយជួរមុខគឺរឹតតែសប្បាយ ព្រោះយើងអាចសប្បាយនឹងការប្រគំតន្ត្រីយ៉ាងអស់ដៃដោយមិនចាំបាច់ខ្វល់ខ្វាយ ខ្មាសអៀននឹងអ្នកណាឡើយ។
៧. ទៅកន្លែងណាមួយដែលមិនធ្លាប់ទៅ
ការដែលយើងបានធ្វើដំណើរ ឬទៅដើរលេងនៅទីកន្លែងផ្សេងៗដែលយើងមិនធ្លាប់ទៅ នឹងអាចឲ្យយើងបានជួបអ្វីដែលថ្មីប្លែកជាច្រើន ដែលអាចឲ្យអ្នកបានស្គាល់ពិភពលោកកាន់តែច្បាស់។
គិតៗទៅជីវិតនៅលីវក៏មិនអ្វីខុសពីជីវិតមានគូឡើយ ពេលខ្លះអាចល្អជាងមានគូទៀតផង ព្រោះថាវាធ្វើឲ្យយើងបានពិសោធន៍ខ្លួនឯងថាយើងអាចនៅម្នាក់ឯងបាន យើងមានភាពរឹងមាំគ្រប់គ្រាន់ ដោយមិនត្រូវការអ្នកចាំមើលថែ ទោះបីពេលខ្លះឯកោ ប៉ុន្តែអ្នកនៅលីវទាំងឡាយអាចកែប្រែភាពឯកោបានដោយការចេញទៅរកមិត្តភ័ក្ដិខ្លះ ទៅដើរលេងខ្លះ និងធ្វើអ្វីផ្សេងៗ នោះក៏អាចធ្វើឲ្យជីវិតនៅលីវរបស់យើងមានភាពស្រស់ថ្លាហើយ ៕